
ស្របពេលដែល តម្លៃភាគហ៊ុនធនាគារអេស៊ីលីដា បន្តធ្លាក់ថ្លៃខ្លាំងយ៉ាងដូច្នេះ អ្នកជំនាញក្នុងវិស័យទីផ្សារមូលបត្របានលើកឡើងថា ក្នុងគ្រោះតែងមានឱកាស ហើយអំឡុងពេលនេះ គឺជាឱកាសសម្រាប់វិនិយោគិន រយៈពេលវែងដែលគួរពិចារណាទិញភាគហ៊ុនធនាគារអេស៊ីលីដា។
Story: លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា ទោះបីជា តម្លៃភាគហ៊ុនរបស់អេស៊ីលីដា មានការធ្លាក់ចុះ២ថ្ងៃជាប់គ្នាមែន ប៉ុន្តែមិនមែនមានន័យថា ស្ថានភាពសុខភាពធនាគារអេស៊ីលីដាមិនល្អនោះទេ ពោលគឺទាំងវិស័យធនាគារទាំងមូល ក៏ដូចជាអេស៊ីលីដានៅតែមានភាពរឹងមាំដដែល។
លោកស្រី ម៉ារ អមរា យល់ថា នៅពេលនេះ ជាពេលវេលាល្អបំផុត ដែលវិនិយោគិនគួរតែឈោងចាប់ឱកាសនេះ ដើម្បីទទួលបានប្រាក់ចំណេញនាពេលពេលក្រោយ។
លោក ទ្រី តៃហ៊ី មន្រ្តីគ្រប់គ្រងជាន់ខ្ពស់ផ្នែកផាត់ទាត់ និង ទូទាត់មូលបត្រ ផ្សារមូលបត្រកម្ពុជា វិញបានស្នើថា ដល់ពេលវេលោដែលវិនិយោគិនទាំងអស់ គួរចាប់ផ្តើមចាប់អារម្មណ៍ទៅលើតម្លៃភាគហ៊ុនអេស៊ីលីដា ព្រោះតម្លៃហ៊ុនអេស៊ីលីដានាពេលនេះ គឺជាតម្លៃល្អបំផុត ក្នុងការវិនិយោគ ពិសេសម្រាប់វិនិយោគិនរយៈពេលវែង។
គួររម្លឹកថា
ចំពោះមូលហេតុនៃការធ្លាក់ចុះតម្លៃភាគហ៊ុនអេស៊ីលីដានេះដែរ ត្រូវបានក្រុមហ៊ុនផ្សារមូលបត្រ
មន្ត្រីគ្រប់គ្រងជាន់ខ្ពស់ផ្សារមូលបត្រ និង គណៈគ្រប់គ្រងធនាគារអេស៊ីលីដា អះអាង ដូចគ្នាថា
ដោយសារភាគហ៊ុនចំនួន ៤% នៃភាគហ៊ុនធនាគារសរុប ដែលជាភាគហ៊ុនរបស់បុគ្គលិកអេស៊ីលីដា
ដែលកាន់កាប់តាមរយៈក្រុមហ៊ុនភាគហ៊ុនិកនីតិបុគ្គល អេ.អេស.អេ (ASA) បានធ្វើនិយ័តកម្មភាគហ៊ុនទាំងអស់ទៅឲ្យបុគ្គលិកម្នាក់ៗវិញ
ដែលធ្វើឲ្យបរិមាណលក់មានច្រើន ទើបធ្វើការផ្គត់ផ្គង់លើសតម្រូវការ
ជាហេតុធ្វើឲ្យតម្លៃហ៊ុនមានការធ្លាក់ចុះរហូតដល់ក្រោមIPO បែបនេះ
។
ទោះយ៉ាងណា បើតាមលោកស្រី ម៉ារ អមរា កំនើនវិនិយោគិនទៅលើធនាគារអេស៊ីលីដាមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយកាលពីបោះផ្សាយ IPO ដំបូង មានចំនួនជាង ២.៥០០វិនិយោគិនប៉ុណ្ណោះ រហូតដល់បច្ចុប្បន្នកើនដល់ជិត ១៤.០០០ វិនិយោគិនហើយ៕