ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា និងអ្នកជំនាញក្នុងផ្សារមូលបត្រកម្ពុជា(CSX)អះអាងថា ការវិនិយោគរបស់ ក្រុមហ៊ុន អេស៊ីលីដា ហ្វាយណាន់ស្សល់ ត្រាស់ លើមូលបត្រកម្មសិទ្ធិអេស៊ីលីដា គឺធ្វើឡើងស្របតាមផែនការ និងយុទ្ធសាស្ត្ររបស់ភាគហ៊ុនិក។
ក្រោយការប្រកាសនេះ គេសង្កេតឃើញថា ភាគហ៊ុនរបស់ធនាគារអេស៊ីលីដា នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក៏មានការហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ ពោលគឺនៅម៉ោងបិទការជួញដូរនៅថ្ងៃចន្ទសប្ដាហ៍នេះ ភាគហ៊ុនអេស៊ីលីដាបានកើនឡើងដល់ទៅជិត៧% ដោយមួយភាគហ៊ុនមានតម្លៃដល់ទៅ ១១.០០០រៀល ខណៈដែលនៅថ្ងៃសុក្រសប្ដាហ៍មុន តម្លៃភាគហ៊ុនរបស់អេស៊ីលីដាមានត្រឹមតែ ១០.៣០០រៀលប៉ុណ្ណោះក្នុងមួយភាគហ៊ុន។
យ៉ាងណាមិញ នៅព្រឹកថ្ងៃអង្គារនេះ នៅម៉ោងបើកជួញដូរដំបូង ភាគហ៊ុនអេស៊ីលីដា បន្ដកើនឡើងថែមទៀតដល់ទៅ ១០% ដោយភាគហ៊ុនក្នុងមួយហ៊ុនឡើងដល់ ១២.១០០រៀល។
ក៏ប៉ុន្ដែ បើធៀបនឹងតម្លៃដែលបានកំណត់នៅក្រោយ ប៊ុកបៀលឌីង ភាគហ៊ុនរបស់ធនាគារអេស៊ីលីដានៅតែមានទាបជាងតម្លៃដើមនៅឡើយ ពោលគឺ តម្លៃដែលត្រូវបានកំណត់ និងអនុម័តដោយនិយ័តករមូលបត្រកម្ពុជា គឺមាន ១៦.២០០រៀល។
លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការវិនិយោគលើមូលបត្រកម្មសិទ្ធិរបស់អេស៊ីលីដា ដែលបានបោះផ្សាយលក់នៅលើផ្សារមូលបត្រកម្ពុជាពីសំណាក់ក្រុមហ៊ុនអេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ដែលជាម្ចាស់ភាគហ៊ុនធំមួយរបស់អេស៊ីលីដា គឺធ្វើឡើងស្របតាមផែនការ និងយុទ្ធសាស្ត្រភាគហ៊ុនិក។ លោកស្រីសង្កត់ធ្ងន់ថា ភាគហ៊ុនិក និងសាធារណៈជនមានសិទ្ធិវិនិយោគលើភាគហ៊ុនរបស់អេស៊ីលីដា ដោយស្របតាមយន្តការទីផ្សារមូលបត្រកម្ពុជា។
ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តម ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជាបានគូសបញ្ជាក់ដូចគ្នាថា គ្រប់ភាគហ៊ុនិកនៃក្រុមហ៊ុន ឬស្ថាប័នដែលបានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាមានសិទ្ធិអាចទិញ ឬលក់ភាគហ៊ុនរបស់ខ្លួនដោយសេរី។ ប៉ុន្តែក្នុងករណីមានការរឹតត្បិត ឬហាមឃាត់ ភាគហ៊ុនិកមិនអាចលក់ ឬទិញភាគហ៊ុនរបស់ខ្លួនបាននោះទេ។ ឯកឧត្តមសង្កត់ធ្ងន់ថា មិនមែនមានតែភាគហ៊ុនិកនោះទេ សូម្បីក្រុមហ៊ុនដែលបានចុះបញ្ជីខ្លួនឯង ក៏មានសិទ្ធិអាចទិញភាគហ៊ុនរបស់ខ្លួនត្រឡប់មកវិញបានដែរ ប៉ុន្តែវិធីនេះមិនសូវត្រូវបានគេអនុវត្តទូលំទូលាយនោះទេ។
ឯកឧត្តមហុង សុហួរ បានវាយតម្លៃថា ផែនការវិនិយោគរបស់អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ លើមូលបត្រកម្មសិទ្ធិអេស៊ីលីដាខាងលើ ទំនងជាក្រុមហ៊ុននេះគិតថា ភាគហ៊ុនរបស់អេស៊ីលីដានៅមានតម្លៃថោក ដែលអាចមានឱកាសខ្ពស់ក្នុងការទទួលបានប្រាក់ចំណេញ។ ម្យ៉ាងទៀត ដោយសារក្រុមហ៊ុននេះមើលឃើញដំណើរការរបស់អេស៊ីលីដានៅមានប្រតិបត្តិការល្អ ទោះបីកម្ពុជារងនូវវិបត្តិកូវីដ-១៩។
បើតាមលោកស្រី ម៉ា អមរា អេស៊ីលីដាហ្វាយណាន់ហ្សល់ ត្រាស់ ជាភាគហ៊ុនិកធំមួយរបស់ធនាគារ អេស៊ីលីដា ដែលបានបង្កើតឡើង អនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានគោលដៅលើកទឹកចិត្តដល់ធនាគារអេស៊ីលីដាឱ្យប្រកាន់ខ្ជាប់នូវគោលបំណង ដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម និងរក្សានូវសញ្ជាតិជាក្រុមហ៊ុនខ្មែរ របស់អេស៊ីលីដា។ ការវិនិយោគរបស់ អេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ លើមូលបត្រកម្មសិទ្ធិធនាគារអេស៊ីលីដាមានរយៈពេល៥ឆ្នាំ ដោយគិតពីឆ្នាំនេះរហូតដល់ឆ្នាំ២០២៦៕