ការទិញមូលបត្របំណុលរបស់ CAIC ពី អេស៊ីលីដា នេះ គឺស្របតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន ដែលកន្លងមកបានស្នើឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុជួយទិញមូលបត្របំណុលរបស់ក្រុមនេះ ដើម្បីជំរុញការសាងសង់ព្រលានយន្ដហោះថ្មីនេះ។
អេស៊ីលីដា ដែលជាធនាគារពាណិជ្ជកម្មខ្មែរដ៏ធំជាងគេមួយនៅកម្ពុជា បានបោះទុនវិនិយោគចំនួន៣០លាន ដើម្បីទិញមូលបត្របំណុលរបស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd ដែលបានបោះផ្សាយលក់សញ្ញាបណ្ណមានអ្នកធានា ដើម្បីកៀគរទុនសម្រាប់ទ្រទ្រង់ដល់ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។
ការទិញមូលបត្របំណុលនេះ មានន័យថា អេស៊ីលីដាបានក្លាយជាចំណែកមួយក្នុងការជួយសាងសង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះ។ បើតាមឧកញ៉ា ឆាល វ៉ាន់ អគ្គនាយករងក្រុមហ៊ុន CAIC ថវិកាដែលបានពីការលក់មូលបត្របំណុលទាំងអស់ នឹងយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានអន្តរជាតិមួយនេះ។
តាមរយៈការទិញមូលបត្របំណុលនេះ អេស៊ីលីដា ទទួលបានកូប៉ុង ឬអត្រាការប្រាក់៥,៥% ក្នុង១ឆ្នាំ ដែលមានរយៈពេល៣ឆ្នាំ ក្រោមការធានារបស់ក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ។ ការចុះហត្ថលេខាលើសញ្ញាបណ្ណមានតម្លៃ៣០លានដុល្លារខាងលើធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា និងឧកញ៉ា ឆា វ៉ាន់ អគ្គនាយករងក្រុមហ៊ុន CAIC។
គួររំលឹកថា នាពិធីចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចូលរួមទិញមូលបត្របំណុលរបស់ក្រុមហ៊ុន Cambodia Airport Investment ដែលបាននិងកំពុងបោះផ្សាយលក់មូលបត្របំណុលចំនួន៣០០លានដុល្លារអាមេរិក។ ការស្នើរបស់ សម្តេច ធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យក្រុមហ៊ុននេះទទួលពីក្នុងស្រុកជាជាងខ្ចីពីក្រៅប្រទេស សម្រាប់ក្នុងការសាងសង់ព្រលានយន្តហោះនេះ។
បើតាមថ្នាក់ដឹកនាំក្រុមហ៊ុន CAIC បច្ចុប្បន្នការសាងសង់ព្រលានយន្តអន្តរជាតិភ្នំពេញថ្មី សម្រេចបានប្រមាណ៣០% ហើយ ដោយបានចំណាយថវិកាអស់ជាង៣៩០លានដុល្លារអាមេរិក(មិនបញ្ចូលថ្លៃដី)។ អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានបញ្ជាក់កាលពីពេលកន្លងមកថា នៅឆ្នាំ២០២២ នេះក្រុមហ៊ុនត្រូវចំណាយថវិកា៤៦៧លានដុល្លារអាមេរិកបន្ថែមទៀត លើការសាងសង់ព្រលានយន្តហោះខាងលើ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានតម្លៃ១ពាន់៥រយលានដុល្លារមួយនេះ សាងសង់លើផ្ទៃដីប្រមាណ២ពាន់៦រយហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយផ្នែកស្ថិតនៅស្រុកបាទីខេត្តតាកែវ។ ការសាងសង់ដំណាលទី១គ្រោងបញ្ចប់នៅអំឡុងឆ្នាំ២០២៣ ខាងមុខ។ អាកាសយានដ្ឋាននេះជាប្រភេទ 4F ដែលមានសមត្ថភាពអាចឲ្យប្រភេទយន្តហោះឆ្លងទ្វីបធុនយក្សដូចជា Airbus A380-800 និងប្រភេទ Boeing 747-800 អាចចុះចតបាន៕