មេរោគបំប្លែងថ្មី អូមីក្រុង ត្រូវបានគេរកឃើញដំបូងបង្អស់នៅអាហ្វ្រិកខាងត្បូងនោះ ឥឡូវនេះកំពុងបន្ដរីករាលដាលក្នុងចំណោមប្រទេសចំនួន ២៣ហើយ ក្នុងនោះ ទ្វីបអឺរ៉ុប ត្រូវបានគេរកឃើញមានប្រទេសដែលរកឃើញករណីឆ្លងមេរោគអូមីក្រុងនេះច្រើនជាងគេ បន្ទាប់មក គឺប្រទេសក្នុងទ្វីបអាហ្វ្រិកតែម្តង។
ចាប់តាំងពីលេចចេញ មេរោគ បំប្លែងថ្មី អូមីក្រុងមក អង្គការ WHO បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការវិវត្តនៃការឆ្លងរីករាលដាលនៃមេរោគនេះ ដោយ លោក តេដ្រូស អគ្គនាយកអង្គការសុខភាពពិភពលោក បាននិយាយថា មេរោគបំប្លែងខ្លួនថ្មី អូមីក្រុង នឹងនៅបន្តវិវត្តបំប្លែងថ្មីកាន់តែច្រើនទៀត ដរាបណា យើងមិនអាចទប់ស្កាត់វាឲ្យបានទាន់ពេលវេលា។
លោក តេដ្រូស បន្តទៀតថា មេរោគបំប្លែងថ្មីនេះ នៅមានចំនុចជាច្រើនទៀត ដែលយើងត្រូវសិក្សាអំពីឥទ្ធិពលរបស់វាទាក់ទងនឹងការចម្លង ភាពធ្ងន់ធ្ងរ នៃជំងឺ និងប្រសិទ្ធភាពនៃការធ្វើតេស្ត ការព្យាបាល និងវ៉ាក់សាំង។ ជាក់ស្ដែង នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមប្រឹក្សា WHO ជាច្រើនបានជួបប្រជុំគ្នា ដើម្បីវាយតម្លៃភស្តុតាងដែលកំពុងលេចចេញ និងផ្តល់អាទិភាពដល់ការសិក្សាដើម្បីឆ្លើយតបនឹងសំណួរទាំងនេះ។
សូមជម្រាបថា ខណៈដែលមានការផ្ទុះឡើងនូវមេរោគថ្មី អូមីក្រុង គេនៅតែមើលឃើញថា មេរោគបំប្លែង ឌែលតា នៅតែអាចឆ្លងបានខ្ពស់ ហើយកើតមានស្ទើរតែគ្រប់ករណីនៅទូទាំងពិភពលោក។ ដូចនេះ នាយកអង្គការសុខភាពពិភព លោក តេដ្រូស បានឱ្យដឹងថា ការប្រើប្រាស់ឧបករណ៍ និងមធ្យោបាយដែលមានសម្រាប់ ដើម្បីទប់ស្កាត់ការឆ្លងនៃមេរោគ ឌែលតា ក៏នឹងអាចបញ្ឈប់ការចម្លងនៃមេរោគបំប្លែងថ្មី អូមីក្រុង ផងដែរ។
ទោះយ៉ាងណា WHO បានជំរុញឱ្យប្រទេសនានាពង្រឹងកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង និងវិធានការបង្ការផ្សេងទៀត ដោយមើលឃើញថា ការធ្វើតេស្ត និងការគ្របដណ្តប់វ៉ាក់សាំងមានកម្រិតទាបនៅក្នុងប្រទេសមួយចំនួន ជាពិសេសទ្វីបអាហ្វ្រិក ដែលវាជាឱកាសសម្រាប់មេរោគក្នុងការបង្កាត់ពូជ និងពង្រីកខ្លួនថ្មីកាន់តែច្រើនឡើង។
ក្រៅពីនេះ WHO ក៏បានអំពាវនាវឱ្យប្រទេសនានាងាកទៅរក វិធានការកាត់បន្ថយហានិភ័យ ដែលរួមបញ្ចូលទាំងវិធានការត្រួតពិនិត្យអ្នកដំណើរមុនពេលធ្វើដំណើរ និងពេលមកដល់ក្នុងប្រទេសណាមួយ ឬការអនុវត្តការធ្វើចត្តាឡីស័កចំពោះអ្នកដំណើរអន្តរជាតិឡើងវិញជាដើម។ ប៉ុន្ដែ អង្គការសុខភាពពិភពលោក ក៏បានអំពាវនាវកុំឲ្យមានការបិទជើងហោះហើរ ពិសេសពីតំបន់អាហ្វ្រិកដើម្បីធ្វើជាមធ្យោបាយទប់ស្កាត់មេរោគបំប្លែងថ្មីអូមីក្រុងនោះ៕
អត្ថបទ ស៊ើង និមល់