សេដ្ឋកិច្ច​-​ខេត្ត​ព្រះសីហនុ

ឧកញ៉ា សៀ ឫទ្ធី៖ វិស័យ​៣ ដែល​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​មាន​សក្ដានុពល​ខ្លាំង​បំផុត​នៅ​អនាគត


ខេត្ត​​ព្រះសីហនុ ធ្លាប់​តែ​ជា​ខេត្ត​ទិសដៅ​ទេសចរណ៍​និង​មាន​ការ​ប្រែប្រួល​កំណើន​ទេសចរ​ទៅ​តាម​រដូវកាល ប៉ុន្ដែ បច្ចុប្បន្ន​នេះ ខេត្ត​ជាប់​ដែន​សមុទ្រ​មួយ​នេះ ក៏​ជា​ក្លាយ​ជា​ចំណុច​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ។
លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន WorldBridge Group។ រូបថត៖ ហេង ភារម្យ
ដោយ

ជាក់​ស្ដែង គិត​ត្រឹម​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កំណើន​វិនិយោគិន​បរទេស​មក​បណ្ដាក់​ទុន​រកស៊ី​នៅ​ក្នុង​ខេត្ត​មួយ​នេះ បាន​និង​កំពុង​មាន​ការ​កើន​ឡើង​ជា​លំដាប់ ខណៈ​ដែល​មធ្យោបាយ​ដឹក​ជញ្ជូន​ទំនិញ និង​ទេសចរណ៍​ ក៏​មាន​ភាព​ល្អ​ប្រសើរ​គួរ​ឲ្យ​កត់​សម្គាល់។

វិនិយោគិន​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្នុង​វិស័យ​ជំនួញ លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន WorldBridge Group បាន​លើក​ឡើង​ថា នៅ​អនាគត ប្រមាណ​ជា ១០​ឆ្នាំ​ទៀត ខេត្ត​ព្រះសីហនុ នឹង​ក្លាយ​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​បំផុត​របស់​កម្ពុជា និង​អាច​មាន​ការ​រីក​លូតលាស់​ខ្លាំង​ជាង​ខេត្ត​ទេសចរណ៍​ប្រវត្តិសាស្ត្រ សៀមរាប​​ទៀត​ផង។ 

លោក​​ឧកញ៉ា សៀ ឫទ្ធី ថ្លែង​ថា មាន​វិស័យ​សំខាន់​បំផុត​ ៣ ដែល​នឹង​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​មាន​សក្ដានុពល​ខ្លាំង​បំផុត នៅ​ពេល​អនាគត៖ 

១, វិស័យ​ទេសចរណ៍៖ 

ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​រាប់​លាន​នាក់ ហើយ​ក្នុង​នោះ ខេត្ត​ព្រះសីហនុ គឺ​ជា​ទិសដៅ​ទេសចណ៍​ដ៏​សំខាន់​មួយ​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​ទេសចរ​ជាតិ និង​អន្តរជាតិ ជាមួយ​នឹង​ឆ្នេរ​ខ្សាច់​ស​ស្អាត​ប្រវែង ១៧៥​គីឡូម៉ែត្រ ជាប់​លំដាប់​ពិភពលោក និង​មាន​កោះ​ដ៏​ស្រស់​ស្អាត​ចំនួន ៣២​កោះ។ 

ឆ្នេរ​ដ៏​ស្អាត​នៃ​កោះរ៉ុង ខេត្ត​ព្រះសីហនុ។

ស្រប​តាម​គោល​នយោបាយ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ឲ្យ​ដូចជា​ទីក្រុង​ស៊ិនជិន ប្រទេស​ចិន ឬ​ទីក្រុង​ម៉ាកាវ​ទី២ ក៏​បាន​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ បាន​ក្លាយ​ជា​មុខ​ព្រួញ​ដ៏​សំខាន់​ពី​សំណាក់​វិនិយោគិន និង​ភ្ញៀវ​ទេសចរ​ចិន ខណៈ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​គោលដៅ​ស្រូប​យក​ទេសចរ​ចិន​ឲ្យ​បាន​២​លាន​នាក់​នៅ​ត្រឹម​ឆ្នាំ​២០២០។ 

ជាក់ស្តែង ត្រឹមរយៈពេល៩ខែ ឆ្នាំ២០១៧នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ ៣,៥២២,៣៨៣​នាក់ កើន​ឡើង ១២% ក្នុង​នោះ តំបន់​ឆ្នេរ​ទទួល​បាន ៥៥៤,៦១៣​នាក់ កើនឡើង ១៥.៧%។ ជា​ចក្ខុវិស័យ​ឆ្នាំ​២០២០ កម្ពុជា​រំពឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ ៧​លាន​នាក់ នាំ​ចំណូល​ចូល​ជាតិ​ប្រមាណ ៥​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ផ្ទាល់​ជិត ១​លាន​នាក់។

