ផ្សារទំនើបបរទេស

ផ្សារអ៊ីអននៅខ្មែរ គ្រោងបើក​សាខាទី៣ ខណៈអ៊ីអន​នៅវៀតណាម​គ្រោងបើក​សាខា​ទី៧


ទើបតែបើកដំណើរការសាខាទី២របស់ខ្លួន កាលពីថ្ងៃទី២៩ ខែឧសភាកន្លងទៅថ្មីៗនេះ ក៏លេចឭដំណឹងមកថា ក្រុមហ៊ុនផ្សារទំនើបអ៊ីអននៅកម្ពុជា បានទិញដីតំបន់ភាគខាងត្បូងរាជធានីភ្នំពេញរួចហើយ ដើម្បីបើកសាខាទី៣ របស់ខ្លួន។ នេះបើតាមប្រភពច្បាស់ការដែលបានប្រាប់ខេមបូណូមីស។ ដោយឡែក នៅវៀតណាមឯណោះវិញ ផ្សារទំនើបជប៉ុនមួយនេះ មានការបោះជំហានទៅមុខខ្លាំងផងដែរ ពោលគឺក៏បានត្រៀមសាងសង់សាខាទី៧ របស់ខ្លួនឆាប់ៗនេះដែរ។
សាខាផ្សារទំនើបអ៊ីអន មួយកន្លែង នៅប្រទេសវៀតណាម
ដោយ

តើការ​វិនិយោគ​ផ្សារទំនើប​បរទេសធំៗ​នៅកម្ពុជាដូចជាអ៊ីអន​ជាដើម​នេះ បាន​បង្ហាញ​​ពីសញ្ញា​​​អ្វីខ្លះ​​​ជុំវិញបរិយាកាស​​ធុរកិច្ចនៅ​កម្ពុជា?

វិស័យ​លក់រាយ​នៅកម្ពុជា នាប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ បានបង្ហាញ​ពីសន្ទុះងើប​ឡើងគួរ​ឲ្យកត់​សម្គាល់់ ខណៈដែល​មាន​ហាង​តូចធំ​​ជាច្រើន បានបើក​ដំណើរ​ការ​លក់​ផលិតផល​យ៉ាងព្រោង​ព្រាត។ ក្នុងនោះ ការវិនិយោគ​លើផ្សារ​ទំនើបធំ ក៏បានក្លាយ​ជាបណ្ដុំ​ពាណិជ្ជកម្ម​លក់ដុំ លក់រាយ យ៉ាងសកម្ម​នៅក្នុងទីផ្សារ​កម្ពុជាផងដែរ ស្របពេល​ដែល ចំនួនផ្សារ​ទំនើប​ធំៗ បាននិង​កំពុង​ពង្រីក​ការវិនិយោគ​របស់ខ្លួន​បន្ថែម​ជាបន្តបន្ទាប់។

កំណើន​ផ្សារទំនើប​ធំៗ កាន់តែច្រើន​ឡើងនេះ គឺសបញ្ជាក់​ឲ្យឃើញ​ពីអំណាច​នៃការទិញ​របស់​ប្រជាពលរដ្ឋខ្មែរ ដ្បិតថា អ្នកចំណូល​មធ្យម និងខ្ពស់​កាន់តែ​មានការ​កើនឡើង​ជាងមុន។ មិនតែ​ប៉ុណ្ណោះ វាក៏បង្ហាញ​ឲ្យ​ឃើញ​ពី ​បរិយាកាស​​សេដ្ឋកិច្ច និង​ការ​វិនិយោគ​​ល្អ​នៅ​​កម្ពុជា ក៏ដូចជា​ការ​ឆ្លុះ​​បញ្ចាំង​​ពី​ភាព​​ទំនើប​ស៊ីវិល័យ​នៃ​ការ​រស់​នៅ​​​របស់​​ប្រជាជន ស្របទៅ​​តាម​និន្នាការ​​នៃ​សម័យ​​ភាវូបនីយ​​កម្ម​​ផង​ដែរ។

