មូលហេតុ ដែលវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកល សម្រេចជ្រើសរើសយកកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចសិក្សានេះ ក៏ដោយសារតែស្ថាប័ននេះមើលឃើញថា វិស័យសហគ្រាសខ្នាតតូច និងមធ្យមកម្ពុជានៅប៉ុន្មានទសវត្សរ៍កន្លងមកនេះ មានការរីកលូតលាស់យ៉ាងខ្លាំង តាមរយៈការជំរុញគាំទ្រដោយវិស័យធនាគារ និងហរិញ្ញវត្ថុ។ កត្តានេះហើយ ជាគំរូជោគជ័យមួយ ដែលស្ថាប័នអន្តរជាតិមួយនេះ ចង់មកសិក្សាស្វែងយល់នៅកម្ពុជា។ នេះបើតាមការគូសបញ្ជាក់របស់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា។
វេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកលលោក ឬហៅថា the Global SME Finance ដែលមានសមាជិកមកពី៦០ប្រទេស និងមានអ្នកចូលរួមជាបុគ្គលសរុបប្រហែល៤០០នាក់។
បណ្ឌិត អ៊ិន ចាន់នី បានលើកឡើងថា គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីសិក្សាស្វែងយល់អំពីការអភិវឌ្ឍសហគ្រាសខ្នាតតូច និងខ្នាតមធ្យម វិស័យធនាគារនៅកម្ពុជា ជាពិសេស ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានចូលរួមចំណែកក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព។ លោកបន្ថែមថា ដំណើរទស្សនកិច្ចនេះ ក៏ជាឱកាសសម្រាប់វិស័យធនាគារនៅកម្ពុជានិយាយជារួម ក៏ដូចជាធនាគារអេស៊ីលីដាផ្ទាល់និយាយដោយឡែក អាចធ្វើការចែករំលែក និងទទួលបានបទពិសោធទៅវិញទៅមក ជាមួយនឹងវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកលលោកនេះផងដែរ។
លោក Matthew Gamser នាយកប្រតិបត្តិវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកល ដែលបានដឹកនាំគណៈប្រតិភូមមកពីជាង៦០ប្រទេសទស្សនកិច្ចសិក្សានៅធនាគារអេស៊ីលីដា បានលើកឡើងថា ជារៀងរាល់ឆ្នាំ វេទិកានេះ តែងតែមានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ រៀងរាល់ឆ្នាំ ដើម្បីចែករំលែករៀនសូត្រពីគ្នាទៅវិញទៅមក ហើយឆ្នាំនេះ វេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកលបានជ្រើសរើសយកការជួបជុំនៅកម្ពុជា ដែលជាប្រទេសមានការរីកចម្រើនផ្នែកវិស័យសហគ្រាសខ្នាតតូច និងមធ្យម ក្រោមការជួយគាំទ្រពីវិស័យធនាគារ និងហិរញ្ញវត្ថុ។
លោក Matthew Gamser នាយកប្រតិបត្តិវេទិកាហិរញ្ញវត្ថុសហគ្រាសខ្នាតតូច និងមធ្យមសាកលគូសបញ្ជាក់ថា «ជារៀងរាល់ឆ្នាំ យើងមានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ និងបានប្រមូលផ្ដុំមនុស្សមកពីទីក្រុងជាច្រើនជុំវិញពិភពលោក ដើម្បីធ្វើការចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមក។ ហើយឆ្នាំនេះ យើងជ្រើសរើសមកជួបជុំគ្នានៅទីក្រុងភ្នំពេញ ព្រោះនៅទីនេះ គឺមានកន្លែង ក៏ដូចជាស្ថាប័នគួរឲ្យចាប់អារម្មណ៍ជាច្រើន ពិសេសធនាគារអេស៊ីលីដា ដែលបានជំរុញយ៉ាងខ្លាំងលើការផ្ដល់មូលនិធិនៅកម្ពុជា និងរបៀបដែលគេអាចបម្រើដល់អាជីវកម្មខ្នាតតូច សហគ្រាសតូចៗ និងអតិថិជន ទៅតាមមធ្យោបាយផ្សេងៗគ្នា ដែលមានប្រសិទ្ធភាពកាន់តែខ្ពស់»។
គិតត្រឹមខែមិថុនាឆ្នាំ២០២២ សមតុល្យឥណទានសរុបរបស់ធនាគារអេស៊ីលីដាមានប្រមាណ ៦ពាន់លានដុល្លារអាមេរិក ក្នុងនោះ មានប្រហែល៨០% បានផ្ដល់ទៅឲ្យវិស័យសហគ្រាសខ្នាតតូច និងមធ្យម។ រីឯប្រាក់បញ្ញើសន្សំវិញមានជាង៦ពាន់លានដុល្លារ និងមានចំនួនអតិថិជនសរុបជិត៣លាន៦សែននាក់៕