២, វិស័យ​ឧស្សាហកម្ម៖ 

កំណើន​រោងចក្រ​សហគ្រាស សណ្ឋាគារ ភោជនីយដ្ឋាន មជ្ឈមណ្ឌល​កម្សាន្ដ កាស៊ីណូ បាន​និង​កំពុង​មាន​សន្ទុះ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា ខេត្ត​ព្រះសីហនុ មិន​ត្រឹម​តែ​ជា​ទិសដៅ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ តែ​វា​ជា​ក្បាល​នាគ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កម្ពុជា​នា​អនាគត។ 

កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ។

តួយ៉ាង តំបន់​សេដ្ឋកិច្ច​ពិសេស​៣​កន្លែង កំពុង​មាន​ភាព​មមាញឹក​ខ្លាំង ក្នុង​ការ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់ ក្នុង​នោះ​រួមមាន តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ឬ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិតត្រាំង ជា​បណ្ដុំ​ឧស្សាហកម្ម​មួយ​រីក​ចម្រើន​ខ្លាំង​ជាង​គេ ខណៈ​មាន​រោងចក្រ​រាប់​រយ​រោងចក្រ​បាន​និង​កំពុង​ដំណើរការ​នៅ​ទីនោះ ជាមួយ​នឹង​ការ​ផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ផង​ដែរ។ 

ដោយឡែក ការ​កើន​ឡើង​នៃ​វិស័យ​សណ្ឋាគារវិញ ក៏​កំពុង​មាន​ច្រើន​ផង​ដែរ តែ​បើ​តាម​ការ​អះអាង​ពី​លោក​ឧកញ៉ា សៀ ឫទ្ធី ចំនួន​សណ្ឋាគារ​នៅ​មិនទាន់​ឆ្លើយ​តប​គ្រប់គ្រាន់​នឹង​តម្រូវការ​ទេសចរ​នា​ពេល​អនាគត​នៅ​ឡើយ​ទេ។ 

៣, វិស័យ​ដឹក​ជញ្ជូន៖ 

ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ស្គាល់​ច្បាស់​ថា ជា​ច្រក​ចេញ​ចូល​ដោះដូរ​ទំនិញ​ដ៏​សំខាន់​តាម​ផ្លូវ​សមុទ្រ ខណៈ​ដែល​កំពង់ផែ​ថ្មី​ទឹក​ជ្រៅ បាន​និង​កំពុង​ធ្វើការ​សាងសង់។ បន្ទាប់​ពី​គម្រោង​កំពង់ផែ​ថ្មី ដែល​មាន ប្រវែង ៣៥០​ម៉ែត្រ និង​ជម្រៅ​ទឹក ១៤.៥​ម៉ែត្រ បញ្ចប់​ការសាងសង់​រួច​រាល់​នៅ ៣ ឬ ៤​ឆ្នាំ ខាង​មុខ​ទៀត នោះ​កប៉ាល់​ដឹក​ទំនិញ​ធុនធ្ងន់ និង​កប៉ាល់​ទេសចរ​ខ្នាត​យក្សៗ​នឹង​អាច​ចូល​ចត​បាន​ងាយ​ស្រួល ខណៈ​ដែល​ការ​ដឹក​ទំនិញ​ចេញ​ចូល​កម្ពុជា​មាន​ប្រមាណ ៧០% ទៅ ៨០% ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ។

រថភ្លើងរបស់​ក្រុមហ៊ុន Royal Railway បើក​ប្រតិបត្តិការ​ដឹកជញ្ជូន​ទៅមក​ភ្នំពេញ-​ព្រះសីហនុ។

ជាមួយ​គ្នា​នេះ ជើង​ហោះហើរ​ត្រង់​ពី​បរទេស​ចូល​មក​ព្រលាន​យន្ដហោះ​ខេត្ត​ព្រះសីហនុ បាន​និង​កំពុង​មាន​ការ​កើនឡើង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ដែល​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​សញ្ញា​កាន់​តែ​ប្រសើរ​ក្នុង​វិស័យ​ដឹក​ជញ្ជូន។ 

