បើតាម ឯកឧត្តម តាកាហាស៊ី ហ្វូម៉ៃគិ ប្រធានសមាគមជប៉ុន-កម្ពុជា នៅអំឡុងខែមេសា ឆ្នាំ២០២២ ខាងមុខ ឯកឧត្តម នឹងដឹកនាំអ្នកវិនិយោគធុនកណ្ដាលជប៉ុន មកកម្ពុជា ក្នុងគោលបំណងសិក្សាពីឱកាសវិយោគនៅកម្ពុជា។ ក្រៅពីបង្ហាញគោលបំណងនៃការវិនិយោគនៅកម្ពុជា ប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រគល់ទីតាំងដីមួយកន្លែង ដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍ កម្ពុជា-ជប៉ុន ហើយនឹងដាក់ឈ្មោះថា សួន PKO សម្រាប់សាធារណៈជនប្រើប្រាស់ផង និងសម្រាប់ជាតំណាងទំនាក់ទំនង កម្ពុជានិងជប៉ុន ផងដែរ។
លើសពីនេះទៅទៀតឯកឧត្តម តាកាហាស៊ី ស្នើសុំសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យលទ្ធភាពការដោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោតផងដែរ ដោយកន្លងមកឧត្តមបានធ្វើការដោះស្រាយបានមួយចំនួនរួចហើយ។
ជាការឆ្លើយតប សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ ចំពោះអ្នកវិនិយោគធុនកណ្ដាល ដែលឯកឧត្តមមានបំណងនាំមកកាន់កម្ពុជា នាពេលខាងមុខ។ បន្ថែមនោះ សម្ដេចតេជោ ក៏បានសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម ក្នុងការរៀបចំឲ្យមានជាសួនសាធារណៈ សម្រាប់អនុស្សាវរីយ៍រវាង កម្ពុជា និងជប៉ុន ហើយសម្ដេចតេជោ ហ៊ុន សែន ក៏បានប្រគល់ភារកិច្ចនេះឱ្យឯកឧត្តម សុខ ចិន្តាសោភា នឹងសាលារាជធានីភ្នំពេញ ដើម្បីធ្វើការងារនេះ ក៏ដូចជា ដោះស្រាយលើបញ្ហាទឹកស្ទឹងព្រែកត្នោត ផងដែរ៕