ថ្នាក់ដឹកនាំធនាគារពាណិជ្ជដ៏ធំនេះបានបញ្ជាក់ថា កត្តាដែលជំរុញឲ្យអេស៊ីលីដាបង្កើនដើមទុននៅឡាវ ដោយសារឡាវជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ-១៩ តិចជាងគេនៅតំបន់អាស៊ាន គួបផ្សំការប្រតិបត្តិការកន្លងមករបស់ធនាគារអេស៊ីលីដា មានដំណើរការល្អ ទោះបីមានការរំខានពីមេរោគកូវីដ-១៩។ ម្យ៉ាងវិញទៀត វាជាឱកាសរបស់អេស៊ីលីដានៅក្នុងប្រទេសឡាវ ក្នុងការឈានទៅសម្រេចគោលដៅបង្កើនដើមទុនឲ្យបានជិត៥៣លានដុល្លារនៅឆ្នាំ២០២៤។
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានបញ្ជាក់ប្រាប់ខេមបូណូមីសថា មូលហេតុដែលអេស៊ីដាសម្រេចបង្កើនទុនរបស់ធនាគារអេស៊ីលីដា ឡាវ ក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩ ព្រោះវាជាឱកាសក្នុងការពង្រីកប្រតិបត្តិការរបស់អេស៊ីលីដានៅលើទឹកដីឡាវ ដ្បិតថា ក្នុងវិបត្តិនេះអាចមានគូប្រជែងមួយចំនួនបន្ធូរបន្ថយការពង្រីកប្រតិបត្តិការ។ លោកស្រី អមរា បន្ថែមថាក្នុងវិបត្តិតែងតែមានឱកាសសម្រាប់អាជីវកម្មមួយចំនួន ពិសេសសម្រាប់អេស៊ីលីដាតែម្តងក្នុងការពង្រីកសេវាកម្មឌីជីថល។
ការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានល្អពីសំណាក់រដ្ឋាភិបាលឡាវ គួបផ្សំប្រទេសនេះមានចំនួនអ្នកកូវីដ-១៩តិចជាងគេនៅតំបន់អាស៊ាន ក៏ជាកត្តាមួយក្នុងការជំរុញឲ្យមានការបង្កើនទុនរបស់ធនាគារអេស៊ីលីដាឡាវ នេះដែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ារ អមរា។
លោកស្រី ម៉ារ អមរា បានបញ្ជាក់យ៉ាងដូច្នេះថា៖«នៅក្នុងខណៈពេលដែលពិភពលោកកំពុងតែទទួលរងនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ វាក៏ជាឱកាសរបស់អាជីវកម្មមួយចំនួនផងដែរ ជាពិសេសការផ្តោតលើសេវាឌីជីថល។ ប្រតិបតិ្តការ និងគុណភាពផលិតផល-សេវាកម្មរបស់ធនាគារ អេស៊ីលីដា ឡាវ មានដំណើរការល្អប្រសើរ។ ឡាវជាប្រទេស ដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩ មានចំនួនតិចជាងគេក្នុងចំណោមប្រទេសនៅអាស៊ាន»។
ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីដាបានបញ្ជាក់បន្ថែមថា ការបង្កើនទុននេះ គឺវាស្របតាមផែនការប្រចាំឆ្នាំរបស់ អេស៊ីលីដា ដែលមានគម្រោងបង្កើនដើមទុន៣ឆ្នាំជាប់គ្នាពីឆ្នាំ២០២០-២០២២។ តាមគម្រោងអេស៊ីលីដា ឡាវ នឹងបង្កើនដើមទុនឲ្យដល់៥០០ពាន់លានគីបឡាវ ឬប្រមាណជិត៥៣លានដុល្លារអាមេរិកនៅឆ្នាំ២០២៤។ លោកស្រី ម៉ារ អមរា បានបញ្ជាក់ថា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២១ ធនាគារ អេស៊ីលីដា ឡាវ មានសមតុល្យឥណទានប្រមាណ ១៥៣លានដុល្លារអាមេរិក។ ធនាគារអេស៊ីលីដា ឡាវ មានផ្តល់សេវាកម្មចំនួន៩រួមមានសេវាឥណទាន, សេវាបញ្ញើ-សន្សំ, សេវាចាត់ចែងសាច់ប្រាក់, សេវាផ្ទេរប្រាក់, សេវាហិរញ្ញប្បទានពាណិជ្ជកម្ម, សេវាប័ណ្ណអេស៊ីលីដា, សេវាអេស៊ីលីដាម៉ូបាល, ម៉ាស៊ីនអេធីអឹម អេស៊ីលីដា និងសេវាបញ្ជាតាមរយៈ E-mail ឬFax ជាដើម៕