ក្រុមហ៊ុន Evergrande

ធនាគារនៅចិន កំពុងប្រឈមនឹងការខាតបង់ធំ ជុំវិញវិបត្តិបំណុលទំហំ ៣០០ពាន់លានដុល្លាររបស់ក្រុមហ៊ុន Evergrande


ជាមួយបំណុលជាង ៣០៥ពាន់លានដុល្លារអាមេរិក តើអ្នកណានឹងទទួលប្រាក់សំណងមុនគេ ប្រសិនជាក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិន ខកខានមិនអាចទូទាត់សងបំណុលទាំងអស់បាន? នេះជាសំណួររបស់មហាជនក្នុងទីក្រុងប៉េកាំង និង ហុងកុងបានលើកឡើង នៅពេលដែលក្រុមហ៊ុនអចលនទ្រព្យយក្សចិនមួយនេះ ឈរក្បែរបន្ទាត់នៃការក្ស័យធនទៅហើយនោះ ខណៈធនាគារចិន ក៏នឹងទទួលយកការខាតបង់ដ៏ច្រើនសន្ធឹកសន្ធាប់នេះដែរ ប៉ុន្ដែពុំទាន់ច្បាស់ថា បញ្ហានេះធំប៉ុនណានោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានជប៉ុន Nikkei។
ក្រុមហ៊ុនអចលនទ្រព្យអេវឺហ្គ្រាន (Evergrande) ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២នៅប្រទេសចិន
ដោយ

លោក Wei He សេដ្ឋវិទូ​ចិន មក​ពី​ស្ថាប័ន​ស្រាវជ្រាវ Gavekal Dragonomics បាន​លើក​ឡើង​ថា វា​មិន​ពិបាក​ក្នុង​ការ​គូរ​គ្រោង​រក​ដំណោះស្រាយ​នោះ​ទេ ដោយ​អាទិភាព​គោលនយោបាយ​ដំបូង​គេ គឺ​ការពារ​ដល់ អ្នកទិញ​ផ្ទះ ដែល​បាន​បង់ប្រាក់​គ្រប់​ចំនួន​ទៅ​កាន់ ក្រុមហ៊ុន Evergrande ប៉ុន្ដែ មិន​ទាន់​បាន​ទទួល​ផ្ទះ​របស់​ពួក​គេ​។ ទោះ​យ៉ាងណា ប្រសិនបើ ម្ចាស់​អចលនទ្រព្យ និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទទួល​បានការ​ការពារ​ដូច​គ្នា ពិត​ណាស់​ស្ថាប័នហិរញ្ញវត្ថុ គឺជា​អ្នក​ទទួលយក​ការ​ខាតបង់​នេះ​។

បច្ចុប្បន្ន ក្រុមហ៊ុន Evergrande មាន​គម្រោង​ចំនួន ៨០០​គម្រោង​នៅ​ក្នុង​ប្រទេស​ចិន ដែល​ភាគច្រើន​នៃ​អា​ផាត​មិន គឺ​ទទួល​បានការ​បង់ប្រាក់​ពេញ​ថ្លៃ​រួច​ទៅ​ហើយ​។ ក៏​ប៉ុន្តែ​សឹងតែ​ពាក់កណ្តាល​នៃ​គម្រោង​ទាំង​អស់នេះ គឺ​ជាប់​គាំង​ដោយសារ​តែ មិន​បាន​បង់ប្រាក់​ទៅ​ឲ្យ​អ្នកម៉ៅការ​សាងសង់​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន Evergrande បាន​ធ្លាក់​ចុះ ៨៥% ក្នុង​ឆ្នាំ ២០២១​នេះ ហើយ​មូល​ប​ត្រ​បំណុល​វិញ កំពុង​ត្រូវ​បាន​គេ​ជួញដូរ​ក្នុង​តម្លៃ ២៥​សេន​ដុល្លារ​តែ​ប៉ុណ្ណោះ​។

