
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា គិតមកទល់ពេលនេះ មានសហគមន៍កសិកម្មទំនើបចំនួន១០ ហើយ ដែលត្រូវបានបង្កើតឡើងនៅកម្ពុជា ដោយសហគមន៍ទាំងនោះផ្តោតលើដំណាំយុទ្ធសាស្រ្តចំនួន៤ គឺដំណាំស្រូវ បន្លែ ស្វាយចន្ទី និងម្រេច។ បើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់រូបនេះ ក្រសួងកសិកម្ម មានផែនការពង្រើកសហគមន៍កសិកម្មទំបើបចំនួន១០បន្ថែមទៀត នៅក្នុងឆ្នាំ២០២៥ នេះ ទៅលើដំណាំយុទ្ធសាស្រ្តដែលមានស្រាប់។ ការពង្រីកតែចំពោះដំណាំយុទ្ធសាស្រ្តនេះ ត្រូវបានឯកឧត្តម ឃឹម ហ្វីណង់ អះអាងថា ក៏ដោយសារមូលដ្ឋាននៃការបង្កើតសហគមន៍កសិកម្មទំនើប គឺការស្វែងរកទីផ្សារជាមុន ទើបរៀបចំផែនការផលិតកម្មតាមក្រោយ ដូច្នេះហើយបានជាតាមរយៈការចូលរួមក្នុងសហគមន៍កសិកម្មទំនើបរបស់ប្រជាកសិករនាពេលកន្លងមក គឺទទួលបាននូវអត្ថប្រយោជន៍ជាច្រើន។
បើតាមការអះអាងរបស់ឯកឧត្តម ឃឹម ហ្វីណង់ បច្ចុប្បន្ននេះ មានសម្ទុះគាំទ្រ និងការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាកសិករនៅទូទាំងប្រទេសក្នុងការចូលរួមក្នុងសហគមន៍កសិកម្មទំនើប ហើយនៅមួយរយៈចុងក្រោមនេះ ក្រុមការងារសហគមន៍កសិកម្មទំនើប ក៏ទទួលបានសំណូមពរពីប្រជាពលរដ្ឋជាច្រើនក្នុងការផ្សព្វផ្សាយ និងរៀបចំបង្កើតសហគមន៍កសិកម្មទំនើបបន្ថែមទៀតផងដែរ។ តែយ៉ាងណា មន្រ្តីជាន់ខ្ពស់រូបនេះ អះអាងថា មុននឹងពង្រីកវិសាលភាពសហគមន៍កសិកម្មទំនើបនេះ គឺទាមទារឱ្យមានការវាយតម្លៃ និងគិតគូរយ៉ាងច្បាស់លាស់ ដើម្បីចៀសវាងការជួបបញ្ហាប្រឈមណាមួយ ដែលនាំឱ្យប្រជាកសិករមិនអាចទទួលបានផលចំណេញ និងអត្ថប្រយោជន៍ពីការបង្កើតនេះ។
គួរជម្រាបថា ការចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប ប្រជាកសិករនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនតាមរយៈការជួយការពារហានិភ័យ និងដោះស្រាយបញ្ហាប្រឈម បង្កើនសមត្ថភាពប្រកួតប្រជែងរបស់កសិករ កាត់បន្ថយថ្លៃធាតុចូល និងទទួលបានការគាំទ្រផ្នែកទីផ្សារ និងបច្ចេកទេស ពិសេស គឺការទទួលបានកម្ចីឥណទានក្នុងអត្រាការប្រាក់ទាបជាដើម៕