អេស៊ីលីដា

អេស៊ីលីដា បោះផ្សាយលក់មូលបត្របំណុល១០០លានដុល្លារ ខណៈមេផ្សារហ៊ុនចាត់ទុកផ្សារមូលបត្រជាប្រភពទុនមិនចេះរីងស្ងួត


ទោះបីសេដ្ឋកិច្ចកម្ពុជា ក៏ដូចជានៅលើពិភពលោកបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ តែវាមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់ទីផ្សារភាគហ៊ុនរបស់កម្ពុជា នោះទេ ដោយមានក្រុមហ៊ុនបានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងសញ្ញាបណ្ណជាបន្តបន្ទាប់ ដើម្បីកៀរគរទុនសម្រាប់ទ្រទ្រង់ និងពង្រីកប្រតិបត្តិការរបស់ខ្លួន។ ជាក់ស្ដែងនៅថ្ងៃទី៨ ខែតុលា នេះ ធនាគារ អេស៊ីលីដា បានបោះផ្សាយលក់មូលបត្របំណុលបន្ទាប់បន្សំក្នុងទំហំ១០០លានដុល្លារ ដើម្បីប្រមូលទុនសម្រាប់គាំទ្រប្រតិបត្តិការធនាគារ។
អេស៊ីលីដា
ដោយ

ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា បានចាត់ទុកការបោះផ្សាយមូលបត្របំណុលរបស់ធនាគារនេះ គឺបានបង្ហាញពីភាពជឿជាក់របស់វិស័យឯកជន និងបានបង្ហាញថា ផ្សារភាគហ៊ុនជាប្រភពទុនមិនចេះរីងស្ងួតសម្រាប់វិស័យឯកជន។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា មកដល់ពេលនេះផ្សារភាគហ៊ុនកម្ពុជា បានក្លាយជាប្រភពមិនចេះរីងស្ងួតសម្រាប់វិនិយោគក្នុងការកៀរគរទុនសម្រាប់ទ្រទ្រង់ និងពង្រីកប្រតិបត្តិការរបស់ខ្លួន និងរំពឹងថា វិស័យដែលជាសសៃឈាមសេដ្ឋកិច្ចនេះនឹងអាចជួយឱ្យម្ចាស់អាជីវកម្មក្នុងស្រុកអាចកៀរគរទុនបានច្រើនបន្ថែមទៀតនាពេលខាងមុខ។

ជាមួយគ្នានេះ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រកម្ពុជា កត់សម្គាល់ឃើញថា ទោះជាសេដ្ឋកិច្ចពិភពមានភាពមិនច្បាស់លាស់ តែផ្សារភាគហ៊ុនកម្ពុជា នៅតែមានការរីក​ចម្រើនទៅមុខ ដោយទទួលបានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និងមូលបត្របំណុលជាបន្តបន្ទាប់។ ថ្នាក់ដឹកនាំរូបនេះជឿជាក់ថា ការប្រើប្រាស់យន្តការផ្សារមូលបត្រ ដើម្បីស្វែងរកការវិនិយោគទាំងក្នុងវិស័យធនាគារ និងក្រៅវិស័យធនាគារនឹងកាន់តែមមាញឹក។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ជឿជាក់ថា ការចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំទំហំ១០០លានដុល្លាររបស់ អេស៊ីលីដា នឹងផ្តល់ឱកាសឱ្យធនាគារខ្លួនក្នុងការកៀរគារទុនសម្រាប់គាំទ្រដល់ប្រតិបត្តិការធនាគារ និងរួមចំណែកជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លើសពីនេះ វាជាឱកាសសម្រាប់វិនិយោគិន និងអតិថិជន​របស់ធនាគារក្នុងការចូលរួមវិនិយោគជាមួយ អេស៊ីលីដា។

ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការបោះផ្សាយលក់សញ្ញាបណ្ណរបស់ធនាគារ អេស៊ីលីដា ជាការចូលរួមអភិវឌ្ឍន៍ទីផ្សារមូលបត្រនៅកម្ពុជា និងបានបង្ហាញពីដំណើរឆ្ពោះទៅមុខរបស់ផ្សារមូលបត្រកម្ពុជា ក្នុងការជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការផ្ដល់ប្រភពហិរញ្ញប្បទានជូនដល់វិស័យឯកជន។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ ផ្សារភាគហ៊ុនមិនត្រឹមតែជាប្រភពហិរញ្ញប្បទានសម្រាប់ម្ចាស់អាជីវកម្មនោះទេ តែជាជម្រើសក្នុងការវិនិយោគ និងសន្សំសម្រាប់អ្នកវិនិយោគផងដែរ។

បើតាមឯកឧត្តម ហុង សុហួរ នៅក្នុងឆ្នាំ២០២៥ ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃមានក្នុងចន្លោះពី១៥ម៉ឺនដុល្លារទៅ២០ម៉ឺនដុល្លារក្នុង១ថ្ងៃ ខណៈការបើកគណនីជួញដូរប្រចាំខែស្ថិតក្នុងចន្លោះពី៥០០ទៅ១,០០០គណនី។ បច្ចុប្បន្នផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន២៥ ក្នុងនោះ១១ក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុន និង១៤ក្រុមហ៊ុនផ្សាយលក់មូលបត្របំណុល ដោយក្រុមហ៊ុនទាំងនេះអាចប្រមូលទុនបានប្រមាណ៥៥០លានដុល្លារ៕




អត្ថបទបន្ទាប់


អាជ្ញាធរវៀតណាមលុបគណនីធនាគារ១៥៤លានគណនី និងរាំងខ្ទប់ប្រតិបត្តិការជិត៥៧លានដុល្លារ

ដើម្បីឈានទៅសម្រេចមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងតំបន់ ធនាគារកណ្តាលវៀតណាមបានពង្រឹងច្បាប់ និងយន្តការគ្រប់គ្រងវិស័យហិរញ្ញវត្ថុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