ក្រៅពីការវិនិយោគ​បង្កើត​ផ្សារទំនើប​ក្នុងស្រុក​ជាច្រើន គេសង្កេត​ឃើញថា វិនិយោគ ជប៉ុន គឺជា​អ្នកវិនិយោគផ្សារ​ទំនើប​បរទេសធំ​ជាងគេ​នៅកម្ពុជា។ តួយ៉ាង បន្ទាប់ពី​​ទទួល​​បានភាព​​ជោគជ័យ​​ខ្លាំង​នៅ​ក្នុង​វិស័យ​លក់រាយ​​នៅក្នុង​​ប្រទេស​កម្ពុជា ជាមួយនឹង​ផ្សារ​ទំនើប AEON ទី១ ដែលស្ថិត​នៅជាប់​ទន្លេបាសាក់​ សង្កាត់​ទន្លេបាសាក់ ក្រុមហ៊ុន ផ្សារទំនើប AEON  ក៏ទើបតែ​បានបើក​សម្ពោធ​សាកល្បង​ផ្សារទំនើប ​AEON សាខាទី២ របស់ខ្លួន​កាលពី​ព្រឹកមិញ​នេះ ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​ដែលកំពុង​មាន​សក្ដានុពល​ខ្លាំង​បំផុត គឺតំបន់​ សែន​សុខ។

​ផ្សារទំនើប​​អ៊ីអន ទី២ សែនសុខ នេះ ត្រូវបាន​ដឹងថា វិនិយោគ​​ក្នុងទំហំ​ទឹក​ប្រាក់ ១២០​លាន​​ដុល្លារ​​អាមេរិក ហើយក៏ផ្សារ​ទំនើប​ដែលមាន​ទំហំធំ​ជាងគេ​មួយនៅ​កម្ពុជា​ផងដែរ។ 

ក្រុមអ្នក​ជំនាញ​​ផ្នែក​​អចលន​ទ្រព្យ ​យល់​ឃើញ​ថា ការវិនិយោគ​ផ្សារទំនើបធំៗ​នេះ ក៏​ជា​មេដែក​​ស្រូប​ទាញ​វិនិយោគិន កាន់តែច្រើន ដើម្បី​វិនិយោគ​គម្រោង​ផ្សេងៗ​នៅតំបន់​ក្បែរនោះ។ តួយ៉ាង នៅក្បែរផ្សារទំនើប AEON 2 នេះ គេសង្កេត​ឃើញថា ក៏មានគម្រោង​លំនៅដ្ឋាន​លំដាប់​ខ្ពស់ The Premier Land ដែលបាន​វិនិយោគ​រាប់លាន​ដុល្លារ ក៏មាន​អភិវឌ្ឍនៅក្បែរ​នោះផងដែរ ខណៈដែល​គម្រោង មជ្ឍមណ្ឌល​សន្និបាត និងពិព័រណ៍​សែនសុខ ដ៏ធំជាងគេ​នៅកម្ពុជា​ ក៏កំពុង​សាងសង់​នៅទល់​មុខ នឹង ផ្សារទំនើប អ៊ីអន ២ នេះផងដែរ ហើយគម្រោងនេះ ត្រូវបាន​ដឹងថា នឹងសាងសង់​បញ្ចប់​នៅចុង​ឆ្នាំនេះ។

បើតាមលើកឡើង​ពីអ្នករកស៊ីក្នុងវិស័យ​ដីធ្លីមានបទពិសោធន៍​ចាស់ទុំមួយ​រូប​ ដែលសុំ​មិនបញ្ចេញ​ឈ្មោះ បានប្រាប់​ខេមបូណូមីស​ថា ​ផ្សារទំនើបអ៊ីអន នេះ នឹង​មិនទាន់​បញ្ចប់ការ​ពង្រីក​សាខា​របស់ខ្លួន​ត្រឹមសាខាទី២​នេះនោះទេ ពោលគឺ ក្រុមហ៊ុននេះ កំពុងត្រៀម​នឹងសាងសង់​សាខាទី​៣ និងទី៤ របស់​ខ្លួន​ក្នុងពេលឆាប់ៗ​នេះដែរ ខណៈដែល សាខាទី៣ ត្រូវបាន​ប្រភព​ច្បាស់ការ​បានឲ្យ​ដឹងថា នឹងត្រូវ​សាងសង់​នៅតំបន់​ភាគខាងត្បូង​រាជធានី​ភ្នំពេញ។ 

