ប៉ុន្តែ មានកាយវិការខ្លះនឹងធ្វើឲ្យខ្លួនយើងមើលទៅឈ្លើយ ក្រអឺតក្រទម ហើយអ្នកជំនាញតែងតែហាមយើងមិនឲ្យប្រើកាយវិការទាំងនោះនៅក្នុងទំនាក់ទំនងរបស់យើង ជាពិសេស នៅក្នុងកម្មវិធីបែបសាធារណៈ និងផ្លូវការនានា។
បើតាមទស្សនាវដ្តី Business Insider បានចុះផ្សាយអំពីកាយវិការគួរចៀសវៀងទាំងអស់មាន ៧បែប ដូចខាងក្រោម៖
១. មិនប្រើក្រសែភ្នែកទាក់ទងគ្នា
អ្នកខ្លះមិនចូលចិត្តមើលមុខគ្នា ឬប្រើក្រសែភ្នែកជាមួយដៃគូសន្ទនានៅពេលប្រាស្រ័យទាក់ទងគ្នា។ កាយវិការបែបនេះគឺបង្ហាញឲ្យឃើញពីភាពខ្វះទំនុកចិត្តរបស់យើង ហើយជាពិសេសនោះ ធ្វើឲ្យដៃគូសន្ទនាយល់ថា យើងមិនយកចិត្តទុកដាក់ មិនឲ្យតម្លៃទៅអ្នកដែលយើងកំពុងប្រាស្រ័យទាក់ទងជាមួយ។ គេនិយាយបានមួយបែបទៀតថា នៅពេលដែលយើងនិយាយមិនមើលមុខគ្នា អាចធ្វើឲ្យគេយល់ថា យើងជាមនុស្សវាយឫក ឬក្រអឺតក្រទម។
២. ប្រើកាយវិការឱបដៃ
នេះអាចជាកាយវិការសាកលមួយបង្ហាញឲ្យឃើញថា អង្គុយ ឬឈរឱបដៃនិយាយជាមួយគេ គឺជាកាយវិការមិនសមរម្យមួយ។ ជាទូទៅ គេច្រើនគិតថា កាយវិការបែបនេះ គឺជាការផ្ញើសារប្រាប់ថា យើងមិនចាប់អារម្មណ៍ ឬមួយយើងហ្នឹងល្អគ្រាន់បើជាងគេពេក។
៣. យកដៃទ្រចង្កាខ្ពស់ពេក
អ្នកខ្លះច្រើនយកដៃទ្រចង្ការបស់ខ្លួននៅពេលនិយាយដើម្បីបង្ហាញនិងឲ្យមានទំនុកចិត្តក្នុងការសន្ទនា។ ប៉ុន្តែ បើសិនលើកចង្កាខ្ពស់ពេក វានឹងធ្វើឲ្យគេមកយើងថា បែបវាយឬក ក្រអឺតក្រទម និងមិនចាប់អារម្មណ៍នឹងការសន្ទនាទៅវិញទេ។ ស្រដៀងនឹងកាយវិការឱបដៃដែរ យកដៃទ្រចង្ការហូតនិងខ្ពស់ពេក វានឹងធ្វើឲ្យដៃគូសន្ទនារបស់យើងយល់ថា យើងមើលងាយ និងមានអំនួតដោយប្រយោល។
៤. កាយវិការចង្អុល
នេះជាកាយវិការដែលគេចាត់ទុកថា ឈ្លើយព្រហើន ច្រឡោងខាម។ នៅក្នុងការសន្ទនា គេមិនប្រើការចង្អុលនោះទេ បើសិនជាត្រូវការប្រើដៃទៅរកដៃគូសន្ទនា យើងគួរតែប្រើដៃលាទាំងអស់។
៥. ឧស្សាហ៍មើលម៉ោង
នេះជាកាយវិការមួយបង្ហាញថា យើងកំពុងតែធុញដល់កំពូល។ នៅក្នុងពេលនិយាយជាមួយនរណាម្នាក់ ហើយយើងតែងតែលួចមើលនាឡិកាដៃ ឬទូរស័ព្ទដៃដើម្បីមើលម៉ោងនោះ គេនឹងគិតថា យើងកំពុងទន្ទឹងរង់ចាំពេលវេលានឹងចាកចេញ កាន់តែឆាប់កាន់តែល្អ។
៦. មើលទៅណាផ្សេងពីគោលដៅ
កាយវិការនេះគឺដូចគ្នានឹងចំណុចទី១ដែរ។
៧. ភ្លេចធ្វើមុខធ្វើមាត់បង្ហាញពីអារម្មណ៍
ក្នុងការសន្ទនា ក្រៅពីប្រើក្រសែភ្នែកនិងអវៈយវៈទាំងអស់ហើយនេះ អារម្មណ៍សម្តែងឡើងតាមមុខគឺមានសារៈសំខាន់ផងដែរ៕