នៅក្នុងសិក្ខាសាលាលើកទី៥ ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងរបស់ធនាគារអេស៊ីលីដា ដែលអ្នកចូលរួមសុទ្ធតែជាវិនិយោគិនកូរ៉េ ដែលជាសមាជិកនៃសមាគមក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េផងនោះ ត្រូវបានលោកបណ្ឌិត អុិន ចាន់នី អះអាងថា មានការចាប់អារម្មណ៍ច្រើនពីសំនាក់វិនិយោគិនទាំងអស់នេះ និងមិនពិបាកក្នុងការពន្យល់ពីបែបបទផ្សេងៗនោះទេ ដោយហេតុថា ការវិនិយោគទៅលើក្រុមហ៊ុនបោះផ្សាយនេះ មិនមែនជារឿងថ្មីទេសម្រាប់ប្រជាជនកូរ៉េខាងត្បូងឡើយ។ លោកបណ្ឌិតថា«ដោយសារធនាគារអេស៊ីលីដា គឺជាធនាគារលេខ១ ជាធនាគារធំជាងគេ អ៊ីចឹងពួកគាត់មានការចាប់អាម្មណ៍។ខ្ញុំធ្លាប់បាននិយាយថា ប្រជាជនកម្ពុជានៅតែជាអាទិភាពសម្រាប់យើង តែខ្ញុំសូមបញ្ជាក់ថា ផ្សារហ៊ុនមិនមែនកើតតែមួយថ្ងៃទេ ហើយការទិញលក់ យើងមិនអាចកំណត់បានថា ដូចលក់នៅផ្សារនានា ថាខ្ញុំមិនលក់អោយអ្នកឯងទេ ខ្ញុំលក់អោយតែប្រជាជនខ្ញុំ គឹមិនមែនអ៊ីចឹងទេ»។
យ៉ាងណាមិញ លោកបណ្ឌិតមិនទាន់អាចបញ្ជាក់ពីតម្លៃហ៊ុន និងចំនួនហ៊ុនដែលត្រូវបោះផ្សាយនៅឡើយនោះទេ ដោយត្រូវរងចាំការអនុញ្ញាពីអាជ្ញាធរផ្សារមូលបត្រកម្ពុជាសិន ដែលអាចនឹងដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ ហើយចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា អេស៊ីលីដាគ្រោងនឹងបើកសិក្ខាសាលាម្តងទៀត ដោយនឹងផ្សាយព័ត៌មានលំអិតអំពីការបោះផ្សាយនោះតែម្តង។
ចំពោះការដឹកវិនិយោគិនកូរ៉េផ្នែកហិរញ្ញវត្ថុ មកចូលសិក្ខាសាលាស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងរបស់ធនាគារអេស៊ីលីដានោះដែរ លោក អេន ឌ្រូ ប្រធានសមាគមក្រុមហ៊ុនហិរញ្ញវត្ថុកូរ៉េនៅកម្ពុជា បានបញ្ជាក់ថា« ខ្ញុំចង់ចែករំលែកឱកាសវិនិយោគដ៏ល្អមួយនៅក្នុងផ្សារមូលបត្រកម្ពុជា ជាមួយនឹងសហគមន៍ជនជាតិកូរ៉េ និងវិនិយោគិនកូរ៉េលើវិស័យហិរញ្ញវត្ថុ ពីព្រោះថា ធនាគារអេស៊ីលីដានេះ គឺជាស្ថាប័នធំមួយដែលនឹងចូលរួមក្នុងសកម្មភាពផ្សារមូលបត្រក្នុងពេលដ៏ឆាប់នេះ ដូចនេះសិក្ខាសាលានេះ ជាឱកាសដ៏ល្អមួយ ដែលអាចឲ្យសមាជិកយើងស្គាល់ធនាគារនេះកាន់តែច្បាស់ និងអាចវិនិយោគជាមួយបាន»។
ធនាគារអេស៊ីលីដា គឺជាធនាគារពាណិជ្ជ ដ៏ធំបំផុតមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ៥,៦ ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំ២០១៨។ ធនាគារអេស៊ីលីដា បានបង្ហាញនូវតួលេខចំណេញធៀបនឹងមូលធនដ៏ខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានតួលេខដល់ទៅជាង ១០%។
ជាមួយគ្នានេះដែរ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងរបស់ធនាគារអេស៊ីលីដា នឹងក្លាយជាកាតាលីករសម្រាប់ការបោះផ្យាយលក់មូលបត្រកម្មសិទ្ធិលើកដំបូង របស់គ្រឹះស្ថានហិរញ្ញវត្ថុដទៃទៀត និងជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៃការអភិវឌ្ឍទីផ្សារមូលធននៅកម្ពុជា៕