បើមើល​ទៅប្រទេស​ក្បែរខាង​កម្ពុជា​វិញ ក្រុមហ៊ុនផ្សារ​ទំនើបអ៊ីអន​របស់​ជប៉ុនមួយនេះ ក៏បានពង្រីក​ខ្លួនជាច្រើន​សាខា​ហើយដែរ ពោលគឺមាន ៦សាខា​ហើយនៅ​វៀតណាម ខណៈសាខាទី៧ ក៏គ្រោង​នឹងសាងសង់​ឆាប់ៗ​នេះដែរ។

ក្រៅពីផ្សារ​ទំនើប AEON ទាំង២​សាខានេះ នៅរាជធានី​ភ្នំពេញ ក៏នៅ​មានផ្សារ​ទំនើបដ៏ធំមួយ​ទៀត គឺផ្សារទំនើប Parkson ដែលកំពុង​សាង​សង់​បញ្ចប់​គម្រោង​របស់​ខ្លួន​នា​ពេល​ឆាប់ៗ​​នេះដែរ ខណៈផ្សារ​ទំនើបមួយនេះ បានពន្យា​ពេល​បើក​ដំណើរការ​អស់រយៈ​ពេលជាយូរ​ណាស់​ហើយដែរ​។ ដោយឡែក ចំពោះទីផ្សារ​នៅប្រទេស​វៀតណាមវិញ ផ្សារទំនើប​ Parkson នេះ ក៏បានបិទ​ជាច្រើន​​សាខា​​ហើយដែរ។ 

យ៉ាងណា​ក៏ដោយចុះ បន្ទាប់​ពី​ផ្សារ​ទំនើប​ទាំងនេះ បើកដំណើរ​ការពេញ​លេញ គេជឿជាក់ថា រាជធានីភ្នំពេញ និងផ្លាស់ប្តូរនូវ​មុខមាត់ថ្មី​របស់ខ្លួន​មួយកម្រិត​ទៀត ពិសេស​គឺការផ្ដល់​នូវបរិបថ​រស់នៅថ្មី​របស់ប្រជាជន​ក្នុងទីក្រុង។ ប៉ុន្ដែ វត្តមាន​របស់ផ្សារ​ទំនើប​គ្រាក់ៗ ដែល​មានទុន​វិនិយោគ​រាប់រយលាន​ដុល្លារ​​ទាំងនេះ ក៏កំពុង​ធ្វើឲ្យផ្សារ​ទំនើប​ក្នុងស្រុក​មួយចំនួន​​កំពុងមាន​ភាព​រង្គោះរង្គើ​ទីផ្សារ​ផងដែរ ខណៈដែល​មានផ្សារ​ទំនើបក្នុង​ស្រុក​មួយ​ចំនួន​​ហាក់មាន​ភាពស្ងប់ស្ងាត់​ភ្ញៀវចេញ​ចូល​ ខុសពី​ប៉ុន្មាន​មុនៗ។

តួយ៉ាង ដើម្បី​ឆ្លើយតប​នឹងឥទ្ធិពល​នៃការហូរ​ចូល​ នៃផ្សារទំនើប​បរទេសធំៗ​នេះ កាលពី​ពេលចុង​ឆ្នាំ ២០១៧​កន្លងទៅ ផ្សារទំនើប​សូរិយា ដែលជាផ្សារ​ទំនើបក្នុង​ស្រុក​វ័យចំណាស់​ជាងគេ​នៅកម្ពុជា​នោះ បានធ្វើការកែប្រែ​សោភ័ណ​ភាព​ថ្មីនៃទ្រង់​ទ្រាយ​ខាង​ក្នុង និងក្រៅ​អគារ​របស់ខ្លួន ឲ្យកាន់តែ​ប្រសើរឡើង ព្រមទាំងបាន​ដូរឈ្មោះថ្មី​ទៅជា ផ្សារទំនើប​សូរិយា សេនធ័រ ភ័នធ៍ ផងដែរ។ 

