បើតាមក្រសួងកសិកម្មកម្ពុជា ភាគីទាំងពីរ គឺក្រុមហ៊ុនជប៉ុន រួមជាមួយនឹងក្រសួងកសិកម្ម មានបំណងផ្ដួចផ្ដើមឲ្យមានការបង្កើតនូវអនុស្សារណៈយោគយល់គ្នា ស្ដីអំពី កិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើអនុវិស័យដំណាំបន្លែសុវត្ថិភាពនៅកម្ពុជា ដោយចាប់ផ្ដើមតាំងពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅក្រៅប្រទេស ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ទាន់សម័យ និងបច្ចេកទេសក្រោយពេលប្រមូលផលពីប្រទេសជប៉ុនផ្ទាល់តែម្ដង។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានឲ្យដឹងថា ក្នុងកាលៈទេសៈ នៃក្នុងបរិបទកំណើនសេដ្ឋកិច្ច និងជាពិសេស ពិភពលោកកំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ វាបានផ្តល់ឱកាសមាសដល់ប្រជាកសិករកម្ពុជា ដើម្បីកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារវិញ ពោលគឺប្រែក្លាយពី "កសិករ ទៅជាកសិ-ពាណិជ្ជករ"។
នៅចំពោះមុខរដ្ឋមន្ត្រីកសិកម្មកម្ពុជា លោក ណាប៊ីស៊ីម៉ា កាតស៊ូ ហីតូ ដែលជាតំណាងក្រុមហ៊ុនជប៉ុនទាំង ១០នោះ បានឲ្យដឹងថា ហេតុផល ដែលជាដើមចមធ្វើឱ្យផលិតផលបន្លែកម្ពុជាមិនអាចផ្គត់ផ្គង់ទីផ្សារបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ឬផ្គត់ផ្គង់បានទៅតាមរដូវលើសពីតម្រូវការធ្លាក់ថ្លៃ និងគ្មានឱកាសធ្វើការប្រកួតប្រជែងកម្រិតអន្តរជាតិបាន គឺដោយសារតែកម្ពុជាមិនទាន់បច្ចេកទេសគ្រប់គ្រាន់ក្នុងការផលិត និងកែច្នៃកសិកម្មនៅឡើយ។
លោក ណាប៊ីស៊ីម៉ា លើកឡើងយ៉ាងដូច្នេះថា «កសិកម្មកម្ពុជាមានសក្តានុពលយ៉ាងធំធេង ជាពិសេសផលិតកម្មបន្លែ ប៉ុន្តែកម្ពុជាមិនទាន់បានប្រើប្រាស់សក្តានុពល និងធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាពនៅឡើយ តាំងពីចំណុចចាប់ផ្តើម (ដាំដុះ ថែរក្សា ការពារ ប្រមូលផល លៀងសំអាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន) និយាយរួម គឺការអនុវត្តបច្ចេកវិទ្យាចុងក្រោយទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ»។
បើតាមក្រសួងកសិកម្ម ក្រុមហ៊ុនជប៉ុនដែលមានចំណាប់អារម្មណ៍វិនិយោគកសិកម្មនៅកម្ពុជានោះ គឺជាក្រុមហ៊ុនដែលមានប្រតិបត្តិលើផ្នែកដូចជា ព័ត៌មានវិទ្យាលើវិស័យផលិតកម្មបន្លែ, ការផ្គត់ផ្គង់គ្រឿងយន្ដ ឧបករណ៍ និងសម្ភា បម្រើដល់វិស័យផលិតកម្មបន្លែ, ក្រុមហ៊ុនដឹកជញ្ជូន Nippon Express, ក្រុមហ៊ុនផលិតជី គ្រាប់ពូជ និងចែកចាយជាដើម។
បើតាមការប្តេជ្ញាចិត្តរបស់តំណាងក្រុមហ៊ុនជប៉ុនទាំងនេះ ពួកគេក៏មានទិសដៅ ផលិតបន្លែមានគុណភាព សុវត្ថិភាព នៅកម្ពុជា ផ្គត់ផ្គង់បានគ្រប់ គ្រាន់តាមតម្រូវការទីផ្សារពេញមួយឆ្នាំ មានសមត្ថភាពធ្វើការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយចង់នាំចេញផលិតផលបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia ឬ Product of Cambodia ផងដែរ។
គួររំឭកថា ប្រទេសជប៉ុន ក៏ធ្លាប់បានផ្ដល់ជំនួយឥតសំណងជូនកម្ពុជា សម្រាប់បង្កើតមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែ ដែលត្រូវដាក់សម្ភោធឲ្យប្រើ ប្រាស់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តកណ្តាល៕