កម្ចីពី ADB

ADB ឲ្យថៃខ្ចីប្រាក់ ១,៥ពាន់លានដុល្លារដើម្បីជំរុញ និងស្តារសេដ្ឋកិច្ចឡើងវិញ


គណៈរដ្ឋមន្រ្តីថៃ បានសម្រេចអនុម័តលើសំណើរបស់ ក្រសួងហិរញ្ញវត្ថុ ក្នុងការខ្ចីប្រាក់ ១,៥ ពាន់លានដុល្លារអាមេរិកពី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីយកមកប្រើប្រាស់ សម្រាប់ការជំរុញ និងស្តារសេដ្ឋកិច្ចជាតិ ដែលរងផលប៉ះពាល់ដោយសារបញ្ហាមេរោគកូវីដ-១៩ ហើយវាក៏ជាផ្នែកមួយនៃគម្រោងរបស់រាជរដ្ឋាភិបាលថៃ ដែលមានគោលដៅខ្ចីប្រាក់ ៣២ពាន់លានដុល្លារអាមេរិក យកមកសង្រ្គោះសេដ្ឋកិច្ចជាតិផងដែរ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកថៃ ។
ធនាគារអភិវឌ្ឍន៍អាស៊ី
ដោយ

ក្រសួង​ហិរញ្ញវត្ថុថៃ បានរាយការណ៍​ទៅ​គណៈរដ្ឋមន្រ្តី​ថៃ​អំពី​តម្រូវការ​ខ្ចីប្រាក់ ដើម្បី​ទូទាត់​ទៅនឹង​ឱនភាព​ថវិកាជាតិ​នៅក្នុង​ឆ្នាំ ២០២១ ដូច្នេះហើយ រដ្ឋ​ពិតជា​ត្រូវការ​កញ្ចប់​ថវិកា ដើម្បីជួយ​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ។

កញ្ចប់ថវិកា​ចំណាយ​ប្រចាំឆ្នាំ ២០២០ ត្រូវបាន​កំណត់​ដល់​ទៅជាង ១០៣ពាន់​លាន​ដុល្លារ​អាមេរិក ដោយមាន​គោលដៅ​ប្រាក់​ចំណូល ៨៨ពាន់​លាន​ដុល្លារ​អាមេរិក ដូច្នេះហើយ នៅមាន​ឱនភាព​ថវិកា​ជាង ១៣ពាន់លាន​ដុល្លារ​អាមេរិកទៀត។

លើសពីនេះ គណៈរដ្ឋមន្រ្តី​ថៃ បានអនុម័ត​រួចជា​ស្រេច កាលពីខែ​មិថុនា ទៅលើ កញ្ចប់​ថវិកាជាតិ សម្រាប់​ការចំណាយ​ក្នុងឆ្នាំ ២០២១ ដែលមាន​ជាង ១០៦ពាន់​លាន​ដុល្លារ​អាមេរិក និងកំណត់​គោលដៅ​ប្រាក់​ចំណូល ៨៦ពាន់​លាន​ដុល្លារ​អាមេរិក ដែលធ្វើឲ្យ​ឱនភាព​ថវិកា ស្ថិតនៅ​រង្វង់ ២០ពាន់​លាន​ដុល្លារ​អាមេរិក។

ក្រសួង​ហិរញ្ញវត្ថុថៃ ក៏គ្រោង​នឹងចុះហត្ថ​លេខា​លើ គម្រោង​កម្ចីនេះ ដោយកំណត់​យកអត្រា​ការ​ប្រាក់​អណ្តែត យោងទៅ​លើ អត្រារបស់ អន្តរធនាគារ​នៅទី​ក្រុងឡុងដ៍ បូក ០,៥% ក្នុង​មួយឆ្នាំ។

ដោយឡែក ការសង​ត្រលប់​ទៅវិញ ត្រូវបាន​បែងចែក​ជា ២ដំណាក់កាល ដោយ​ដំណាក់កាល​ទី ១ សង ៥០០លាន​ដុល្លារ​អាមេរិក ក្នុងរយៈពេល ១០ឆ្នាំ និងដំណាក់កាល​ទី ២ សងត្រលប់ ១ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងរយៈពេល ៥ឆ្នាំ ដោយដំណាក់កាល​នីមួយៗ ភ្ជាប់​ជាមួយ​រយៈពេល​អនុគ្រោះ ៣ឆ្នាំ។

ទោះយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​ថៃ មានលក្ខខណ្ឌ ត្រូវតែ​បែងចែក និងប្រើប្រាស់​ប្រាក់កម្ចីនេះ មុនដំណាច់​ខែ មិថុនា ឆ្នាំ ២០២១ខាងមុខ។

ធនាគារអភិវឌ្ឍន៍​អាស៊ី បានគូស​បញ្ជាក់ថា កញ្ចប់កម្ចី​បន្ទាន់នេះ នឹងអាច​ជួយគាំទ្រ​ដល់ កញ្ចប់ថវិកា​សង្គ្រោះ​របស់​ប្រទេស​ថៃ ដែលមាន​គោលដៅ ធ្វើឲ្យ​ប្រសើរ​ឡើងនូវ ប្រព័ន្ធ​សុខាភិបាល ក៏ដូចជា ការពារ​សហគ្រាស​ធុនតូច និងមធ្យម នៅក្នុងវិស័យ​ដែលរងគ្រោះ​ខ្លាំង​ជាងគេ ដូចជា វិស័យ​ទេសចរណ៍ និងឧស្សាហកម្មជាដើម។

គួរជម្រាបដែរថា ធនាគារអភិវឌ្ឍន៍​អាស៊ី បានព្យាករណ៍ថា សេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះ ៦,៥% នៅក្នុង​ឆ្នាំ ២០២០នេះ ហើយ​ឥទ្ធិពល​នេះ នឹងប៉ះពាល់ដល់ ជំនួញ​ពាណិជ្ជកម្ម​ក្នុង​តំបន់ ការ​វិនិយោគ និងខ្សែ​បណ្តាញ​កម្លាំង​ពលកម្ម៕

None



អត្ថបទបន្ទាប់


ក្រោយបញ្ចប់កិច្ចចរចា FTA ជាមួយចិន ឥឡូវនេះកម្ពុជាកំពុងបន្ដសិក្សាលទ្ធភាពចរចាFTA ជាមួយឥណ្ឌា

ក្រោយពីទើបតែបានប្រកាសបិទបញ្ចប់នូវកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយនឹងប្រទេសចិនកាលពីថ្ងៃទី ២០ ខែកក្កដារួចមក នាពេលថ្មីៗនេះ…

អាមេរិក និងចិន នឹងត្រួតពិនិត្យកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ឡើងវិញ

នៅពាក់កណ្តាលខែសីហានេះមន្រ្តីជាន់ខ្ពស់តំណាងឲ្យភាគីអាមេរិក និងភាគីចិន នឹងធ្វើកិច្ចប្រជុំមួយ ដើម្បីត្រួតពិនិត្យឡើងវិញនូវ ការអនុវត្តកិច្ចព្រមព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