នៅក្នុងដំណាក់កាលនេះប្រាក់ចំណូលរបស់ពលរដ្ឋទិញផ្ទះបង់រំលស់ជួបបញ្ហា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយក្នុងពេលនេះដែរម្ចាស់បុរីមិនត្រូវផ្តាច់កុងត្រា ឬ ក៏រឹបអូសផ្ទះ និង ដីធ្លី ពីប្រជាពលរដ្ឋនៅពេលនេះឡើយ។
ជាមួយគ្នានេះសម្តេចតជោ បានអំពាវនាវចំពោះវិស័យឯកជន ដោយឲ្យស្ថាប័នធនាគារត្រូវតែបន្តធ្វើការងាររបស់ខ្លួនបន្តទៀត និងបង្ហាញពីការយោគយល់ក្នុងកាលៈទេសៈដ៏លំបាកនេះដូចជាពន្យាការសងប្រាក់ ពន្យាការសងអត្រាការប្រាក់ និង មិនឲ្យមានការផាកពិន័យ និង មិនគប្បីមានការរឹបអូសទ្រព្យសម្បត្តិនៅក្នុងពេលដែលមានវិបត្តិនេះឡើយ ក៏ប៉ុន្តែ ត្រូវមើលផងដែរថាតើពលរដ្ឋនោះពិតជារងផលប៉ះពាល់ដោយសារតែមេរោគ កូវីដ ១៩ដែរឬយ៉ាងណា?
ឆ្លើយតប ទៅនឹងសំណួរ ក្រុមអ្នកសារព័ត៌មាន សម្តេចតេជោបញ្ជាក់ថានៅក្នុងពិភពលោកនេះមិនមានប្រទេសណាមួយដែលថាមិនរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ នោះទេ គ្រាន់តែទំហំនៃផលប៉ះពាល់ក្នុងកម្រិតណានោះ គឺយើងមិនអាចសន្និដ្ឋាន និង វាយតម្លៃបានឡើយទេ ខណៈវីរុសកូវីដ១៩ នៅមិនទាន់អាចកំណត់បាន ប៉ុន្តែយ៉ាងណាផលប៉ះពាល់វាកំពុងកើតមានហើយ។
សម្តេចតេជោបានបញ្ជាក់ទៀតថា កំណើនសេដ្ឋកិច្ចពិភពលោកគ្រប់ប្រទេសទាំងអស់សុទ្ធតែមានការធ្លាក់ចុះដូចៗគ្នា ជាពិសេសវិស័យឧស្សាហកម្ម និង សេវាកម្ម ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ប៉ុន្តែវិស័យកសិកម្ម និងវិស័យអនឡាញចាប់ផ្តើមទទួលផលជំនួសវិញ។
សម្តេចបន្តថា វិស័យឧស្សាហកម្មម្ហូបអាហារ និង ផ្នែកវិជ្ជសាស្ត្រអាចនឹងមានកាលានុវត្តភាពវិញ ខណៈឧស្សាហកម្មផលិតរថយន្ត ឧស្សាហកម្មផលិតយន្តហោះ និងឧស្សាហកម្មមួយចំនួនផ្សេងទៀតអាចនឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ។
ការប្រកាន់យកនូវវិធានការណាមួយសម្រាប់កម្ពុជា វាក៏ត្រូវចំណុះឲ្យកត្តាខាងក្រៅដែរ ដែលបច្ចុប្បន្នទីផ្សារអាមេរិក និង អឺរ៉ុបកំពុងរងផលប៉ះពាល់ខ្លាំង ដែលនោះវានឹងអាចបង្កើតជាបញ្ហាមិនមែនគ្រាន់តែកម្ពុជានោះទេ គឺគ្រប់ប្រទេសទាំងអស់ ដែលនាំចេញទំនិញទៅទីផ្សារទាំងអស់នោះនឹងជួបការលំបាកចាប់ពីពេលនេះតទៅហើយ។ នេះជាការបញ្ជាក់របស់សម្តេចតេជោសែន។
សម្តេចបញ្ជាក់បន្ថែម ថា ប្រសិនបើសភាពការណ៍ត្រឡប់មកប្រក្រតីវិញ សម្រាប់កម្ពុជាបានត្រៀមបម្រុងរួចជាស្រេចទៅលើវិធានការដើម្បីដាក់ឲ្យដំណើរការឡើងវិញ នូវបណ្តារោងចក្រសហគ្រាសដែលទទួលរងផលប៉ះពាល់ខ្លាំង ប៉ុន្តែក៏មានផ្នែកមួយចំនួនកម្ពុជាចង់បង្វែការផលិតសម្រាប់ផ្គត់ផ្គង់ជំនួសឲ្យការនាំចូលផងដែរ៕