ទោះជាយ៉ាងនេះក្តី អ្នកជំនាញសេដ្ឋកិច្ចសង្កេតឃើញថា ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្លុកពាណិជ្ជកម្មដ៏ធំបំផុតនៅលើពិភពលោកមួយនេះហាក់នៅមានកម្រិតនៅឡើយ ដោយក្នុងរយៈពេលដូចគ្នានេះទឹកប្រាក់នាំចេញរបស់កម្ពុជា មានទំហំជាង៥,៦ពាន់លានដុល្លារប៉ុណ្ណោះ។ តើកម្ពុជា គួរពង្រឹងសមត្ថភាពបែបណាទៀតដើម្បីទាញយកផលប្រយោជន៍ និងសក្តានុពលនាំចេញឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀង RCEP?
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យទំហំនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារ RCEP នៅមានកម្រិតទាបត្រឹមជាង៥,៦ពាន់លានដុល្លារក្នុងឆមាសទី១ ឆ្នាំនេះ គឺដោយសារទីផ្សារនេះបច្ចុប្បន្នដើរតួត្រឹមជាយន្តការបំពេញបន្ថែមលើប្រព័ន្ធពាណិជ្ជកម្មសេរីអាស៊ានដែលមានស្រាប់ប៉ុណ្ណោះ។
ទោះយ៉ាងណា លោកបណ្ឌិតយល់ឃើញថា កតិកាសញ្ញាពាណិជ្ជកម្មដ៏សំខាន់នេះបានផ្តល់ឱកាសយ៉ាងទូលំទូលាយក្នុងការពង្រីកច្រកទីផ្សារនាំចេញបន្ថែមទៅកាន់បណ្តាប្រទេសជឿនលឿន ដែលកម្ពុជា ធ្លាប់តែពិបាកចូលទៅកាន់កាលពីពេលកន្លងមក។អ្នកជំនាញរូបនេះបានគូសបញ្ជាក់ថា ដើម្បីជំរុញ និងបង្កើនទំហំនាំចេញឱ្យកាន់តែប្រសើរ កម្ពុជា ត្រូវតែពង្រឹងការធ្វើពិពិធកម្មផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ឆ្ពោះទៅកាន់បណ្តាប្រទេសសមាជិក RCEP ដែលមិនមែនជាសមាជិកអាស៊ានឱ្យកាន់តែមានប្រសិទ្ធភាព និងចំគោលដៅជាងមុន។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចមួយរូបទៀត ក៏បានចាត់ទុកកិច្ចព្រមព្រៀង RCEP ថា ជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការបង្កើតកាលានុវត្តភាពសេដ្ឋកិច្ចសម្រាប់កម្ពុជា តាមរយៈការពង្រីកទីផ្សារនាំចេញទំនិញ និងការទាក់ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ផងដែរ។
ប៉ុន្តែ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា កម្ពុជា គួរតែបន្តទាញយកសក្តានុពលពីកិច្ចព្រមព្រៀងនេះឱ្យបានខ្លាំងក្លាបន្ថែមទៀត ជាពិសេសក្នុងការជំរុញការនាំចេញផលិតផលកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់ ហើយកម្ពុជា គួរបន្តពង្រឹងសមត្ថភាពផលិតកម្ម ការគាំទ្រផលិតផលក្នុងស្រុក ព្រមទាំងទាក់ទាញការវិនិយោគដែលនាំមកនូវការផ្ទេរបច្ចេកវិទ្យា និងជំនាញពិតប្រាកដ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល គួរតែបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម និងដឹកជញ្ជូន ព្រមទាំងជួយជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យមឱ្យយល់ដឹងកាន់តែស៊ីជម្រៅពីរបៀបរបបនៃការទាញយកផលប្រយោជន៍ និងការអនុវត្តច្បាប់ដើមកំណើតទំនិញពីកិច្ចព្រមព្រៀង RCEP។
បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅឆមាសទី១ ឆ្នាំ២០២៦ ទំហំដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារ RCEP សម្រេចបានទំហំជាង២៤ពាន់លានដុល្លារកើនឡើងជិត២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះការនាំចេញរបស់កម្ពុជា មានទំហំជាង៥,៦ពាន់លានដុល្លារ កើនឡើងជាង១១% ខណៈការនាំចូលមកកម្ពុជាវិញមានទំហំជិត១៩ពាន់លានដុល្លារ កើនឡើងជាង២៨%។
គួរជម្រាបថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលជាកតិកាសញ្ញាពាណិជ្ជកម្មធំបំផុតរបស់ពិភពលោកបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដោយមានប្រទេសជាសមាជិកចំនួន១៦ រួមមាន ប្រទសសមាជិកអាស៊ាន ចំនួន១១ បូករួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