វា​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ នៅ​ពេល​ដែល​ក្រុមហ៊ុន​ប្រកាស​អំពី ការ​ទូទាត់​សងការ​ប្រាក់​មូល​ប​ត្រ​បំណុល​ឲ្យ​ទាន់​ពេលវេលា ក្នុង​ស​ប្តា​ហ៍​នេះ ប៉ុន្ដែ​វា​គ្រាន់តែ​ជា ទឹកប្រាក់​មួយ​ផ្នែក​ទំហំ ៨៥០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ដល់​វេលា​ត្រូវ​សង​ក្នុងឆ្នាំនេះ ប៉ុណ្ណោះ ខណៈ​បំណុល​សរុប​របស់​ក្រុមហ៊ុន​មាន​ដល់​ទៅ​ជាង ៣០០​ពាន់​លាន​ដុល្លារ​ឯណោះ​។

លោក Xu Jiayin ស្ថាបនិក និង ជា​ប្រធាន​ក្រុមហ៊ុន Evergrande ក៏​បាន​ផ្ញើ​លិខិត​ទៅ​កាន់​បុគ្គលិក​របស់​ខ្លួន​ថា ក្រុមហ៊ុន​មាន​ទំនុកចិត្ត ក្នុង​ការ​បំពេញ​ទៅ​តាម​ទំនួល​ខុស​ត្រូវ​ទៅ​កាន់ អតិថិជន វិនិយោគិន និង​ម្ចាស់បំណុល ហើយ​ក្រុមហ៊ុន​នឹង​ចាក​ចេញពី​ស្ថានការណ៍​ដ៏​ខ្មៅ​ងងឹត​នេះ និង​ចាប់ផ្តើម​បើក​ដំណើរការ​ពេញលេញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​។

បើ​តាម​ប្រភព​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​បញ្ជាក់​ថា ធនាគារ​ចិន Minsheng ដែល​ជា​អ្នក​ផ្តល់​កម្ចី​ច្រើន​ជាងគេ​បំផុត​ទៅ​ឱ្យ​ក្រុមហ៊ុន Evergrande បាន​ត្រៀម​ថវិកាបម្រុង​រួច​ជា​ស្រេច ដើម្បី​ទុក​ដោះស្រាយ​បញ្ហា​ខាតបង់​ដែល​អាច​កើត​មាន​ឡើង​។

បើ​តាម​សារលិខិត​បែកធ្លាយ​មួយ ដែល​ក្រុមហ៊ុន Evergrande ផ្ញើ​ទៅ​កាន់​រដ្ឋាភិបាល​ចិន កាលពី​ឆ្នាំ ២០២០ ដែល​ត្រូវ​បាន​ផ្សាយ​ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei បាន​បញ្ជាក់​ថា ក្រុមហ៊ុន​មួយ​នេះ បាន​ជាប់បំណុល​ធនាគារ ១២៨​កន្លែង និង ១២១​ស្ថាប័ន​មិនមែន​ធនាគារ​ទៀត​។ យ៉ាងណា​ក៏​ដោយ ពុំ​មាន​ធនាគារ​ណាមួយ បង្ហាញ​ទិន្នន័យ​បំណុល​របស់​ក្រុមហ៊ុន​នេះ​ជា​សាធារណៈ​ឡើយ​។

បែប​នេះ​ក្ដី អាជ្ញាធរ​ចិន បាន​ត្រឹមតែ​កោះហៅ ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រុមហ៊ុន និង​បង្គាប់​ឲ្យ​ពួក​គេ​ដោះស្រាយ​បំណុល​ឲ្យ​បាន​ឆាប់​ៗ ហើយ​ភាគី​ក្រុមហ៊ុន ពុំ​បាន​បង្ហាញ​ផែនការ​សង្គ្រោះ ឬ​ដំណោះស្រាយ​នោះ​ឡើយ​។

