អ្នកជំនាញជឿជាក់ថា ការវិនិយោគលើគម្រោងថ្មីៗនៅកម្ពុជានឹងមិនមានការថយឡើយ បើទោះបីវិបត្តិសង្គ្រាមរុស្ស៊ីវាយចូលឈ្លានពានអ៊ុយក្រែន ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចសកលរួមទាំងកម្ពុជាស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ។ ជាមួយគ្នានេះអ្នកជំនាញនៅតែរំពឹងថា ចិននឹងបន្តក្តោបក្តាប់គម្រោងវិនិយោគបរទេសធំជាងគេក្នុងចំណោមប្រទេស ដែលបានមកបោះទុនវិនិយោគនៅកម្ពុជាឆ្នាំនេះ។
ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាអះអាងថា វិបត្តិកូវីដ-១៩ និងបញ្ហាភូមិសាស្ត្រនយោបាយពិភពលោកមិនបានជះឥទ្ធិពលមកការវិនិយោគនៅកម្ពុជានោះទេ។ ពោលគឺការវិនិយោគលើគម្រោងថ្មីៗនៅកម្ពុជាក្នុងរយៈពេលជិត៣ខែកន្លងមកនេះ បានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យអ្នកជំនាញមានជំនឿចិត្តយ៉ាងមុតមាំថាសេដ្ឋកិច្ចកម្ពុជានឹងបន្តរក្សាកំណើនល្អប្រសើរនៅឆ្នាំនេះ បើទោះបីបច្ចុប្បន្នសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ក៏ដោយ។ ការជឿជាក់បែបនេះ គឺដោយសារ លោកឧកញ៉ា មើលឃើញថា យន្តការលើកលែងការធ្វើចត្តាឡីស័ក និងធ្វើតេស្តរកមេរោគកូវីដ-១៩ សម្រាប់អ្នកដំណើរ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីដែលកម្ពុជាមាន នឹងជួយស្រូបទាញវិនិយោគិនបរទេសកាន់តែច្រើនឡើង។
អនុប្រធានសភាពាណិជ្ជកម្មរូបនេះមើលឃើញថា ក្រុមហ៊ុនដែលបានមកបោះទុនវិនិយោគលើគម្រោងថ្មីៗនៅកម្ពុជាជិត៣ខែកន្លងមកនេះ គឺចម្រុះវិស័យដែលនឹងក្លាយជាជន្ទល់ក្នុងការជួយទ្រទ្រង់សេដ្ឋកិច្ច កម្ពុជានៅពេលបាត់បង់ការលើកលែងពន្ធមួយចំនួននាពេលអនាគត ក្រោយកម្ពុជានឹងមានសេដ្ឋកិច្ចរីកចម្រើនមួយកម្រិតទៀត។ ឧកញ៉ា លឹម ហេង ជឿជាក់ថា វិនិយោគិនចិននឹងនៅតែបន្តឈរកំពូលតារាងវិនិយោគបរទេសច្រើនជាងគេនៅកម្ពុជា បើធៀបនឹងបណ្តាប្រទេសដែលបានបោះទុនវិនិយោគផ្ទាល់នៅកម្ពុជា។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងចំនួន៣៩គម្រោងដែលមានទុនវិនិយោគជាង២ពាន់៣រយ៨៦លានដុល្លារអាមេរិក កើនឡើងជាង២៧០លានដុល្លារបើធៀបនឹងបីខែពេញកាលពីឆ្នាំ២០២១ ដែលបានអនុម័តគម្រោងចំនួន៤០ ជាមួយទុនវិនិយោគប្រមាណ២ពាន់១រយ១៥លានដុល្លារ។ កាលពីឆ្នាំ២០២១ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងសរុបចំនួន១៦១គម្រោង ដោយមានទុនវិនិយោគជិត៤ពាន់លានដុល្លារ និងបានបង្កើតការងារដល់ប្រជាជនជាង១០ម៉ឺនកន្លែង៕