ប៉ុន្តែ ថ្មីៗនេះ គេហទំព័រនៃអង្គការ វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) ចុះផ្សាយអត្ថបទមួយ អំពីអាថ៌កំបាំង ៩យ៉ាង ដែលនាំឲ្យមនុស្សមានសុខភាពល្អ និងអាយុវែង។
អាថ៌កំបាំង ៩ចំណុចនេះ គឺជាលទ្ធផលនៃការស្រាវជ្រាវរបស់លោក Dan Buettner ស្ថាបនិក Blue Zones ជាក្រុមអ្នកស្រាវជ្រាវនិងអ្នកនិពន្ធ ដែលស្រាវជ្រាវនិងបោះពុម្ពផ្សាយសៀវភៅអំពីរូបមន្តជីវិតរីករាយនិងអាយុវែង។
លោក Dan Buettner បានស្រាវជ្រាវរកឃើញថា កត្តា ៩ យ៉ាង ដែលធ្វើឲ្យមនុស្សរស់នៅមានសុខភាពល្អ និងអាយុយឺនយូរ៖
១. ធ្វើចលនាតាមធម្មជាតិ
ការធ្វើចលនាតាមបែបធម្មជាតិពេញមួយថ្ងៃ ដូចជា ដើរ ធ្វើកិច្ចការដាំដុះក្នុងសួនផ្កា ធ្វើកិច្ចការងារផ្ទះ ជាដើម គឺជាផ្នែកដ៏សំខាន់មួយនៃរបៀបរបបរស់នៅដែលនាំឲ្យមានសុខភាពល្អ។
២. គោលបំណង
រៀងរាល់ថ្ងៃ អ្នកត្រូវកំណត់គោលបំណងប្រចាំថ្ងៃ ឧ. ហេតុអ្វីទើបអ្នកត្រូវក្រោកពីព្រលឹម ជាដើម នឹងធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ មានសុខភាពល្អ និងបង្កើនអាយុបានដល់ទៅ ៧ឆ្នាំ។
៣. បន្ថយល្បឿន (Down Shift)
មែនទែនទៅ ស្ត្រេស (ភាពតប់ប្រមល់ក្នុងចិត្ត) គឺជាផ្នែកមួយនៃជីវត។ ប៉ុន្តែ មនុស្សដែលមានអាយុវែងលើស១០០ឆ្នាំ មានវិធីកាត់បន្ថយស្ត្រេសនៅក្នុងទម្លាប់រស់នៅប្រចាំថ្ងៃរបស់ពួកគេតែម្ដង។ ឧទាហរណ៍ អ្នកខ្លះធ្វើសមាធិ ចូលព្រះវិហារ ឬសូត្រធម៌ អ្នកខ្លះគេងថ្ងៃ និងអ្នកខ្លះទៀត បង្កើតសកម្មភាពសប្បាយៗ។
៤. ហូបឆ្អែតត្រឹម ៨០%
អ្នកដែលមានសុខភាពល្អនិងអាយុវែង គឺហូបឆ្អែតត្រឹម ៨០% គឺមិនឲ្យឆ្អែត ១០០%នោះទេ ហើយពួកគេច្រើនទទួលទានអាហារតិច នៅពេលល្ងាច។
៥. ហូបបន្លែផ្លែឈើឲ្យបានច្រើន
សណ្ដែកគឺជាម្ហូបសំខាន់នៃរបបអាហាររបស់អ្នកដែលមានអាយុវែង។ ពួកគេទទួលទានបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិច្រើន និងហូបសាច់តិចតួច។
៦. ទទួលទានស្រាកម្រិតល្មម
ការទទួលទានស្រាកម្រិតល្មម ប៉ុន្តែ ទៀងទាត់ ជាមួយមិត្តភក្ដិ គឺជាផ្នែកមួយនៃរបៀបរស់នៅរបស់អ្នកមានអាយុវែងផងដែរ។
៧. ចូលជាសមាជិកក្លិប ឬសមាគមផ្សេងៗ
ការចូលជាសមាជិកក្លិប ឬសមាគមអ្វីមួយ ជួយបង្កើនអាយុរបស់អ្នកពី ៤ឆ្នាំ ទៅ ១៤ឆ្នាំ។
៨. គិតគូរដល់មនុស្សជាទីស្រលាញ់របស់អ្នកជាចម្បង
ការមានទំនាក់ទំនងល្អនិងស្និទ្ធស្នាលជាមួយក្រុមគ្រួសារ (ប្ដី ឬប្រពន្ធ ឪពុកម្ដាយ ជីដូនជីតា និងចៅៗ) គឺជាអ្វីដែលអ្នកមានអាយុវែងមានដូចៗគ្នា។
៩. សេពគប់ក្រុមមនុស្សដែលត្រឹមត្រូវ
ក្រុមមនុស្សដែលមានអាយុវែងជាងគេបំផុតនៅលើពិភពលោក សេពគប់មិត្តភក្ដិល្អៗ និងមានបណ្ដាញទំនាក់ទំនងសង្គមខ្លាំង៕