លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា បានបង្ហាញពីភាពរីកចម្រើនរបស់អេស៊ីលីដាម៉ូបាល ក្នុងការរួមចំណែកជួយអភិវឌ្ឍប្រព័ន្ធទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក ដែលកំពុងមានការពេញនិយម និងរីកចម្រើនខ្លាំងនៅកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។
តាមរយៈភាពរីកចម្រើននៃវិស័យនេះ លោកស្រី សុខ សោភា ជឿជាក់ថា នៅឆ្នាំ២០២៣នេះ ប្រតិបត្តិការទូទាត់នានា ក៏ដូចការផ្ទេរប្រាក់ តាមរយៈអេស៊ីលីដាម៉ូបាល នឹងកើនឡើង២ ឬ៣ដងឯណោះ បើធៀបនឹងឆ្នាំ២០២២ ខណៈដែលធនាគារអេស៊ីលីដា នៅតែបន្ដលើកទឹកចិត្តដល់អតិថិជនឆ្លាតវៃរបស់ខ្លួន ក្នុងការប្រើប្រាស់អេស៊ីលីដាម៉ូបាល ដែលជាសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ចាំបាច់ និងទំនើបទាន់សម័យសម្រាប់មនុស្សសម័យថ្មី។
ការបង្ហាញពីក្ដីរំពឹងនៃកំណើនខ្ពស់នេះ ត្រូវបានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារអេស៊ីលីដារូបនេះ អះអាងថា គឺវាសមស្របទៅនឹងនិន្នាការនៃការពេញនិយមប្រើប្រាស់សេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ដែលកំពុងមានសម្ទុះយ៉ាងខ្លាំងក្លានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការជំរុញ និងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើន ដោយធនាគារជាតិនៃកម្ពុជា។
ជាក់ស្ដែង នៅឆ្នាំ២០២២ កន្លងទៅ ការធ្វើប្រតិបត្តិការទូទាត់នានា និងផ្ទេរប្រាក់នៅលើអេស៊ីលីដាម៉ូបាលមានចំនួន ១៣៧លានប្រតិបត្តិការ ក្នុងទំហំទឹកប្រាក់ជិត ១៦០លានដុល្លារ បើធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹមតែ ៧៧លានប្រតិបត្តិការ ជាមួយទំហំទឹកប្រាក់ប្រមាណ ៨៨លានដុល្លារប៉ុណ្ណោះ ពោលគឺ ទំហំទឹកប្រាក់ប្រតិបត្តិការនេះ មានការកើនឡើងជាង ៨០% ឯណោះ។ នេះបើតាមការអះអាងរបស់លោកស្រី សុខ សោភា។
របាយការណ៍ប្រចាំឆ្នាំ២០២២ របស់ធនាគារជាតិ នៃកម្ពុជាបង្ហាញថា នៅក្នុងឆ្នាំ២០២២ ចំនួនគណនីអីវ៉ាឡេត បានកើនឡើងគួរឱ្យកត់សម្គាល់ដល់ជិត ១៨ លានគណនី ហើយចំនួនប្រតិបត្តិការរបស់សេវាទូទាត់សងប្រាក់វិញ បានកើនដល់ ១ពាន់លានប្រតិបត្តិការ ក្នុងទំហំទឹកប្រាក់ ២៧២ពាន់លានដុល្លារ កើនឡើង ៣៤% ដែលស្មើនឹងជាង ១០ដងនៃផលិតផលក្នុងស្រុកសរុប។
បើតាមធនាគារជាតិ ប្រព័ន្ធផាត់ទាត់ជាតិ និងប្រព័ន្ធសេវាទូទាត់រហ័ស កំពុងត្រូវបានធ្វើបច្ចុប្បន្នកម្មឱ្យមានភាពប្រសើរជាងមុន ហើយស្តង់ដារ KHQR កូដ ត្រូវបានម្ពោធដាក់ឱ្យប្រើប្រាស់ ដើម្បីពង្រឹងសុវត្ថិភាព កាត់បន្ថយចំណាយប្រតិបត្តិការ និងជំរុញបរិយាបន្នហិរញ្ញវត្ថុ។ យ៉ាងណាមិញ ប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង បានជួយសម្រួលអន្តរប្រតិបត្តិការរវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បង្កើនប្រសិទ្ធភាពក្នុងប្រព័ន្ធទូទាត់សងប្រាក់ និងជំរុញការទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់។
សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា ក៏បានជំរុញឲ្យមានការការទូទាត់ឆ្លងដែនតាមប្រព័ន្ធឌីជីថលនេះ ជាមួយបណ្តាប្រទេសក្នុងតំបន់ផងដែរ ដែលបច្ចុប្បន្នកំពុងជំរុញតភ្ជាប់ការទូទាត់ឆ្លងដែន ជាមួយប្រទេសឡាវ និងវៀតណាម បន្ទាប់ពីសម្រេចបានការតភ្ជាប់ជាមួយប្រទេសថៃ និងម៉ាឡេស៊ី ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការផ្ទេរប្រាក់ឆ្លងដែនឱ្យកាន់តែមានភាពងាយស្រួលឆាប់រហ័ស និងសុវត្ថិភាព៕