បើទោះបីជា មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង មិនទាន់ត្រូវបានរកឃើញនៅក្នុងប្រទេសថៃក៏ដោយ ប៉ុន្ដែ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងថាមពល បានឱ្យដឹងថា គណៈរដ្ឋមន្ត្រី បានណែនាំភ្នាក់ងារពាក់ព័ន្ធត្រូវតាមដានស្ថានការណ៍ឲ្យបានដិតដល់ ខណៈដែលក្រសួងសុខាភិបាលថៃនឹងវាយតម្លៃការបើកប្រទេសឡើងវិញក្នុងរយៈពេលពីរសប្តាហ៍ទៀត។
ទន្ទឹមនេះ លោក សាធីត ភីធូធេឆា (Sathit Pitutecha) រដ្ឋលេខាធិការក្រសួងសុខាភិបាលថៃ ក៏បានប្រាប់ទៅកាន់សាធារណជនកុំភ័យស្លន់ស្លោ ព្រោះនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យភ្នាក់ងារសន្តិសុខ បង្កើនការឃ្លាំមើលព្រំដែន ចៀសវាងការឆ្លងព្រំដែនខុសច្បាប់ ដើម្បីជួយទប់ស្កាត់ការចម្លងមេរោគ។ ហើយលោកបានសង្កត់ធ្ងន់ថា មន្ត្រីដែលត្រូវបានរកឃើញថា ធ្វេសប្រហែសក្នុងការបំពេញ កាតព្វកិច្ចរបស់ខ្លួននឹងត្រូវប្រឈមនឹងការផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរផងដែរ។
ជាមួយគ្នានេះ ក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីមិនបានពិភាក្សាអំពីការបិទខ្ទប់ប្រទេសជាថ្មីម្ដងទៀតទេ គ្រាន់តែពិចារណាលើវិធានការតឹងរ៉ឹងជាងមុន ខណៈស្ថានភាពក៏នឹងត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ចំពោះទេសចរដែលចូលតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ដើម្បីស្វែងរកមេរោគបំប្លែងថ្មី ។ ប៉ុន្តែ ក្នុងករណីថា ប្រសិនបើមេរោគបំប្លែងថ្មីនេះ ត្រូវបានរកឃើញនៅក្នុងប្រទេសថៃ នោះ ប្រទេសនេះនឹងត្រូវប្រឈមមុខនឹងការបិទខ្ទប់ប្រទេសម្ដងទៀត ដែលវាគឺជាគោលនយោបាយរបស់នាយករដ្ឋមន្ត្រី ហើយនឹងធ្វើការសម្រេចចិត្តលឿនក្នុងនាមជាអគ្គនាយកមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩។
សូមជម្រាបថា ក្រសួងសុខាភិបាលសាធារណៈថៃ កំពុងតាមដានរាល់ប្រភេទមេរោគដែលបំប្លែងថ្មី និងធ្វើតេស្ដយ៉ាងសកម្មលើមនុស្សពី ៤ពាន់ ទៅ ៥ពាន់នាក់ ជារៀងរាល់សប្តាហ៍។ ខណៈគិតមកត្រឹមថ្ងៃទី៣០ វិច្ឆិកា អ្នកឆ្លងថ្មីមានចំនួនជាង ៤ពាន់នាក់ និងអ្នកស្លាប់ថ្មីមានចំនួន ៣៧នាក់ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅថៃមានចំនួនជាង ២លាន ១សែននាក់ ខណៈអ្នកស្លាប់សរុបមានចំនួនប្រមាណ ២ម៉ឺននាក់៕
អត្ថបទ ស៊ើង និមល់