កញ្ចប់ថវិកានេះ នឹងត្រូវបានដាក់ជូនសមាជិក ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ យកទៅប្រើប្រាស់ដើម្បីគាំទ្រដល់ប្រព័ន្ធសុខាភិបាលពាក់ព័ន្ធនឹងវ៉ាក់សាំង និងការរៀបចំគម្រោងដើម្បីទទួលបានវ៉ាក់សាំង យកមកចែកចាយដោយមានសុវត្ថិភាព និងប្រសិទ្ធភាព។
មន្រ្តីជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី បានគូសបញ្ជាក់ថា តំបន់អាស៊ីប៉ាស៊ីហ្វិក គឺធ្វើបានល្អណាស់ ក្នុងការគ្រប់គ្រងលើ ការរីករាលដាលនៃមេរោគកូវីដ១៩ ហើយការប្រយុទ្ធជាបន្ទាប់គឺ ការទទួលបានវ៉ាក់សាំង ដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការប្រឆាំងនឹងមេរោគកូវីដ១៩។
លោកបន្តថា ជាមួយនឹងកញ្ចប់ថវិកាថ្មីនេះ ADB នឹងអាចចាត់វិធានការបានភ្លាមៗ ដើម្បីគាំទ្រដល់សមាជិករបស់ខ្លួន ក្នុងការទទួលបាននូវវ៉ាក់សាំង និងចែកចាយ ប្រកបដោយសមធម៌។
គួរជម្រាបដែរថា កាលពីខែមេសា ឆ្នាំ ២០២០កន្លងទៅ ADB បានបញ្ចេញកញ្ចប់ថវិកាជាង ២០ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់សមាជិករបស់ខ្លួន ឆ្លើយតបទៅនឹងបញ្ហាមេរោគកូវីដ-១៩ ហើយកញ្ចប់ថវិកាថ្មីនេះ គឺមានចំនួន ២០លានដុល្លារ បានមកពី មូលនិធិពិសេសសម្រាប់ជំនួយបច្ចេកទេសរបស់ ADB ផ្ទាល់ និង ៣០ម៉ឺនដុល្លារទៀតបានមកពីមូលនិធិបច្ចេកវិទ្យាជាន់ខ្ពស់របស់ រដ្ឋាភិបាលប្រទេសជប៉ុន៕