អេស៊ីលីដា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការអភិវឌ្ឍលើវិស័យបច្ចេកវិទ្យា និងធនធានមនុស្សកាន់តែខ្លាំង ស្របពេលដែល វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ដូចជាវិស័យឌីជីថលជារួម កំពុងមានការរីកដុះដាលកាន់តែខ្លាំងឡើងដែរនៅកម្ពុជា។ ជាក់ស្ដែង ថ្មីៗនេះ ធនាគារអេស៊ីលីដា ក៏បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមធ្យោបាយទិញ-លក់ទំនិញទំនើបទាន់សម័យ និងទូទាត់តាមរយៈប្រព័ន្ធអេឡិចត្រូនិក ជាមួយអេស៊ីលីដាម៉ូបាល នោះគឺអេស៊ីលីដាអ៊ីសប។
ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារអេស៊ីលីដា បានអះអាងថា កត្តាដែលជំរុញឲ្យធនាគារ សម្រេចដាក់ឲ្យមានសេវាទិញលក់-ទំនិញ អេស៊ីលីដាអ៊ីសបនេះឡើង គឺបន្ទាប់ពីមើលឃើញនូវសន្ទុះនៃការប្រើប្រាស់បច្ចេកវិទ្យា ពិសេសនិន្នាការទិញលក់ទំនិញ និងទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកមានការកើនឡើង។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានអះអាងថា នៅពេលអេស៊ីលីដា បង្កើតផលិតផល ឬសេវាកម្មថ្មី អេស៊ីលីដា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះ៣ដំណាក់កាលក្នុងការបម្រើអតិថិជន។ ពិសេស ទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យានេះ គឺទាមទារឲ្យធនាគារ ត្រូវការធ្វើការបម្រើអតិថិជនយ៉ាងដិតដល់ ដើម្បីជួយណែនាំពួកគាត់ក្នុងការប្រើប្រាស់សេវាឲ្យមានប្រសិទ្ធភាព ចំណេញពេលវេលា និងសុវត្ថិភាពខ្ពស់។
បណ្ឌិត អ៊ិន ចាន់នី បញ្ជាក់ថា ចំណុចគន្លឹះទាំង៣ដំណាក់កាលនោះ រួមមាន រើសអតិថិជនឲ្យបាន, បង្រៀនគាត់ឲ្យចេះប្រើប្រាស់សេវា, និងបម្រើគាត់ឲ្យបានល្អបំផុតជាមួយនឹងការតាមដានពីប្រសិទ្ធភាពនៃការប្រើប្រាស់សេវារបស់ពួកគាត់ផងដែរ។
បណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍យ៉ាងដូច្នេះថា «អេស៊ីលីដា ជាធនាគារធំមួយនៅកម្ពុជា យើងបានបណ្ដុះបណ្ដាលធនធានរបស់យើងក្នុងការបម្រើអតិថិជនមាន៣ដំណាក់កាល គឺរើសអតិថិជនឲ្យបាន បង្រៀនគាត់ឲ្យចេះ បម្រើគាត់ឲ្យបានល្អហើយតាមមើលពីការប្រើប្រាស់របស់គាត់ ថាតើមានគុណភាពកម្រិតណា គាត់ពេញចិត្តកម្រិតណា ហើយយើងធ្វើការកែលម្អយ៉ាងម៉េចទៀតឲ្យកាន់តែប្រសើរឡើង។ និយាយរួមទៅ ៣ដំណាក់កាលនេះ គឺមាននៅគ្រប់ធនធានរបស់យើង គ្រប់លំដាប់ថ្នាក់តែម្ដង។»
បើតាមថ្នាក់ដឹកនាំរបស់ធនាគារអេស៊ីលីដារូបនេះ ដោយសារតែផ្អែកលើ គោលការណ៍គន្លឹះទាំង៣ដំណាក់កាលនេះ ក្នុងការបម្រើអតិថិជន បានជំរុញឲ្យធនាគារអេស៊ីលីដា សម្រេចចិត្តបង្កើត និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមធ្យោបាយទិញ-លក់ទំនិញ និងទូទាត់តាមអនឡាញ អេស៊ីលីដាអ៊ីសប ដែលមាននៅជាមួយនឹង App អេស៊ីលីដាម៉ូបាលផ្ទាល់តែម្ដង។
បើតាមលោកបណ្ឌិត អ៊ិន ចាន់នី សម្រាប់ការដាក់ឲ្យដំណើរការលើកដំបូងនៅរាជធានីភ្នំពេញនេះ គឺ The First Store បានក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ទំនិញដំបូងគេ ដែលបានដាក់លក់ទំនិញនៅលើផ្សារអនឡាញ អេស៊ីលីដាអ៊ីសប ខណៈក្រុមហ៊ុននេះមានទំនិញរហូតដល់១ម៉ឺន២ពាន់មុខ។ ក្រៅពីរាជធានីភ្នំពេញ ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា មានមហិច្ឆតានឹងពង្រីកទីផ្សារឲ្យមានគ្រប់រាជធានី-ខេត្ត និងទាក់ទាញហាងទំនិញឲ្យបានកាន់តែច្រើន ដើម្បីផ្តល់ភាពងាយស្រួល និងជម្រើសកាន់តែសម្បូរបែបជូនអតិថិជន។ អេស៊ីលីដាអ៊ីសប ក៏នឹងរួមចំណែកជួយអភិវឌ្ឍន៍វិស័យកសិកម្ម និងវិស័យសហគ្រាសធុនតូច និងធម្យមផងដែរ៕