ប្រសិនបើស្ថាប័នសុខភាពថ្មីមួយនេះបានកើតឡើង វានឹងជួយឱ្យមានការផ្តល់មូលនិធិសង្គ្រោះបន្ទាន់ និងជួយសម្របសម្រួលការត្រួតពិនិត្យ ការទិញឧបករណ៍វេជ្ជសាស្ត្រ ឬការព្យាបាលផ្សេងៗនៅសហភាពអឺរ៉ុប។ ជាពិសេសស្ថាប័ននេះ នឹងជួយបំពេញបន្ថែមដល់ទីភ្នាក់ងារសុខភាពអឺរ៉ុបផ្សេងទៀត ដូចជា ទីភ្នាក់ងារឱសថអឺរ៉ុប ព្រមទាំងមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអឺរ៉ុបផងដែរ។
មួយវិញទៀត ការរៀបចំនេះឡើង ជាផ្នែកមួយដើម្បីចៀសវាងការកើតឡើងជាថ្មីម្ដងទៀតនៃវិធានការផ្សេងៗ ដែលអឺរ៉ុបបានជួបក្នុងវិបត្តិកូវីដ ១៩ ដោយបណ្តាប្រទេសសហភាពអឺរ៉ុបខ្លះ មិនមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង។
ដូចនេះហើយបានជា អនុប្រធានគណៈកម្មការអឺរ៉ុប លោក ម៉ាហ្គារីទីស ឈីនណាស (Margaritis Schinas) និយាយថា ទីភ្នាក់ងារទាំងពីរ មានតួនាទីសំខាន់ក្នុងការដើរតួនាទី ក្នុងការឆ្លើយតប និងសម្របសម្រួលជាមួយនឹងជំងឺរាតត្បាត ដែលបាននិងកំពុងវាយលុកមកលើអឺរ៉ុប។
ទន្ទឹមនេះ វាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ហាញសមត្ថភាពរបស់សហភាពអឺរ៉ុបក្នុងការឆ្លើយតបទៅនឹងគ្រាអាសន្ន ឬវិបត្តិសុខភាពនាថ្ងៃអនាគត។ គួរដឹងថា ថវិកាក្នុងការសាងសង់ស្ថាប័ននេះអាចឈានដល់ ៥៨ពាន់លានដុល្លារ បន្ទាប់ពីការវិនិយោគបន្ថែមពីសមាជិកទាំង ២៧ ប្រទេសរបស់សហភាពអឺរ៉ុប។
សូមជម្រាបថាស្ថាប័ន HERA ជារចនាសម្ព័ន្ធសន្តិសុខសុខភាពតែមួយគត់ និងជានិមិត្តរូបនៃការផ្លាស់ប្តូរផ្នត់គំនិតលើគោលនយោបាយសុខភាព។ តួយ៉ាង ប្រទេសជាសមាជិកអឺរ៉ុបកំពុងខិតខំប្រឹងប្រែងរួមគ្នា ឱ្យកាន់តែរឹងមាំ និងអាចធ្វើឱ្យមានល្អប្រសើរ ចំពោះសន្តិសុខ សុខភាពរបស់ប្រជាពលរដ្ឋទាំងមូល ៕
អត្ថបទ៖ ស៊ើង និមល់