បើ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Reuters ក៏​បាន​លើក​ឡើង​ដែរ​ថា ធនាគារ​ធំ​ៗ ដែល​ជា​អ្នក​ផ្តល់​កម្ចី​ដល់ ក្រុមហ៊ុន Evergrande ក៏​បាន​រៀបចំ​ការ​ពន្យារពេល​សងបំណុល​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​នេះ​ដែរ​។

បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ស្ថាប័ន​ស្រាវជ្រាវ Citigroup បាន​បង្ហាញ​ថា សមតុល្យ​ប្រាក់​កម្ចី និង​មូល​ប​ត្រ​បំណុល​របស់​ក្រុមហ៊ុន Evergrande គឺ​ស្មើនឹង​ប្រមាណ ០,៣% នៃ​ទ្រព្យសម្បត្តិ​ក្នុង​ប្រព័ន្ធ​ធនាគារ ក៏​ប៉ុន្តែ​ការ​ខកខាន​មិន​សងបំណុល នឹង​ប៉ះពាល់​ដល់ ការ​ប្រើប្រាស់​ឥណទាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដទៃ​ទៀត ពោល​គឺ ប៉ះពាល់​ប្រព័ន្ធ​ធនាគារ​។

ទន្ទឹម​គ្នា​នេះ ទ្រព្យសម្បត្តិ​ជាង ៤០% នៅ​ក្នុង​ធនាគារ​ចិន គឺ​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ និង​ប្រយោល​ជាមួយ​វិស័យ​អចលនទ្រព្យ ដូច្នេះ​ការ​ធ្លាក់​ចុះ​នូវ​តម្លៃ​អចលនទ្រព្យ ក៏​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ធនាគារ​ចិន រង្គោះរង្គើ​ផង​ដែរ​។

ទាក់ទង​នឹង​ប្រធានបទ​នេះ​ដែរ នា​ឱកាស​មហាសន្និបាត​អង្គការសហប្រជាជាតិ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង ពុំ​បាន​លើក​ឡើង​អំពី​បញ្ហា​ក្រុមហ៊ុន​អចលនទ្រព្យ​នេះ​ទាល់តែ​សោះ ទោះបីជា​វា​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ភាគហ៊ុន​សកល​ក៏​ដោយ​។

សូម​បញ្ជាក់​ដែរ​ថា ការិយាល័យ​ស្ថិតិ​ជាតិចិន បាន​បង្ហាញ​ថា គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ ២០២១​នេះ វិស័យ​អចលនទ្រព្យ​របស់​ចិន មាន​ស្មើនឹង ៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន សបញ្ជាក់​អំពី តួនាទី​ដ៏​សំខាន់​នៃ​វិស័យ​អចលនទ្រព្យ​ក្នុង​សេដ្ឋកិច្ច​ប្រទេស​នេះ ដូច្នេះ​ហើយ​បញ្ហា​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ខ្នាត​យក្ស Evergrande ក៏​ទំនងជា​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ចិន​ផង​ដែរ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

None



អត្ថបទបន្ទាប់


តើប្រទេសណាខ្លះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ីព្យាករទម្លាក់កំណើនសេដ្ឋកិច្ច?

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបង្ហាញរបាយការណ៍នៅថ្ងៃពុធសប្តាហ៍នេះ ថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពីជំងឺរាតត្បាត…

លោកប្រាយុត ចាន់អូចារ បញ្ជាឲ្យពន្លឿនការចាក់វ៉ាក់សាំង និងដាក់ចេញវិធានការជំរុញសេដ្ឋកិច្ចបន្ថែម

ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសថៃ នៅតែបន្ដមានខ្ពស់ក្នុងអត្រាជាង១ម៉ឺននាក់ជារៀងរាល់ថ្ងៃ បើទោះបីជា ការចាក់វ៉ាក់សាំងក្នុងប្រទេសនេះកំពុងធ្វើឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