បើតាមរបាយការណ៍របស់ ADB បើទោះបីជានៅឆមាសទី១ នៃឆ្នាំ២០២០នេះ បានឲ្យដឹងថា ការធ្លាក់ចុះយ៉ាងខ្លាំង នៃការបញ្ជាទិញពីអឺរ៉ុប និងអាមេរិកខាងជើង បាននាំឲ្យមានការបិទទ្វារនៃរោងចក្រសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងប្រហែល១ភាគ៣។ ក៏ប៉ុន្ដែ បើមើលទៅលើកំណើននៃការផលិតកង់ និងគ្រឿងអេឡិចត្រូនិកវិញ បានជំរុញឲ្យមានការនាំចេញ ផលិតផលក្រៅពីទំនិញកាត់ដេរ របស់កម្ពុជាកើនឡើងជាង ៣០% នៅក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ធៀបនឹងឆ្នាំមុន។
កំណើនផលិតផលសរុបនៃផលិតផលឧស្សាហកម្ម ត្រូវបានព្យាករថា នឹងកើន ៥,១% នៅក្នុងឆ្នាំ២០២០ ប្រសិនបើការនាំចេញ នៃសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើងបន្ដងើបឡើង។
ដោយឡែក សម្រាប់វិស័យទេសចរណ៍វិញ ត្រូវបានធនាគារ ADB រំពឹងថា នឹងមានការបើកដំណើរការជាបណ្ដើរៗឡើងវិញនៅឆមាសទី២ ឆ្នាំ២០២០នេះ ប៉ុន្ដែវិស័យសេវាកម្ម ត្រូវបានព្យាករថា នឹងធ្លាក់ចុះ ជាង១៥% ក្នុងឆ្នាំ២០២០។ ចំពោះវិស័យកសិកម្មវិញ ក៏មានវឌ្ឍនភាពល្អដែរ ដោយមានការនាំចេញកើនឡើងជាង ១៧% ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ខណៈដែលវិស័យនេះ នៅតែផ្ដល់ការងារសម្រាប់ជិត១ភាគ៣ នៃការងារសរុបនៅកម្ពុជា ជាពិសេសដល់ពលរដ្ឋក្រីក្រ ត្រូវបានរំពឹងថានឹងកើនឡើង ២%។
ការមកដល់នៃទេសចរអន្តរជាតិ បានធ្លាក់ចុះ ជាង៩៨% នៅក្នុងត្រីមាសទី២ ដែលបានបង្ខំឲ្យអាជីវកម្មជាង ៣ពាន់ត្រូវបិទទ្វារ ហើយកម្មករប្រមាណ ៤ម៉ឺន៥ពាន់នាក់បានបាត់បង់ការងារធ្វើ។
លោកស្រី ស៊ុននីយ៉ា ឌូរ៉ានី ចាម៉ល នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារ ADB បានលើកឡើងថា ដោយសារតែមានវិធានការទប់ការីករាលដាលនៃមេរោគកូវីដ-១៩ បានល្អ និងមានប្រសិទ្ធភាពពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា មិនបានធ្វើឲ្យកម្ពុជាមានវិបត្តិផ្នែកសុខាភិបាលនោះទេ។
លោកស្រី ស៊ុននីយ៉ា បានគូសបញ្ជាក់ទៀតថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងស្ទុះងើបឡើងវិញដល់ ៥,៩% នៅឆ្នាំ២០២១ ដោយកម្លាំងជំរុញនៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ជនក្រីក្រ និងការគាំទ្រផ្នែកហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម។ វិធានការទាំងនោះ រួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធ ដែលចាំបាច់នឹងកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នៃកូវីដ-១៩ ទៅលើគ្រួសារ និងអាជីវកម្មនានា ហើយនឹងជួយឲ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងខ្លាំងជាងមុនក្រោមកូវីដ-១៩៕