ប្រភពច្បាស់ការបានទម្លាយប្រាប់សារព័ត៌មាន នីកេ អេស៊ា ថា ក្រុមហ៊ុនយក្សជប៉ុន Seven & i Holdings នឹងផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមហ៊ុនយក្សកាណាដា អាលីមិនថេសិន ឃូចថាត ដើម្បីជូនដំណឹងថា សំណើដែលខ្លួនសុំទិញយកភាគហ៊ុនទាំងអស់របស់ខ្លួនរួមទាំងអាជីវកម្មហាងម៉ាត 7-Eleven ផងដែរនោះ គឺថោកពេកហើយ ហើយថា នៅតែមានការព្រួយបារម្ភអំពីច្បាប់ ស្ដីពីការប្រកួតប្រជែង។
ប្រភពដដែលបានបន្តថា សំណើបឋមដែលមិនចងភ្ជាប់កាតព្វកិច្ចផ្លូវច្បាប់របស់ក្រុមហ៊ុនយក្សកាណាដា បានសុំទិញយកភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនយក្សជប៉ុន Seven & i Holdings ដោយឱ្យតម្លៃត្រឹមតែក្រោម១៥ដុល្លារក្នុងមួយហ៊ុន ដែលធ្វើឱ្យតម្លៃសរុបនៃកិច្ចព្រមព្រៀងនេះមានទំហំប្រមាណ៤០ពាន់លានដុល្លារអាម៉េរិក។
ក្រុមហ៊ុនយក្សជប៉ុន Seven & i Holdings បានបង្កើតគណៈកម្មការមួយដើម្បីពិនិត្យមើលសំណើសុំទិញយកភាគហ៊ុននេះ។ បន្ទាប់ពីទទួលបានរបាយការណ៍ស្តីពីស្ថានភាពនៃដំណើរការត្រួតពិនិត្យពីគណៈកម្មការខាងលើ ក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Seven & i Holdings បានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ថា ខ្លួននឹងផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមហ៊ុនយក្សកាណាដា អាលីមិនថេសិន ឃូចថាត (Alimentation Couche-Tard) យ៉ាងឆាប់ នៅថ្ងៃសុក្រ ទី៦ ខែកញ្ញា នេះ។
ជាក់ស្តែង ក្រុមហ៊ុនយក្សជប៉ុន Seven & i Holdings បានចាត់ទុកសំណើសុំទិញយកភាគហ៊ុនទាំងអស់របស់ខ្លួននេះថា ទាបខ្លាំង បើធៀបនឹងតម្លៃសាជីវកម្មពិតរបស់ក្រុមហ៊ុន ហើយថា ការពិភាក្សាទាក់ទងនឹងការទិញយកភាគហ៊ុននេះនឹងបន្តធ្វើឡើង ហើយលិខិតនេះនឹងស្នើឱ្យក្រុមហ៊ុនយក្សកាណាដា ពិនិត្យមើលឡើងវិញ និងពិចារណាផ្ដល់សំណើទិញជាថ្មីក្នុងតម្លៃសមរម្យមួយដែលអាចទទួលយកបាន។
ទន្ទឹមនេះ ក៏សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននៅទូទាំងពិភពលោក មានហាងម៉ាត 7-Eleven រហូតដល់ទៅប្រមាណជាង៨៤.០០០ហាង នៅក្នុងប្រទេស និងតំបន់សរុបចំនួន១៩ រួមទាំងនៅកម្ពុជា ផងដែរ។ នេះបើយោងតាមគេទំព័រផ្លូវការរបស់ក្រុមហ៊ុនខ្សែសង្វាក់ហាងម៉ាត 7-Eleven ៕
ដោយ: តែម សុខុម