ជាមួយ​គ្នា​នេះ ស្របតាម​គោល​នយោបាយ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល ព្រលាន​យន្ដហោះ​ខេត្ត​ព្រះសីហនុ​នេះ ក៏​នឹង​ក្លាយ​ជា​ព្រលាន​យន្ដហោះ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា​ផង​ដែរ។ លើស​ពី​នេះ​ទៀត ការ​តភ្ជាប់​ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង ២៦៦​គីឡូម៉ែត្រ ត្រូវ​បាន​ចាប់​ដំណើរការ​ឡើង​វិញ ដែល​បាន​ជំរុញ​ឲ្យ​ការ​ធ្វើ​ដំណើរ និង​ការ​ដឹកជញ្ជូន​រវាង​ខេត្ត​ព្រះសីហនុ មក​កាន់​រាជ​ធានី​ភ្នំពេញ​កាន់​តែ​មានភាព​​ប្រសើរ​ឡើង ខណៈដែល​គម្រោង​ផ្លូវ​ល្បឿន​លឿន (Express Way) ផ្លូវ​ជាតិ​លេខ​៤ ដែល​មាន​ប្រវែង​ប្រមាណ ២២៦​គីឡូម៉ែត្រ ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ កាត់​តាម​ខេត្ត​​កំពង់ស្ពឺ ក៏​កំពុង​ត្រូវ​បាន​សិក្សា​និង​ត្រៀម​ចាប់​ផ្ដើម​សាងសង់​នៅ​ឆ្នាំ​២០២០​ខាង​មុខ។

ប៉ូល​សេដ្ឋកិច្ច​ទាំង​៣​នេះ ត្រូវ​បាន​លោក​ឧកញ៉ា សៀ ឫទ្ធី អះអាង​ថា នឹង​ធ្វើ​ឲ្យ​ខេត្ត​ព្រះសីហនុ​នឹង​ក្លាយ​ជាទីក្រុង​ថ្មី​ពោរពេញ​ទៅ​ដោយ​ការ​អភិវឌ្ឍ​លើ​ពហុ​វិស័យ​នា​ពេល​អនាគត ពោល​គឺ​អាច​នឹង​មាន​ការ​រីក​លូតលាស់​ខ្លាំង​ជាង​ខេត្ត​ទេសចរណ៍​សំខាន់ៗ​ជាច្រើន​ផ្សេង​ទៀត ដូចជា ខេត្ត​សៀមរាប ជាដើម។ 

គួរ​​ជម្រាប​ថា សន្ទុះ​នៃ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​ដី​ធ្លី​ក្នុង​ខេត្ត​នេះ​មាន​ការ​កើន​ឡើង​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់ ពិសេស គឺ​តាមរយៈ​ក្នុង​ការ​ហូរ​ចូល​យ៉ាង​គំហុក​នៃ​វិនិយោគិន​ចិន។ 

ទោះ​យ៉ាង​ណា ក៏​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ដែរ​ថា កំណើន​នៃ​វិនិយោគិន​នៅ​ខេត្ត​ព្រះសីហនុ ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រកប​អាជីវកម្ម​របស់​ពាណិជ្ជករ ក៏​ដូចជា​សហគ្រិន​ក្នុង​ស្រុក​នៅ​ខេត្ត​នេះ​ផង​ដែរ។ ចង់​ដឹង​ថា តើ​កំណើន​នៃ​វិនិយោគិន​ចិន​នៅ​ខេត្ត​ព្រះសីហនុ នឹង​ប៉ះពាល់​ដល់​របរ​សហគ្រិន​ក្នុង​ស្រុក ឬ​យ៉ាង​ណា​នោះ សូម​រង់ចាំ​តាមដាន​ជាមួយ ខេមបូណូមីស នៅ​អត្ថបទ​ក្រោយ​បន្ត​ទៀត!!! 

None



អត្ថបទបន្ទាប់


សួន​សត្វ​ធំ​ជាង​គេ​ទី១​នៅ​ក្បែរ​ភ្នំពេញ​ចេញ​ថ្លៃ​សំបុត្រ​ចូល​ទស្សនា​ជា​ផ្លូវការ​ហើយ!

សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​ទី​មួយ ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ​សាហ្វារី នឹង​ចាប់​បើក​ដំណើរការ​ឲ្…

តើ​កម្ពុជា​ខ្វះ​ខាត​អ្វី​ខ្លះ ទើប​បណ្តោយ​ឲ្យ​បរទេស​​កើប​លុយ​ពី​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា?

ជា​រៀង​រាល់​ឆ្នាំ មាន​ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ដំណើរ​កម្សាន្ត​មក​កាន់​​កម្ពុជា​កើន​ឡើង​ជា​បន្ត​បន្ទាប់។ គ្រាន់តែ​រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