បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយ ដែលគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក បានចាប់ដៃគូជាយុទ្ធសាស្រ្ត ដោយសហការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាផ្ទេរប្រាក់ និងដាក់-ដកប្រាក់របស់ស្ថាប័នទាំងពីរឱ្យកាន់តែទូលំទូលាយថែមទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ទន្ទឹមនឹងនេះ កិច្ចសហការរវាងស្ថាប័នទាំងពីរ គឺក្នុងគោលបំណងដើម្បីបង្កើន ភាពងាយស្រួលជូនដល់អតិថិជន និងសាធារណជនទាំងអស់ ក្នុងការធ្វើប្រតិបត្តិការដូចខាងក្រោម៖
១- ផ្ទេរប្រាក់រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនី E-Wallet របស់គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក
២- ផ្ទេរប្រាក់រវាងគណនីអេស៊ីលីដា ទាន់ចិត្ត និងគណនី E-Wallet របស់គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក
៣- អតិថិជនរបស់គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក អាចដក និងដាក់ប្រាក់ តាមរយៈម៉ាស៊ីន ATM របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមិនចាំបាច់ប្រើកាត។
កិច្ចសហប្រតិបត្តិការនេះ
នឹងផ្តល់ឱ្យអតិថិជន និងសាធារណជនទាំងអស់ ចំណេញពេលវេលា កាត់បន្ថយ ចំណាយក្នុងការផ្ទេរប្រាក់
និងដាក់-ដកប្រាក់ ដែលជាចំណែកមួយនៃការពង្រឹង និងពង្រីកសេវាកម្ម ឌីជីថលឱ្យ សម្បូរបែប
ដើម្បីសម្រួលដល់ប្រតិបត្តិការសាច់ប្រាក់របស់អតិថិជន និងសាធារណជន ក្នុងការជួយលើកស្ទួយ
ជីវភាពឱ្យកាន់តែប្រសើរឡើង។
លោក Pes Kimsrean ប្រធាននាយកប្រតិបត្តិគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក បានមានប្រសាសន៍ថា លោកមានទស្សនវិស័យចំពោះ ភាពជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា តាំងពីជាង ១០ឆ្នាំមុនមកម្ល៉េះ។ លោក បន្ថែមថា «នៅពេល ដែលខ្ញុំធ្វើការបញ្ជាទិញទំនិញលើ Platform Alibaba បានធ្វើឲ្យខ្ញុំ មានគំនិតក្នុងការបង្កើត មុខរបរនេះ តាំងពីពេលនោះមក»។ លោកបានផ្ដួចផ្ដើមគំនិត និងស្វែងរកមិត្តភក្តិដែលមានជំនាញផ្នែកនេះ តាមដែលអាចធ្វើទៅបាន រហូតដល់សុបិនក្លាយជាការពិត។ លោក Kimsrean បន្ថែមទៀតថា «ពួកយើងបានចាប់ផ្ដើមការងារនេះ អស់រយៈពេលប្រហែលជាបីឆ្នាំមកហើយ។ វាសមល្មមនឹងដាក់ឱ្យប្រើប្រាស់កម្មវិធីនេះ នៅលើទីផ្សារបាន»។ KESS CHAT ផ្សារភ្ជាប់ជាមួយ កសិករ អ្នកប្រើប្រាស់ អ្នកលក់ដូរ ឬ អ្នកផ្គត់ផ្គង់ អាចទទួលបានការទូទាត់តាមរយៈ Wechat / Alipay/Visa Card, Mastercard និងកាត ATM ធនាគារ អេស៊ីលីដា ភីអិលស៊ី។
លក្ខណៈពិសេសរបស់កម្មវិធីនេះ អាជីវករម្នាក់ៗ អាចគ្រប់គ្រងបានច្រើនហាង ឬច្រើនសាខា ហើយក៏មាន ភាពងាយស្រួលក្នុងការគ្រប់គ្រងស្តុកទំនិញ ឬសេវាកម្មចែកចាយផ្សេងៗ ឬការទូទាត់វិក្កយប័ត្រទឹក/វិក្កយប័ត្រអគ្គិសនី និងការជជែកលេងជាមួយមិត្តភ័ក្ត ឬជាមួយអ្នកលក់បានផងដែរ៕