
អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ ក្នុងចំណោមធនាគារធំៗល្បីៗទាំង៥០ គឺមានធនាគារពាណិជ្ជរបស់ប្រទេសកម្ពុជាដ៏ល្បីមួយ គឺធនាគារអេស៊ីលីដា ត្រូវបានស្ថានប័នហិរញ្ញវត្ថុសកលលោក ចាត់ថ្នាក់ទទួលបានពានរង្វាន់ជាធនាគារដែលមានសុវត្ថិភាពខ្ពស់ជាងគេបង្អស់នៅលើពិភពលោក។
គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុល្បីៗទាំង ៥០ ត្រូវបានតាមដានវាយតម្លៃយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Moody’s, Standard & Poor and Fitch។ ធនាគារពាណិជ្ជល្បីល្បាញទាំង៥០ ដែលទទូលបានពានរង្វាន់ជាធនាគារមានសុវត្ថិភាពខ្ពស់ជាងគេលើពិភពលោកនេះ មកពីទ្វីបអាស៊ី អាហ្រ្វិក អាមេរិក និង អឺរ៉ុប ។
បណ្ឌិត លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា បានបញ្ជាក់ប្រាប់សារព័ត៌មាន ខេមបូណូមីស ថា ចំនុចសំខាន់ៗដែលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបានវាយតម្លៃខ្ពស់ និង ចាត់ចំណាត់ថ្នាក់ធនាគារអេស៊ីលីដា ជាធនាគារដែលមានសុវត្ថិភាពខ្ពស់ជាងគេបង្អស់នៅលើពិភពលោក គឺគេបានវាយតម្លៃត្រួតពិនិត្យមើលទៅលើសមត្ថភាពកម្លាំងរបស់ធនាគារអេស៊ីលីដា ស្ថានមានការលូតលាស់ប្រកបដោយចីរភាព មើលទៅលើកម្លាំងប្រតិបត្តិការទូលំទូលាយ ពិនិត្យមើលកម្លាំងទុនខ្លាំង មើលទៅលើគុណភាពទ្រព្យសកម្ម អភិបាលកិច្ចល្អ និង វិសាលភាពនៃការធ្វើប្រតិបត្តិការស្ថាប័នអេស៊ីលីដាមានភាពរឹងមាំខ្លាំងល្អ។
ប្រាក់ចំណេញ របស់ធនាគារអេស៊ីលីដា នៅឆ្នាំ២០១៩នេះ ត្រូវបានរំពឹងថា អាចនឹងកើនឡើងលើសផែនការកំណត់ ប្រាក់ចំណេញធនាគារនេះ សម្រេចបានប្រមាណ ៨៦% នៃផែនការរួចទៅហើយ។ នេះបើតាម ការបញ្ជាក់អះអាងដោយប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា គឺលោក បណ្ឌិត អ៊ិន ចាន់នី។

លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់អះអាងថា រហូតមកដល់បច្ចុប្បន្ននេះ ទ្រព្យសកម្មរបស់ធនាគារអេស៊ីលីដា មានចំនួនសរុបប្រមាណ ៦ពាន់លានដុល្លារអាមេរិក ផលប័ត្រឥណទាន(គេហៅថាចំនួនឥណទានសរុប) មានទឹកប្រាក់ ៣.៦៦៧ លានដុល្លារ និង ប្រាក់បញ្ញើសន្សំមានទឹកប្រាក់៤.២០០ លានដុល្លារអាមេរិក ។ លោកបណ្ឌិតបានបន្តថា រឿងដែលល្អមួយទៀតនោះគឺគុណភាពទ្រព្យសកម្មគឺល្អ មានន័យថា បំណុលដែលខូច មានចំនួនតិចតូចបំផុតស្ទើរតែមិនមាន ហើយបំណុលដែលសងយឺតមានតិចជាងឆ្នាំ២០១៨។ កាលពីឆ្នាំ២០១៨ បំណុលដែលសងយឺតមានចំនូន ១,៨ ភាគរយ ហើយនៅក្នុងឆ្នាំ២០១៩នេះ មានចំនួន ១,២ ភាគរយ។




លោក បណ្ឌិត អ៊ិន ចាន់នី បានមានប្រសាន៍យ៉ាងដូច្នេះថា
«ធនាគារ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច
បើអញ្ចឹងកាលណាសេដ្ឋកិច្ច លូតលាស់ ធនាគារលូតលាស់។ សល់មិនដល់ ២ខែ ទៀតទេយើងនឹងបញ្ចប់ឆ្នាំ
២០១៩ ឆ្លង ទៅឆ្នាំ២០២០។ វិស័យធនាគារ និងហិរញ្ញវត្ថុមិនមានហានិភ័យអ្វីឡើយ ខ្ញុំចង់បញ្ជាក់យ៉ាងខ្លីថា
សុខភាពក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារនេះ គឺមានសុខភាពល្អ
ពិសេសធនាគារអេស៊ីលីដា»។
សូមបញ្ជាក់ថា ធនាគារអេស៊ីលីដា មានបណ្ដាញប្រតិបត្តិការចំនួន ២៦៨ សាខាគ្របដណ្ដប់នៅទូទាំងប្រទេស ព្រមទាំងមានការពង្រីកខ្លួនធនាគារអេស៊ីលីដានៅប្រទេសឡាវ និង អេស៊ីលីដា នៅមីយ៉ាន់ម៉ាផងដែរ។ បច្ចុប្បន្ន ធនាគារអេស៊ីលីដា មានទូអេធីអឹមចំនួន ៦២៤ ទូ នៅទូទាំងប្រទេសកម្ពុជា៕