
អង្គការសហប្រតិបតិ្តការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច បានបន្ទាបការព្យាករកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់តំបន់ចាយប្រាក់អឺរ៉ូពី១,៣% មកនៅត្រឹម១% នៅឆ្នាំ២០២៥ ក្រោយសម្ពាធនៃការដំឡើងពន្ធដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានធ្វើឱ្យការវិនិយោគនៅតំបន់អឺរ៉ុប មានភាពទន់ខ្សោយ គួបផ្សំការកើនឡើងហានិភ័យភូមិសាស្ត្រនយោបាយ និងបញ្ហាប្រទាញប្រទង់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News។
ទន្ទឹមនឹងបន្ទាបការព្យាករកំណើន GDP នៅតំបន់អឹរ៉ុប អង្គការជំនាញសេដ្ឋកិច្ចមួយនេះ ក៏បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសកលពី៣,៣% មកនៅត្រឹម៣,១% ផងដែរ ដោយសារការដំឡើងដាក់គ្នាទៅវិញទៅមករវាងប្រទេសមហាអំណាច និងការឡើងកម្តៅសង្គ្រាមពាណិជ្ជកម្មបានធ្វើឱ្យប៉ះពាល់អារម្មណ៍ និងការចំណាយរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក។
ការទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប និងលើសកលលោករបស់អង្គការ ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសនេះ ធ្វើឡើងចំពេលមានការកើនឡើងហានិភ័យភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មជាសកល។ បើតាមអង្គការដដែលនេះ តំបន់ចាយប្រាក់អឺរ៉ូ កំពុងតស៊ូជាមួយនឹងការធ្លាក់ចុះតម្រូវការខាងក្រៅ និងថ្លៃដើមកម្ចីកើនឡើង ដែលនឹងជះឥទ្ធិពលអាក្រក់ដល់ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញដ៏រឹងមាំនៅឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ អង្គការនេះ បានព្រមានថា កំណើនសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងសម្ពាធអតិផរណាកើនឡើង ដែលអាចធ្វើឱ្យការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប និងនៅលើពិភពលោកទាំងមូលប្រឈមនឹងភាពផុយស្រួយ ដែលបណ្តាលមកពីការបែកបាក់សេដ្ឋកិច្ចជាសកល។
អង្គការជំនាញសេដ្ឋកិច្ចខាងលើ ក៏បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅប្លុកចាយប្រាក់អឺរ៉ូពី០,៧% មកនៅត្រឹម០,៤%។ ជាមួយគ្នានេះ សេដ្ឋកិច្ចរបស់បារាំង ដែលជាបងធំមួយដែរនៅក្នុងប្លុកនេះ ត្រូវបានស្ថាប័ននេះព្យាករថា នឹងសម្រេចបានក្នុងរង្វង់០,៨% ខណៈអ៊ីតាលីមានក្នុងរង្វង់០,៧%។
ដោយឡែកប្រទេសអេស្ប៉ាញ ត្រូវបានព្យាករថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់២,៦% នៅឆ្នាំ២០២៥ មុនធ្លាក់ចុះនៅមកត្រឹម២,២% នៅឆ្នាំ២០២៦ ពោលគឺខ្ពស់ជាងការព្យាករដែលគេបានធ្វើកាលពីកន្លងទៅ៕
ដោយៈ សរ សុជាតិ