ប្រតិភូអង្គទូតបរទេស និងស្ថានទូតបរទេសនៅប្រទេសថៃ បានធ្វើដំណើរទស្សនកិច្ចសិក្សាលើកទី២ មកកាន់ប្រទេសកម្ពុជា រយៈពេល ៤ថ្ងៃ ដែលជាកិច្ចសហការរៀបចំ រវាងស្ថានទូតកម្ពុជា នៅទីក្រុងបាងកក និងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ចនៃក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានគូសបញ្ជាក់ថា ពិភពលោកនឹងស្គាល់ កម្ពុជាកាន់តែច្បាស់ថែមទៀត តាមរយៈដំណើរទស្សនកិច្ចនេះ។ ការអះអាងរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបែបនេះ ដោយសារអង្គទូតនៃប្រទេសនីមួយៗ នឹងរាយការណ៍ពីរឿងរ៉ាវល្អៗ ដែលបានជួបប្រទះនៅក្នុងខេត្តទាំង២ របស់កម្ពុជា គឺខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដែលជាសម្បូរដោយប្រាង្គប្រាសាទ និងការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការធ្វើពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្រោយពេលដំណើរទស្សនកិច្ចរបស់ពួកគេ។ ឯកឧត្តម អ៊ូក សោភ័ណ បានគូសបញ្ជាក់ថា បន្ទាប់ពីដំណើរទស្សនកិច្ចនេះ បណ្ដាអង្គទូតនានា នឹងបន្តផ្សព្វផ្សាយពីសក្ដានុពលរបស់កម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនរបស់ខ្លួន ពិសេសតាមរយៈការផ្សព្វផ្សាយតាមបណ្ដាញសង្គម អំពីទឹកដី កន្លែងដើរកម្សាន្ត និងវប្បធម៌ របស់ប្រទេសកម្ពុជា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក្នុងនាមប្រធានប្រតិភូអង្គទូត និងស្ថានទូតបរទេសនៅក្នុងប្រទេសថៃ ឯកឧត្តម Waldemar Dubaniowski ឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំប្រទេសថៃ បានអបអរសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចលើកនេះ ដែលបានផ្ដល់ឱកាសជូនអង្គទូតចូលរួមទាំងអស់ អាចស្វែងយល់ពីសក្តានុពល និងសមិទ្ធផលនៅក្នុងខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប គោលនយោបាយសំខាន់ៗរបស់រាជ រដ្ឋាភិបាលកម្ពុជា ប្រវត្តិរឿងរ៉ាវទាក់ទងនឹងតំបន់ឧទ្យានបុរាណអង្គរ និងការទទួលទានមុខម្ហូបដ៏ឆ្ងាញ់ដែល ចំអិនចេញពីសៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ឬ The Taste of Angkor» ដែលផ្តួចផ្តើមរៀបចំដោយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សូមបញ្ជាក់ថា កម្មវិធីដំណើរទស្សនកិច្ចសិក្សាលើកទី២ របស់អង្គទូត និងក្រុមគ្រួសារពីប្រទេសថៃ ទៅកាន់ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយស្ថិរភាពនយោបាយ-សេដ្ឋកិច្ច ការអភិវឌ្ឍថ្មីៗ ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី/ពហុភាគីរបស់កម្ពុជា និងការតភ្ជាប់ផ្លូវគោករវាងកម្ពុជា និងថៃឡង់ដ៍៕