បើទោះបីជា តម្លៃមាសឡើងថ្លៃក្ដី ប៉ុន្ដែ ក្រុមអាជីវករលក់មាសបាននាំគ្នារអ៊ូរទាំថា អាជីវកម្មទិញ-លក់មាសរបស់ពួកគេបច្ចុប្បន្នហាក់មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្រោយតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងមានកំណើនខ្ពស់នៅមួយរយៈចុងក្រោយនេះ។
លោកស្រី គង់ ពិសី ម្ចាស់ហាងមាសពេជ្រ ហេង ហេង នៅខាងត្បូងផ្សារថ្មីរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ខេមបូណូមីសថា តម្លៃមាសនៅកម្ពុជាបានហក់ឡើងថ្លៃយ៉ាងគំហុកនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺបន្ទាប់ពីរុស្ស៊ីបានប្រកាសបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែន។ លោកស្រីកត់សម្គាល់ឃើញថា តម្លៃមាសបានហក់ឡើងរហូតដល់២ពាន់៤រយដុល្លារអាមេរិកក្នុង១តម្លឹងនៅមួយថ្ងៃបន្ទាប់ពីរុស្សីប្រកាសធ្វើប្រតិបត្តិការយោធាលើប្រទេសអ៊ុយក្រែន។ ប៉ុន្តែ នៅថ្ងៃទី ០១ខែមីនានេះ តម្លៃមាសនៅហាងរបស់ លោកស្រី បានធ្លាក់មកនៅត្រឹម២ពាន់៣រយដុល្លារអាមរិកវិញហើយក្នុង១តម្លឹង ខណៈមុនមានវិបត្តិសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង មាស១តម្លឹងលក់ចេញតែ១ពាន់៨រយដុល្លារអាមេរិកតែប៉ុណ្ណោះ។
លោកស្រី គង់ ពិសី បានគូសបញ្ជាក់ពីស្ថានភាពនៃការលក់មាសថា ចរន្តទិញលក់មាសនៅហាងរបស់លោកស្រីមានការធ្លាក់ចុះក្នុងរង្វង់៥០% នៅមួយរយៈចុងក្រោយនេះ ពោលគឺបន្ទាប់ពីចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបានកើនឡើងដល់តួលេខបីខ្ទង់នៅប៉ុន្មានសប្ដាហ៍មកនេះ។ តែយ៉ាងណាលោកស្រីរំពឹងថា អ្វីៗនឹងអាចវិលមករកភាពល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។
ជាមួយគ្នានេះ ម្ចាស់ហាងមាសពេជ្រ ទីមង្គល និងម្ចាស់ហាងមាសពេជ្រនាគមាសក៏បានកត់សម្គាល់ឃើញពីការកើនឡើងនៃតម្លៃហាងឆេងមាសនៅកម្ពុជានៅមួយរយៈចុងក្រោយនេះផងដែរ។ ម្ចាស់ហាងមាសពេជ្រទាំងពីររូបនេះ អះអាងថា តម្លៃហាងឆេងមាស ដែលបានលក់ចេញនៅលើទីផ្សារកម្ពុជាបានហក់ឡើងថ្លៃពីតម្លៃជាង១ពាន់ដុល្លារក្នុង១តម្លឹង ដល់ជាង២ពាន់ដុល្លារក្នុង១តម្លឹង បន្ទាប់ពីមានការផ្ទុះសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។
វិបត្តិនៅអ៊ុយក្រែនបានជំរុញឲ្យតម្លៃមាសកាលពីសប្ដាហ៍មុននេះ បានកើនឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ តម្លៃមាសសម្រាប់ទីផ្សារញ៉ូយក សហរដ្ឋអាមេរិកបានកើនឡើងដល់ជិត២ពាន់ដុល្លារអាមេរិកក្នុងមួយឱន ដោយមួយអោនស្មើនឹងជាង៨ជីមាស។ អ្នកជំនាញ បានព្យាករថាតម្លៃមាស អាចនឹងកើនឡើងដល់ជាង២ពាន់លានដុល្លារក្នុងមួយអោន បើភាពតានតឹងនៃវិបត្តិសង្គ្រាមនៅអ៊ុយក្រែននៅតែបន្តនិងរីករាលដាលកាន់តែធំ។ ក្រៅពីមាស វិបត្តិដែលបានអូសបន្លាយជិត១សប្តាហ៍នេះ ក៏បានជំរុញឲ្យតម្លៃឧស្ម័ន និងប្រេងឆៅសកលមានការកើនឡើងយ៉ាងគំហុកផងដែរ៕