ប្រទេសបង់ក្លាដែស ដែលជាមជ្ឈមណ្ឌលផលិត និងនាំចេញផលិតផលសម្លៀកបំពាក់លំដាប់ថ្នាក់ពិភពលោកកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ក្រោយរោងចក្រជាង៥០០កន្លែងត្រូវបានបិទទ្វារជាបន្តបន្ទាប់ ក្រោយផ្ទុះបាតុកម្មដ៏ក្ដៅគគុកកាលពីចុងសប្តាហ៍មុន។ ទោះបីជាអាជ្ញាធរបង់ក្លាដែស បានប្រញាប់ប្រញាល់បង្កើតគណៈកម្មការកំណត់ប្រាក់ឈ្នួលថ្មី ដើម្បីពិនិត្យឡើងវិញ និងអំពាវនាវឱ្យកម្មករវិលត្រឡប់ចូលធ្វើការវិញក៏ដោយ ក៏ភាពតានតឹងហាក់មិនទាន់ស្រាកស្រាន្តនៅឡើយទេ។ វិស័យកាត់ដេរមិនត្រឹមតែជាកន្លែងផ្តល់ការងារដល់ពលរដ្ឋប្រមាណ៤លាននាក់ និងរកចំណូលបានជាង៨០% នៃការនាំចេញសរុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូផ្គត់ផ្គង់សម្លៀកបំពាក់ដ៏សំខាន់ឱ្យម៉ាកយីហោល្បីៗជាច្រើននៅទូទាំងពិភពលោកទៀតផង។
បច្ចុប្បន្នកម្មករកាត់ដេរនៅប្រទេសអាស៊ីខាងត្បូងមួយនេះទទួលបានប្រាក់បៀវត្សរ៍អប្បរមាត្រឹមតែ១០៣ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដែលធ្វើពួកគេជួបការលំបាកក្នុងការរស់នៅ ស្របពេលដែលតម្លៃទំនិញ ម្ហូបអាហារ លំនៅឋាន ការដឹកជញ្ជូន និងសេវាថែទាំសុខភាពហក់ឡើងខ្ពស់កប់ពពក។ ហេតុផលនេះហើយ ទើបពួកគេនាំគ្នាទាមទារដំឡើងប្រាក់ឈ្នួលដល់ប្រមាណ២៤៥ដុល្លារក្នុងមួយខែ។ ទោះជាយ៉ាងណា ភាពចលាចល និងការអូសបន្លាយពេល នៃការតវ៉ានេះ បានបង្កជាមហន្តរាយដល់សេដ្ឋកិច្ច ដោយបង្ខំឱ្យរោងចក្រជាង៥០០កន្លែងត្រូវបានផ្អាកដំណើរការ និងធ្វើឱ្យកម្មកររហូតដល់ជិត១លាននាក់បាត់បង់ការងារធ្វើជាបណ្តោះអាសន្ន។
លោក អារីហ្វុល ហាក ជូនឌូរី (Ariful Haque Choudhury) រដ្ឋមន្ត្រីក្រសួងការងាររបស់បង់ក្លាដែស បានព្រមានថា ប្រសិនបើវិបត្តិ និងភាពរអាក់រអួលនេះនៅតែបន្តអូសបន្លាយតទៅទៀត វានឹងធ្វើឱ្យការដឹកជញ្ជូនទំនិញនាំចេញ និងការទូទាត់ប្រាក់ពីសំណាក់អ្នកទិញអន្តរជាតិ ជួបការពន្យារពេល ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ទាំងម្ចាស់រោងចក្រ និងជីវភាពរបស់កម្មករខ្លួនឯង៕
ដោយៈ សរ សុជាតិ