ជាការបើកឆាកសករាជថ្មី សម្រាប់វិស័យមូលបត្រនៅក្នុងឆ្នាំ ២០២០នេះ តួអង្គដ៏សំខាន់មួយ គ្រោងនឹងបង្ហាញខ្លួន មុនខែ មេសា ខាងមុខ គឺធនាគារអេស៊ីលីដា នឹងក្លាយជាធនាគារពាណិជ្ជទី ១ នៅកម្ពុជា ដែលនឹងចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា ដើម្បីបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាលើកដំបូងបង្អស់ និងបើកឱកាសឲ្យ សាធារណជន អាចក្លាយជាម្ចាស់ភាគហ៊ុនរបស់ អេស៊ីលីដា។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា វាជាយុទ្ធសាស្រ្តដែលបានគ្រោងទុកយូរមកហើយ ក្នុងការឈានជើងចូលក្នុងវិស័យមូលបត្រនៅកម្ពុជា ហើយភាគហ៊ុន របស់ធនាគារអេស៊ីលីដា នឹងត្រូវដាក់លក់ជូនសាធារណជន នាពេលឆាប់ៗខាងមុខ។
លោកបណ្ឌិត បន្ថែមថា នៅពេលនេះ គឺមិនទាន់អាចបញ្ជាក់ពី ទំហំទឹកប្រាក់ប៉ុន្មាន និងតម្លៃប៉ុន្មាន ដែលត្រូវបោះផ្សាយនោះទេ តែប្រភពទុនថ្មីនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់គំាទ្រដល់ការលូតលាស់របស់ធនាគារ ទាំងក្នុងស្រុក និងក្នុងតំបន់ ជាពិសេសគឺ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធនាគារឌីជីថល ដែលជាអ្វីធនាគារនេះ បាននិងកំពុងប្រតិបត្តិការ ស្របតាមយុទ្ធសាស្រ្តរបស់ធនាគារសម័យទំនើប ៤.០ ក្នុងន័យពង្រីកវិសាលភាពនៃការបម្រើសេវាកម្ម និងផ្តល់សេវាដ៏ល្អប្រសើរជាងមុន។
បើតាមលោកបណ្ឌិត អ៊ិន ចាននី បានមានប្រសាសន៍ថា ដើមឡើយនៅឆ្នាំ ១៩៩៣ អេស៊ីលីដា គ្រាន់តែជាជាអង្គការក្រៅរដ្ឋាភិបាលមួយប៉ុណ្ណោះ ជាមួយនឹងដើមទុនដំបូងជាង ៦០ ម៉ឺនដុល្លារ ហើយបើគិតមកទល់បច្ចុប្បន្ន ទុនអេស៊ីលីដា បានកើនឡើងរហូតដល់ទៅ ៧០០ដង ខណៈដែលធ្វើឲ្យទុនម្ចាស់ទ្រព្យកើនឡើងប្រមាណ ៩០០លានដុល្លារអាមេរិក រីឯទ្រព្យសកម្មវិញ កើនឡើងរហូតដល់ ៩.០០០ដង ខណៈប្រាក់ចំណេញកើនដល់ជិត២.០០០ដងផងដែរ។
ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានបញ្ជាក់ឲ្យដឹងដែរថា វត្តមានរបស់ ធនាគារអេស៊ីលីដា នៅលើផ្សារភាគហ៊ុនកម្ពុជា នឹងផ្តល់ឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដល់ វិនិយោគិន ដែលសព្វថ្ងៃនេះ នៅផ្សារហ៊ុនកម្ពុជា មានក្រុមហ៊ុនចំនួន ៥ ដែលបានចុះបញ្ជី ហើយវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
ឯកឧត្តម ហុង សុហួរ បន្តថា ការសម្រេចចិត្ត ចូលក្នុងផ្សារមូលបត្រកម្ពុជា របស់ធនាគារ អេស៊ីលីដា នឹងជំរុញឲ្យ ផ្សារមូលបត្រកម្ពុជា កាន់តែមានការទទួលស្គាល់ និងភាពជឿជាក់ពី សំណាក់សាធារណជន ហើយក៏មានធនាគារ និងស្ថាប័នហិរញ្ញវត្ថុជាច្រើនទៀត កំពុងឃ្លាំចាំមើលថាតើ ការឈានជើងចូលផ្សារហ៊ុនរបស់ ធនាគារពាណិជ្ជមួយនេះ នឹងផ្តល់លទ្ធផលបែបណា? ហើយបើសិនជា ការបោះផ្សាយលក់ភាគហ៊ុនរបស់ អេស៊ីលីដា ដំណើរការទៅយ៉ាងរលូននោះ ច្បាស់ណាស់ នឹងមានក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុ ចូលរួមក្នុងផ្សារមូលបត្រនៅកម្ពុជាផងដែរ។
នៅក្នុងដំណើរការនេះ ក្រុមហ៊ុន Yuanta Securities (Cambodia) Plc. ត្រូវបានធនាគារអេស៊ីលីដា ជ្រើសរើស ជាទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់របស់របស់ខ្លួន ក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះ។
លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន Yuanta Securities (Cambodia) Plc. បានមាន ប្រសាសន៍ថា «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជតែមួយ និងដំបូងបង្អស់ គ្រប់គ្រងដោយជនជាតិខ្មែរ នឹងអនុញ្ញាតឲ្យ សាធារណជន អាចក្លាយជាភាគហ៊ុនបាន ក៏ដូចជា បង្កើតប្រាក់ចំណូលជូន វិនិយោគ និងសាធារណជន ជាពិសេស ប្រជាពលរដ្ឋខ្មែរផងដែរ»។
សូមបញ្ជាក់ថា បើតាមឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងដែរថា នៅឆ្នាំ ២០២០ ខាងមុខនេះ មានក្រុមហ៊ុនប្រមាណ ៥ ទៅ៦ ក្រុមហ៊ុនបាននិងកំពុងត្រៀមខ្លួនដើម្បីចុះបញ្ចីនៅក្នុងផ្សារមូលបត្រកម្ពុជា ដែលក្នុងនោះ ក៏មានធនាគារផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ៨ ដែលរួមមាន ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជីជាភាគហ៊ុន និង ៣ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ហើយក្រុមហ៊ុនទាំង ៨ បានប្រមូលទុនពី ផ្សារមូលបត្រសរុបជាង ១៦០លានដុល្លារអាមេរិក៕