ក្រោយពីទទួលបានការអនុញ្ញាតជាគោលការណ៍ពីធនាគារជាតិ និងការអនុម័តលើ សំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ពីគណៈកម្មកាមូលបត្រកម្ពុជារួចមក ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ដែលគេស្គាល់ថា ធនាគារ ABA នោះ បានប្រកាសថា ខ្លួនរំពឹងនឹងអាចបោះផ្សាយលក់មូលបត្របំណុលជាផ្លូវការនៅ ក្នុងផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី១៦ សីហា ឆ្នាំ២០១៩នេះហើយ ជាមួយនឹងទំហំទឹកប្រាក់សរុប ៣២ លានដុល្លារអាមេរិក។
ថ្លែងក្នុងពិធី RoadShow ការបោះផ្សាយលក់សញ្ញាបណ្ណសារជីវកម្ម របស់ធនាគារ ABA កាលពីពេលថ្មីៗនេះ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានថ្លែងថា មូលបត្របំណុលទំហំទឹកប្រាក់៣២ លានដុល្លាររបស់ធនាគារ ABA ដែលត្រៀមនឹងបោះផ្សាយលក់នេះ គឺជាការប្រមូលសាច់ប្រាក់ក្នុងទីផ្សារមូលបត្របានច្រើនជាងគេ ធៀបនឹងក្រុមហ៊ុន លក់មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលផ្សេងទៀតដែលបានដាក់លក់ក្នុងផ្សារមូលបត្រនាពេលកន្លងមក។
ក្រុមហ៊ុន SBI Royal Securities ត្រូវបានធនាគារ ABA ជ្រើសយកជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់សម្រាប់ការបោះផ្សាយលក់មូលបត្របំណុលនេះ។
បើតាម ឯកឧត្តម ស៊ូ សុជាតិ ចំនួនទឹកប្រាក់ដែលមានបោះផ្សាយលក់មូលបត្រនៅលើទីផ្សារ បើបូកទាំងមូលបត្របំណុលរបស់ធនាគារ ABA ទៀតនោះអាចមានលើស១៥០ លានដុល្លារអាមេរិក ហើយឯកឧត្តមសង្ឃឹមថា នៅចុងឆ្នាំនេះ អាចនឹងកើនឡើងដល់៤០០លានដុល្លារអាមេរិក។
ក្នុងនោះ សម្រាប់ការលក់មូលបត្របំណុលនេះ បូករួមទាំង ABA គឺមានមានការប្រមូលសាច់ប្រាក់លើទីផ្សារប្រមាណ ៨២លានដុល្លារអាមេរិក។
ឯកឧត្តម បន្តទៀតថា ការលក់មូលបត្របំណុលរបស់ធនាគារ ABA គឺមានលក្ខណៈពិសេសជាងការលក់របស់ក្រុមហ៊ុនមុនៗនៅក្នុងផ្សារមូលបត្រកម្ពុជា ដោយសារតែABA ក៏បានអនុញ្ញាតឲ្យអ្នកវិនិយោគដែលមានដើមទុនតិច ក៏អាចមានលទ្ធភាពទិញបានដែរ ខណៈដែលក្រុមហ៊ុនដែលធ្លាប់បោះផ្សាយបណ្ណបំណុលកាលពីមុនៗ គឺលក់សម្រាប់តែវិនិយោគិនធំៗ ពោលគឺអ្នកដែលមានលុយច្រើនប៉ុណ្ណោះ។
បើតាម ឯកឧត្តម ស៊ូ សុជាតិ បញ្ជាក់ពីឯកឧត្តម ស៊ូ សុជាតិ តម្លៃបណ្ណបំណុលរបស់ធនាគារ ABA ដែលត្រៀមបោះផ្សាយលក់ឆាប់ៗនេះ គឺមានតម្លៃ តែ១០ម៉ឺនរៀលប៉ុណ្ណោះ ក្នុងមួយបណ្ណ ដូច្នេះ អ្នកមានប្រាក់ចាប់ពី ១០ ម៉ឺនរៀលឡើងទៅ គឺអាចទិញបណ្ណបំណុលរបស់ធនាគារ ABA បានហើយ។ ប៉ុន្ដែ អ្វីដែល ឯកឧត្តមបារម្ភនោះ គឺ អ្នកចង់ទិញខ្លះ អាចនឹងទិញមិនទាន់ផង ព្រោះបន្ទាប់ពីមានការប្រកាសដាក់លក់មក ឃើញថា មានអ្នកចាប់អារម្មណ៍ទិញបណ្ណបំណុលនេះច្រើន។
បើតាមធនាគារ ABA មូលបត្របំណុលដែលនឹងត្រូវបោះផ្សាយឆាប់ៗនេះ គឺមានចំនួនសរុប ១.២៨០.០០០ បណ្ណ ដែលមានតម្លៃត្រឹមតែ ១០ម៉ឺនរៀល ឬស្មើនឹង២៥ ដុល្លារប៉ុណ្ណោះ ក្នុងមួយបណ្ណ។ ចំពោះអត្រាកូប៉ុង ឬអត្រាការប្រាក់វិញ គឺមានចន្លោះពី ៧% ទៅ៧,៧៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ និងការទូទាត់សងអត្រាការប្រាក់នេះ នឹងធ្វើឡើងរៀងរាល់ឆមាស។
ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឲ្យដឹងថា ធនាគារ ABA នឹងក្លាយជាក្រុមហ៊ុនចុះបញ្ជីទី ៨ នៅក្នុងផ្សារមូលបត្រកម្ពុជា និងជាធនាគារពាណិជ្ជទី១ ដែលបានចុះបញ្ជីលក់សញ្ញាបណ្ណ។ ក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីចំនួន៧ ដែលមានស្រាប់នាបច្ចុប្បន្ននៅក្នុងផ្សារមូលបត្រកម្ពុជា គឺមានក្រុមហ៊ុនចំនួន ៥ ជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ ឬហៅថាភាគហ៊ុន និងមានក្រុមហ៊ុន២ផ្សេងទៀត គឺជាក្រុមហ៊ុនចុះបញ្ជីលក់សញ្ញាបណ្ណ ឬហៅថាមូលបត្របំណុល។
ឯកឧត្តម ហុង សុហួរ បន្ថែមថា ការចុះបញ្ជីក្នុងផ្សារហ៊ុន ក្រុមហ៊ុនចុះបញ្ជីមិនត្រឹមតែទទួលបានហិរញ្ញវត្ថុយកទៅប្រើប្រាស់សម្រាប់ពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏ជួយដល់ការជ្រោមជ្រែងអភិវឌ្ឍន៍ដល់វិស័យផ្សារមូលបត្រដ៏ក្មេងខ្ចីនេះ ដើម្បីផ្ដល់នូវឧបករណ៍វិនិយោគបន្ថែមដល់សាធារណៈជនក្នុងស្រុក ខណៈដែលបច្ចុប្បន្ននេះ ពួកគាត់ផ្ដោតការយកចិត្តទុកដាក់តែលើការវិនិយោគលើវិស័យអចលនទ្រព្យប៉ុណ្ណោះ ដែលបាននិងកំពុងធ្វើឲ្យវិស័យអចលនទ្រព្យកាន់តែរីកប៉ោងធំឡើង និងកំពុងមានហានិភ័យប្រឈមនឹងវិបត្តិ។
ឯកឧត្តម ហុង សុហួរបានគូសបញ្ជាក់ថា ការរីកប៉ោងនៃវិស័យអចលនទ្រព្យ ក៏អាចជាឧបសគ្គសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានលើកឡើងដែរថា សញ្ញាបណ្ណសាជីវកម្ម ABA គឺជាការផ្ដល់ជូនលើកដំបូង នៃមូលបត្របំណុលពីធនាគារពាណិជ្ជ នៅកម្ពុជា ហើយវាជាសញ្ញាបណ្ណកម្ពុជាដំបូងគេ ដែលទទួលបានចំណាត់ថ្នាក់លទ្ធភាពសង កម្រិត ‘B’ ពីភ្នាក់ងារវាយតម្លៃ S&P Global Ratings។ ធនាគារ ABA គឺជាអ្នកបោះផ្សាយដំបូងដែលផ្ដល់សញ្ញាបណ្ណសាជីវកម្ម ដល់វិនិយោគិនរូបវន្ត។ ធនាគារ ABA ចាត់ទុកការផ្ដល់ជូននេះ ជាជំហានដ៏ សំខាន់មួយ ដែលមិនមែន សម្រាប់តែ ប្រយោជន៍របស់ធនាគារតែមួយប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ទីផ្សារហិរញ្ញវត្ថុទាំងមូលរបស់កម្ពុជាដែរ។
បើតាម ការគូសបញ្ជាក់ពីលោក Askhat តាមរយៈការបោះផ្សាយសញ្ញាបណ្ណនេះ ធនាគារ ABA នឹងមានលទ្ធភាព អាចផ្ដល់ឥណទានជាប្រាក់រៀល បានកាន់តែ ច្រើនបន្ថែមទៀតដល់អាជីវកម្មខ្នាតតូច, សហគ្រាសខ្នាតតូច និងមធ្យម នៅតាមជនបទ ដើម្បីគាំទ្រអាជីវកម្ម និង ប្រតិបត្តិការរបស់ពួកគាត់។
គួរបញ្ជាក់ថា ធនាគារ ABA គឺជាធនាគារមួយក្នុងចំណោមគ្រឹះស្ថានធនាគារឈានមុខគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦។ គិតមកទល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩ ទ្រព្យសកម្មរបស់ធនាគារABA មានចំនួន ៣,៣៦ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យធនាគារនេះ ក្លាយជាធនាគារធំទី៣ នៅកម្ពុជា៕