ផ្សារទំនើប អ៊ីអន 2 បើកដំណើរការសាកល្បងនៅថ្ងៃដំបូង

អ្នក​​ឧកញ៉ា​ពុង ឃាវសែ ប្រធានក្រុមប្រឹក្សា​ភិបាល​ធនាគារ កាណាឌីយ៉ា និងជាប្រធាន​ក្រុមប្រឹក្សា​ភិបាលនៃក្រុមហ៊ុន​សបភីង សេនធ័រ សូរិយា ធ្លាប់បាន​លើក​ឡើងថា ការ​ចូល​មក​ដល់​​នៃ​ផ្សារ​​ទំនើប​បរទេស​ធំៗ​ ដែល​បាន​​និង​កំពុង​​ពង្រីក​ខ្លួន​​ជា​បន្ត​បន្ទាប់​នៅ​កម្ពុជា ក៏​បាន​ធ្វើ​ឲ្យ​ផ្សារ​ទំនើប​ក្នុង​ស្រុក​មួយ​ចំនួន ត្រូវ​ប្រឈម​​នឹង​ការ​បាត់បង់​ចំណែក​ទីផ្សារ​ផង​ដែរ។ 

លោក​បន្ត​ថា កន្លង​មក ដោយសារ​តែ​ក្រុមហ៊ុន​លោក​មាន​គំនិត​អភិរក្ស​និយម​ខ្លាំង​ពេក បាន​ធ្វើ​ឲ្យ​គំនិត​នេះ​ហួស​សម័យ និង​បាន​ធ្វើ​ឲ្យ​ផ្សារ​ទំនើប​សូរិយា​បាន​បាត់បង់​អតិថិជន​របស់​ខ្លួន​មួយ​ចំនួន។ ដូច្នេះ​ហើយ​ទើប ក្រុមហ៊ុន​ផ្សារ​ទំនើប​សូរិយា សម្រេច​ចិត្ត​បោះទុន​វិនិយោគ​បន្ថែម៥លានដុល្លារ និង​បាន​អញ្ជើញ​អ្នក​ឯកទេស​ខាង​រចនា​ជាច្រើន ដើម្បី​សាងសង់​រចនាបថ​ថ្មី តម្រូវតាម​សេចក្ដី​ត្រូវការ​របស់​អតិថិជន​បច្ចុប្បន្ន និង​អនាគត។ 

None



អត្ថបទបន្ទាប់


មូលនិធិ IFAD សម្រេចផ្ដល់ថវិកាបន្ថែម ៦៤ លានដុល្លារអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍កសិកម្មនៅកម្ពុជា

មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD បានសម្រេចផ្ដល់ថវិកាសរុប ៦៤លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់រាជរដ្ឋាភិបាលកម្ពុជា …

ក្រុមហ៊ុន​ប្រឹក្សា​វិនិយោគ​ធំមួយ​​ ឈានជើងចូល​ក្នុង​ទីផ្សារ​កម្ពុជា ខណៈ​ការ​វិនិយោគ​ពីក្រៅប្រទេសកំពុង​មាន​សន្ទុះ

ក្រុមហ៊ុន​ប្រឹក្សា​យោបល់​​វិនិយោគ​​បានដើរ​តួនាទី​យ៉ាងក្នុងការទាក់ទាញ​អ្នក​វិនិយោគ​មក​កម្ពុជា ដោយសារអ្វី? គឺដោយសារ​តែប៉ុន្មាន​ឆ្នាំ​ចុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