លោក Jerome Powell ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកណ្តាលអាមេរិក បានគូសបញ្ជាក់នៅក្នុងកិច្ចសម្ភាសន៍មួយថា វាត្រូវការពេលវេលាខ្លះ ដើម្បីស្រោចស្រង់ឲ្យ ស្ថានការណ៍ត្រលប់មកសភាពដើមវិញ ក៏ប៉ុន្តែ គេត្រូវតែធ្វើអ្វី ដែលចាំបាច់ និងធ្វើឲ្យបានច្រើនកាន់តែល្អ។
ធនាគារកណ្តាលអាមេរិក បានកាត់បន្ថយអត្រាការប្រាក់ សឹងតែស្មើសូន្យទៅហើយ និងបានបង្កើតបណ្តាញកម្មវិធី ដើម្បីធានាឲ្យបានថាទីផ្សារហិរញ្ញវត្ថុ នៅនឹងតែបន្តដំណើរការ ក្នុងអំឡុងពេលមានវិបត្តិនេះ តែយ៉ាងណា លោក Jerome Powell មិនបានពិចារណាថា នឹងទម្លាក់អត្រាការប្រាក់ដល់ អវិជ្ជមាននោះទេ។
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារកណ្តាលអាមេរិករូបនេះ បានបន្តថា បើបញ្ហាសុខាភិបាលកាន់តែធ្ងន់ធ្ងរទៅ សេដ្ឋកិច្ចពាណិជ្ជកម្ម នឹងកាន់តែធ្លាក់ដុនដាបទៅតាមនោះដែរ ហើយប្រាក់ចំណូល នៅតាមគ្រួសារនីមួយៗ នឹងចាប់ផ្តើមជាប់គាំង និងធ្លាក់ចុះដែរ។
លោក Jerome សង្កត់ធ្ងន់ថា ការប្រើប្រាស់ថវិកាជាតិដើម្បីគាំទ្រ អាចនឹងត្រូវចំណាយច្រើន ក៏ប៉ុន្តែវានឹងកាន់តែមានតម្លៃ បើសិនជាវាអាចជួយស្រោចស្រង់សេដ្ឋកិច្ចជាតិ ឲ្យគេចផុតពី ការខាតបង់ក្នុងរយៈពេលវែង។
សូមជម្រាបថា គិតត្រឹមថ្ងៃទី ១៤ ខែឧសភា នេះករណីឆ្លងមេរោគកូវីដ១៩ នៅសហរដ្ឋអាមេរិក បានកើនឡើងលើស ១,៤ លានករណីហើយ ខណៈអ្នកស្លាប់ កើនដល់ជាង ៨ម៉ឺននាក់ ដែលមានន័យថា ផលប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក អាចនឹងមានទំហំធំ ពុំទាន់អាចប៉ាន់ស្មានបាន៕