កាលពីសប្តាហ៍មុន ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីការឆ្លងជំងឺអុតក្ដាមនៅកសិដ្ឋានចិញ្ចឹមគោចំនួន ២ កន្លែង ដែលមានទីតាំងនៅកណ្តាលទីក្រុង ឆឹងជូ (Cheongju) ចម្ងាយ ១១២ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូល ជាលើកដំបូងក្នុងរយៈពេល ៤ ឆ្នាំ។ ប្រទេសនេះបានរាយការណ៍អំពីករណីជំងឺអុតក្ដាមចុងក្រោយនៅក្នុងខែមករា ឆ្នាំ២០១៩។ ករណីថ្មីចំនួន ៣ ទៀត ត្រូវបានរាយការណ៍ថាមានកើតនៅតាមកសិដ្ឋាន ក្នុងទីក្រុង ឆឹជូ ផងដែរ។
លោក លី ជេបុក (Lee Jae-bok) ជាមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន បាននិយាយថា កសិដ្ឋានទាំង ៥ នេះ មានរថយន្តដឹកសត្វចំនួន ១៤ គ្រឿង ហើយរថយន្តទាំងនេះបានបើកទៅកាន់កសិដ្ឋានចំនួន ២៥១ កន្លែងនៅទីក្រុងឈឹងជូក្នុងរយៈពេល ២១ ថ្ងៃចុងក្រោយនេះ។ អាជ្ញាធរសុខាភិបាលមូលដ្ឋានបាននិងកំពុងត្រួតពិនិត្យរថយន្តទាំងនោះ និងពិនិត្យមើលកសិដ្ឋានចិញ្ចឹមសត្វទាំងឡាយ ដែលរថយន្ត១៤គ្រឿងនេះបានបើកទៅ។ ទន្ទឹមនឹងនេះ រដ្ឋបាលនៅក្រុង ឆឹងជូ បានដាក់កំហិតលើការបម្លាស់ទីរបស់សត្វគោនៅពាសពេញតំបន់នេះ ហើយបង្កើតរោងបាញ់ថ្នាំសម្លាប់មេរោគ និងកន្លែងត្រួតពិនិត្យ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺអុតក្ដាមចាប់តាំងពីមានការផ្ទុះឡើងជាលើកដំបូង។
ក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ របស់ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់អំពីករណីជំងឺអុតក្ដាមមួយបន្ថែមទៀតនៅកសិដ្ឋានមួយទៀតក្នុងទីក្រុង ឆឹជូ ដោយបានបង្កើនចំនួនករណីនេះឡើងដល់ ៧ ករណី នៅទូទាំងប្រទេស។ ក្រសួងនេះបានបញ្ជាក់ថា ក្នុងចំណោមករណីវិជ្ជមានទាំង ៧ នេះ មាន ៦ ករណីបានកើតឡើងនៅទីក្រុង ឆឹងជូ និងមួយករណីទៀតនៅស្រុក ជើងព្យឹង ដែលនៅក្បែរទីក្រុង ឆឹងជូ។
អុតក្ដាមគឺជាជំងឺឆ្លងស្រួចស្រាល់មួយក្នុងចំណោមសត្វពាហនៈ ដែលស្ដែងចេញជាអាការៈគ្រុនក្តៅ បន្ទាប់មកវិវត្តទៅជាពងបែកនៅក្នុងមាត់និងនៅលើជើងរបស់សត្វ ហើយវាជាជំងឺឆ្លងខ្លាំងបំផុតមួយសម្រាប់បសុសត្វ ដែលអាចរីករាលដាលយ៉ាងលឿន ប្រសិនបើគ្មានការទប់ស្កាត់ទាន់ពេលនោះទេ។ ជំងឺអុតក្ដាមភាគច្រើនកើតលើសត្វពាហនៈដូចជាគោ ក្របី អូដ្ឋ ចៀម ពពែ ក្តាន់ និងជ្រូក ហើយវារីករាលដាលភាគច្រើននៅរដូវធ្លាក់ភ្លៀងតែម្ដង៕
អត្ថបទ៖ សុខ ជា