លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានគូសបញ្ជាក់ប្រាប់ ខេមបូណូមីស តាមប្រព័ន្ធតេឡេក្រាមថា ធនាគារអេស៊ីលីដា បានសម្លឹងមើលឱកាសទីផ្សារសក្ដានុពលនៅប្រទេសមួយចំនួន ហើយនៅចុងក្រោយធនាគារនេះ បានសម្រេចជ្រើសរើសប្រទេសថៃ សម្រាប់ផែនការបោះផ្សាយលក់បណ្ណបំណុលរបស់ខ្លួន។
លោកបណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ថា «យើងត្រូវបោះផ្សាយលក់មូលបត្របំណុលនៅប្រទេសថៃ ប៉ុន្ដែបោះជាលុយបាតទេ ដែលមានទំហំទឹកប្រាក់ស្មើនឹង ១០០លានដុល្លារហ្នឹង យើងធ្វើកិច្ចសន្យាប្ដូរអត្រារូបិយបណ្ណហ្នឹងទៅជា US ដុល្លារ [ប្រាក់ដុល្លារអាមេរិក]» ។
នៅពេលដែលសួរថា ហេតុអ្វី បានជាលោកជ្រើសរើសប្រទេសថៃ សម្រាប់ការបោះផ្សាយលក់មូលបត្របំណុល ដោយមិនបោះផ្សាយលក់បណ្ណបំណុលនៅក្នុងទីផ្សារក្នុងស្រុក? លោកបណ្ឌិត អ៊ិន ចាន់នី គូសបញ្ជាក់ថា តាមពិតធនាគារអេស៊ីលីដា អាចបោះផ្សាយលក់បណ្ណបំណុលនៅប្រទេសផ្សេងៗទៀត ដែលជាប្រភពទីផ្សារហិរញ្ញវត្ថុ ដោយស្របតាមការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ប៉ុន្ដែ ការជ្រើសរើសប្រទេសថៃ ដ្បិតប្រទេសនេះ មានប្រភពទីផ្សារហិរញ្ញដ៏សំខាន់មួយសម្រាប់ការបោះផ្សាយបណ្ណបំណុល។
«យើងអាចជ្រើសរើសប្រទេសផ្សេងៗទៀត ព្រោះជាទីផ្សារហិរញ្ញវត្ថុ កាលណាមានប្រភពទុនពីកន្លែងណា យើងបោះផ្សាយនៅកន្លែងនោះ បន្ទាប់ពីមានការអនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធ ដូចជា ធនាគារជាតិ និងគណៈកម្មការមូលបត្រកម្ពុជា ហៅកាត់ គ.ម.ក។ កាលណាអាជ្ញាធរ អនុញ្ញាត គឺយើងធ្វើការបោះផ្សាយ ហើយប្រទេសថៃ គឺជាប្រភពទុនសំខាន់មួយ ដែលយើងអាចបោះផ្សាយលក់មូលបត្របំណុល»។
បើតាមការអះអាងរបស់ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដារូបនេះ ដើមទុនដែលប្រមូលបានពីការបោះផ្សាយលក់មូលបត្របំណុលនេះ នឹងត្រូវយកមកប្រើប្រាស់សម្រាប់ការផ្ដល់កម្ចីសម្រាប់វិស័យសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា។
យោងតាមសេចក្ដីជូនដំណឹងរបស់ធនាគារអេស៊ីលីដា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា ធនាគារអេស៊ីលីដា បានទទួលការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណ ឬបណ្ណបំណុលនៅក្នុងប្រទេសថៃ ដែលមានទំហំសរុបដល់ ១០០លានដុល្លារអាមេរិក សមមូលជាប្រាក់បាតថៃ សម្រាប់រយៈពេល៧ឆ្នាំ។
សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានគូសបញ្ជាក់ថា ធនាគារអេស៊ីលីដា កំពុងបន្ដនីតិវិធី និងបំពេញបែបទ តាមច្បាប់ បទបញ្ញត្តិ និងលក្ខខណ្ឌតម្រូវរបស់អាជ្ញាធរថៃ និងភាគីពាក់ព័ន្ធ ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណនេះ។
សូមបញ្ជាក់ថា អេស៊ីលីដា គឺជាធនាគារពាណិជ្ជដំបូងគេមួយ ដែលបានបោះផ្សាយលក់ភាគហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជាកាលពីឆ្នាំ២០២០។ គិតត្រឹមចុងឆ្នាំ២០២២ អេស៊ីលីដា មានទ្រព្យសកម្មសរុបជាង៩ពាន់លានដុល្លារអាមេរិក ខណៈទំហំប្រាក់បញ្ញើមានជាង៦ពាន់លានដុល្លារ និងមានឥណទានសរុបជាង៦ពាន់លានដុល្លារ។ រីឯប្រាក់ចំណេញសុទ្ធ នៅឆ្នាំ២០២២ សរុបមានជាង ១៨១លានដុល្លារ៕