ក្នុងជំនួបជាមួយលេខាបក្សទីក្រុងហាណូយ លោក Dinh Tien Dung កាលពីពេលថ្មីៗនេះ លោក Nagakawa Tetsuyuki អគ្គនាយកទូទៅនៃផ្សារទំនើប Aeon Mall Vietnam បាននិយាយថា គម្រោងអ៊ីអនម៉ល Hoang Mai នៅរដ្ឋធានីហានូយ ឥឡូវនេះកំពុងស្ថិតក្នុងដំណាក់កាលរៀបចំចុងក្រោយរបស់ខ្លួនសម្រាប់ការវិនិយោគ។ លោកបន្តទៀតថា ក្រុមហ៊ុន AEON Mall Vietnam មានថវិកា បុគ្គលិក និងឧបករណ៍គ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការសាងសង់ភ្លាមៗបន្ទាប់ពីនីតិវិធីនៃការវិនិយោគត្រូវបានបញ្ចប់។
ពេលបច្ចុប្បន្ននេះ ផ្សារអ៊ីអនម៉លកំពុងប្រតិបត្តិការក្នុងប្រទេសវៀតណាមចំនួន៦កន្លែង រួមទាំងផ្សារចំនួន២នៅក្នុងស្រុក Long Bien and Ha Dong នៃទីក្រុងហានូយ។ ក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុនមួយនេះ មានផែនការបើកដំណើរការគម្រោង១៦បន្ថែមទៀតក្នុងប្រទេសវៀតណាមត្រឹមឆ្នាំ២០២៥នេះ។
លោក Tetsuyuki បាននិយាយថា លោកសង្ឃឹមថា អាជ្ញាធរទីក្រុងហាណូយនឹងនៅតែបន្តការគាំទ្ររបស់ខ្លួន ដូច្នេះ គម្រោងអ៊ីអន Hoang Mai អាចនឹងចាប់ផ្តើមសាងសង់នៅត្រីមាសទីបីឆ្នាំនេះ។ ក្រុមហ៊ុន AEON Mall ក៏បានស្នើសុំឱ្យទីក្រុងហានូយដដែល ឲ្យជួយគាំទ្រដល់ការបង្កើតគម្រោងផ្សារទំនើប Aeon Mall មួយទៀតនៅស្រុក Bac Tu Liemផងដែរ។
ជាមួយគ្នានេះដែរ លេខាបក្សទីក្រុងហាណូយលោក Dinh Tien Dung បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងកែលម្អបរិយាកាសវិនិយោគរបស់ខ្លួន និងកែសម្រួលគោលនយោបាយទាក់ទាញការវិនិយោគពីក្នុងនិងក្រៅប្រទេស។ លោកបានគូសបញ្ជាក់ថា ទីក្រុងហាណូយយកចិត្តទុកដាក់ណាស់ក្នុងការគាំទ្រគម្រោងអ៊ីអន Hoang Mai នេះ ហើយនឹងស្នើឲ្យភ្នាក់ងារពាក់ព័ន្ធសហការជាមួយអាជ្ញាធរ Bac Tu Liem ដើម្បីគាំទ្រដល់គម្រោងសាងសង់ផ្សារទំនើប AEON នៅក្នុងតំបន់នេះ។
អនុប្រធានក្រុមប្រឹក្សាភិបាលនៃទីក្រុងហាណូយ លោក ង្វៀន មាញ គូយិន (Nguyen Manh Quyen) បាននិយាយថា លោកនឹងស្នើឲ្យអាជ្ញា ធរពាក់ព័ន្ធ បញ្ចប់នីតិវិធីច្បាប់ទាក់ទងនឹងគម្រោងអ៊ីអន Hoang Mai ដូច្នេះការសាងសង់អាចចាប់ផ្តើមតាមការគ្រោងទុក៕
អត្ថបទ៖ ហ៊ុន គន្ធថៃ