ក្នុងកម្មវិធីនេះផងដែរក៏មានការទស្សនានូវទស្សនីយភាពដ៏ទាក់ទាញនៃល្ខោនស្បែកធំ និងទស្សនានូវការសម្តែងរបាំជូនពរដែលជាការបង្ហាញពីការគាំទ្រចំពោះមរតកសិល្បៈវប្បធម៌ខ្មែរដ៏យូរលង់គួរឲ្យស្ញប់ស្ញែង។
ជាមួយទស្សនៈវិស័យយ៉ាងមុតមាំរបស់ អេ អឹម ខេ ក្នុងការបម្រើសេវាហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋខ្មែរឲ្យមានឱកាសគ្រប់គ្រាន់និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានវិវត្តន៍ខ្លួនពីគម្រោងអន្តរាគមន៍ឥណទានខ្នាតតូចរបស់អង្គការ Concern Worldwide ក្នុងឆ្នាំ ១៩៩០។ ក្នុងឆ្នាំ ២០០៣ អេ អឹម ខេ ចាប់ផ្ដើមធ្វើប្រតិបត្តិការដោយឯករាជ្យ និងទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ជាពិសេសបានពង្រីកវិសាលភាពរបស់ខ្លួនទូទាំងខេត្ត-ក្រុង។ បន្ទាប់មកឆ្នាំ ២០១០ អេ អឹម ខេ បានធ្វើកំណែទម្រង់ជាយុទ្ធសាស្រ្តបំប្លែងខ្លួនទៅជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏សម្បូរបែបដោយទទួលបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ (MDI) ពីធនាគារជាតិនៃកម្ពុជា ហើយបានដាក់ឲ្យដំណើរការម៉ាស៊ីន ដក-ដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM/CDMs) ក្នុងឆ្នាំ ២០១៣។ អេ អឹម ខេ បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងក្នុងឆ្នាំ ២០១៤ ហើយដើម្បីបង្កើនប្រព័ន្ធសុវត្ថិភាពដល់ប្រជាជនដែលមានប្រាក់ចំណូលទាបក្នុងការប្រឈមនឹងគ្រោះថ្នាក់ជាយថាហេតុដូចជា បញ្ហាសុខភាព ឬគ្រោះថ្នាក់ជាដើម។ ក្នុងឆ្នាំ២០១៨ អេ អឹម ខេ ទទួលបានដៃគូម្ចាស់ភាគហ៊ុនថ្មីគឺ The Shanghai Commercial & Saving Bank, Ltd (SCSB) ក្នុងការពង្រីកវិសាលភាពរបស់ខ្លូនឲ្យកាន់តែរឹងមាំជាមួយការដាក់ឲ្យដំណើរការប្រព័ន្ធធនាគារស្នូលថ្មី គ្រប់តម្រូវការសេវាហិរញ្ញវត្ថុផ្ដល់ជូននៅកន្លែងតែមួយ One-Stop-Shop នៅទូទាំងប្រទេសផងដែរ។ ជាមួយនឹងការអភិវឌ្ឍខ្លួនបែបឌីជីថលនៅឆ្នាំ ២០២០ អេ អឹម ខេ បានដាក់ឲ្យដំណើរការផ្លូវការនូវកម្មវិធីទូរស័ព្ទចល័តជាមួយមុខងារយ៉ាងពេញលេញរួមទាំងក្លាយជាសមាជិកបាគងនៃធនាគារជាតិកម្ពុជា និងដាក់ឲ្យដំណើរការជាផ្លូវការនូវសេវាផ្ទេរប្រាក់ក្រៅប្រទេសក្នុងឆ្នាំ ២០២០នេះដដែល។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានប្រសាសន៍ថា “ក្នុងរយៈពេល២០ឆ្នាំមកនេះ អេ អឹម ខេបានឆ្លងកាត់ និងវិវត្តន៍ខ្លួនឥតឈប់ឈរ ដោយប្រែក្លាយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់សេវាឥណទានតែមួយមុខ មកជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានផ្តល់សេវាសម្បូរបែបរួមមាន សេវា ឥណទាន សន្សំ ទូទាត់ ផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ភ្នាក់ងារធនាគារ ភ្នាក់ងារធានារ៉ាប់រង ដៃគូពាណិជ្ជកម្ម ម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ កម្មវិធីទូរស័ព្ទចល័ត និងការដាក់ឲ្យប្រើបាស់កាតឥណពន្ធអន្តរជាតិជាដើម។ គិតមកត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៣ អេ អឹម ខេ កំពុងបម្រើអតិថិជនសរុបជិត១លាននាក់ (កម្ចី និងសន្សំ) តាមរយៈសាខាទាំង១៥១ ជាមួយបុគ្គលិកជិត៤.០០០នាក់ និងភ្នាក់ងារធនាគារជាង៦.០០០កន្លែងទូទាំងប្រទេស។”
ការពង្រីកវិសាលភាពរបស់ខ្លួនកាន់តែធំទូលំទូលាយជាមួយនឹងការបង្កើតនូវសមិទ្ធផងជាច្រើននូវឆ្នាំ ២០២៣ បច្ចុប្បន្នក្នុងឆ្នាំ ២០២៣ នេះជាឆ្នាំដ៏ពិសេសរបស់ អេ អឹម ខេ ក្នុងការប្រារព្ធពិធីអបអរគម្រប់ខួប ២០ ឆ្នាំរបស់ខ្លួនដែលលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។ អេ អឹម ខេ បាន និងកំពុងពង្រីកវិសាលភាពប្រតិបត្តិការ កាន់តែធំទូលំទូលាយទូទាំងប្រទេស ប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ ផ្តល់នូវសេវាហិរញ្ញវត្ថុដ៏សម្បូរបែប និងមានលក្ខណៈ ឆ្លាតវៃបែបឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជនគ្រប់រូប រួមនឹងយន្តការជួយដល់ប្រជាពលរដ្ឋឲ្យទទួលបានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ អេ អឹម ខេ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់លំដាប់ថ្នាក់ អតិថិជន និងដៃគូអាជីវកម្មទាំងអស់ដែលបានរួមចំណែក ក្នុងដំណើរវឌ្ឍនភាពក្នុងរយៈពេល ២០ឆ្នាំមកនេះ។ អេ អឹម ខេ នៅតែបន្តបេសកកម្មដ៏មុតមាំនេះតទៅមុខជាមួយអ្នកទាំងអស់គ្នា៕