សរុបគិតត្រឹមថ្ងៃទី ២៥ កុម្ភៈ ចំនួនអ្នកឆ្លងកូវីដ-១៩ ដែលបានរកឃើញនៅកម្ពុជាមាន៦៩៧នាក់ ក្នុងនោះ មាន១៩៤នាក់ហើយ ជាអ្នកឆ្លងដែលបានរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ រីឯចំនួនអ្នក ដែលជាសះស្បើយសរុបមាន៤៧៧នាក់។
ក្នុងចំណោមអ្នកដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៥៨នាក់នោះ ភាគច្រើនគឺជាជនជាតិចិន និងវៀតណាម ហើយក៏មានជនជាតិខ្មែរខ្លះផងដែរ។
ដើម្បីទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អាជ្ញាធរក៏បានសម្រេចបិទបណ្តោះអាសន្ននូវទីតាំងជាង៦០កន្លែងរួចហើយដោយក្នុងនោះ ភាគច្រើនជាក្លឹបកម្សាន្ដ និងអគារស្នាក់នៅរួម។
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថាព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍លើកទី ៣នេះ គឺជាការឆ្លងធ្ងន់ធ្ងរមួយមិនធ្លាប់មានឡើយសម្រាប់កម្ពុជា និងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ បើមិនចាំបាច់កុំចេញពីផ្ទះ ហើយត្រូវបន្ដធ្វើអនាម័យ គោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញ ពោលគឺត្រូវពាក់ម៉ាស់ ឡាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ ហើយកុំទៅកន្លែងមានមនុស្សច្រើនកកកុញ, កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក និងកុំប៉ះពាល់គ្នា ចាប់ដៃ កៀកស្មា ឱបគ្នា នៅពេលជួបគ្នា៕