ការសម្រេចប្រកាសប្ដូររូបរាងស្លាកញ្ញាថ្មីនេះ គឺធ្វើឡើងក្រោយពីមានកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនវិសាមញ្ញ ដែលដឹកនាំដោយលោក ឆាយ សឿន ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារអេស៊ីលីដា។ កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកវិសាមញ្ញនេះ មានការចូលរួមពីភាគហ៊ុនិកសាធារណៈ និងមានរបៀបវារៈចំនួន៩ ត្រូវបានអនុម័ត ដែលក្នុងនោះរបៀបវារៈទីមួយ ទទួលចំណាប់អារម្មណ៍ គឺការផ្លាស់ប្តូរស្លាកសញ្ញាថ្មី របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។
បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានផ្លាស់ប្តូររូបរាងស្លាកសញ្ញាថ្មី ដោយរក្សានូវនិមិត្តរូប អត្តសញ្ញាណ និងអត្ថន័យដែលធនាគារបានកសាងជាង២៩ឆ្នាំកន្លងមក។ ស្លាកសញ្ញាថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា “និមិត្តរូបបក្សីសួគ៌” ឈរនៅចំកណ្តាលរង្វង់មូលពណ៌ខៀវទឹកប៊ិក ដែលបង្ហាញពីភាពរឹងមាំ និងវឌ្ឍនភាពប្រកបដោយចីរភាព។
លោកបណ្ឌិត អុិន ចាន់នី បន្ថែមថា គោលបំណង នៃការផ្លាស់ប្តូរស្លាកសញ្ញាថ្មី របស់ធនាគារស្របតាម ទស្សនៈ បេសកកម្ម យុទ្ធសាស្រ្ត និងការអភិវឌ្ឍ បច្ចេកវិទ្យាហិរញ្ញវត្ថុទាន់សម័យជាសកល។ ចំណែកពណ៌នៃស្លាកសញ្ញាថ្មី គឺមានបីពណ៌ គឺទី១ ពណ៌ស តំណាងឲ្យអភិសមាចារ (តម្លាភាព ភាពស្មោះត្រង់ និងសុចរិតភាព) ទី២ ពណ៌មាស តំណាងឲ្យគុណតម្លៃ និងគុណភាព និងទី៣ ពណ៌ខៀវទឹកប៊ិក តំណាងឲ្យសាមគ្គីភាព ស្ថិរភាព និងសុវត្ថិភាព។ រឺឯពណ៌ទាំងបីបញ្ចូលគ្នាប្រៀបទៅនឹងគ្រាប់ពូជ និងធនធានដែលបានរីកដុះដាល និងការអភិវឌ្ឍក្នុងវិស័យហិរញ្ញវត្ថុ ប្រកបដោយចីរភាព ។
តាមការអះអាងរបស់លោកបណ្ឌិត អុិន ចាន់នី ស្លាកសញ្ញាថ្មី គ្រោងនឹងរៀបចំដាក់ឲ្យប្រើប្រាស់ចាប់ពីខែមករា ឆ្នាំ២០២១៕