គ្រោះរញ្ជួយដី

ប្រទេសអាហ្វហ្គានីស្ថាន ជួបគ្រោះរញ្ជួយដីស្លាប់មនុស្សជាង២ពាន់នាក់


រដ្ឋបាលរបស់ក្រុមតាលីបង់ នៅប្រទេសអាហ្វហ្គានីស្ថាន បានរាយការណ៍ថា មនុស្សជាង២ពាន់៤រយនាក់បានស្លាប់ និងជាង២ពាន់នាក់ទៀត បានរងរបួសនៅក្នុងហេតុការរញ្ជួយដីដ៏សាហាវបំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយបានញ័រកក្រើកប្រទេសភ្នំ ដែលងាយរងគ្រោះដោយការរញ្ជួយដីមួយនេះ។ តាមការវាយតម្លៃរបស់អាជ្ញាធរចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនេះអាចនឹងបន្តកើនឡើងបន្ថែមទៀត។ នេះបើការចេញផ្សាយរបស់សារព័ត៌មានធំៗ។
គ្រោះរញ្ជួយដី
ដោយ

ទីភ្នាក់ងារខាងការរញ្ជួយដីរបស់សហរដ្ឋអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដីមួយចំនួនបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី៧ ខែតុលា នៅក្នុងកម្រិត៦.៣រ៉ិកទ័រ នៅតំបន់មួយចម្ងាយ៣៥គីឡូម៉ែត្រនៅភាគពាយព្យនៃទីក្រុងហេរ៉ាត ដែលស្ថិតនៅភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាន។

នេះគឺជាគ្រោះរញ្ជួយដីដែលមានមនុស្សស្លាប់ច្រើនបំផុតមួយនៅក្នុងពិភពលោកសម្រាប់ឆ្នាំនេះ បន្ទាប់ពីការរញ្ជួយនៅប្រទេសតួកគី និងស៊ីរី បានសម្លាប់មនុស្សប្រមាណ៥ម៉ឺននាក់ កាលពីខែកុម្ភៈ។

លោក អាណាន់ សាយីក (Anan Sayeeq) អ្នកនាំពាក្យក្រសួងគ្រោះមហន្តរាយ បាននិយាយក្នុងសារមួយផ្ញើទៅឱ្យទីភ្នាក់សារព័ត៌មានធំៗថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង២ពាន់៤រយនាក់ហើយ ប៉ុន្តែលោកបានកែប្រែចំនួនអ្នករងរបួសមកនៅត្រឹមជាង២ពាន់នាក់ប៉ុណ្ណោះ ដោយមុននេះលោកបាននិយាយថា មនុស្សចំនួនជាង៩ពាន់នាក់ បានរងរបួស ខណៈដែលផ្ទះចំនួន១,៣២០ខ្នងត្រូវបានបំផ្លាញ​។

លោក សាយីក បានប្រាប់សន្និសីទព័ត៌មានមួយថា ក្រុមជួយសង្គ្រោះចំនួន១០ក្រុមកំពុងស្ថិតនៅតំបន់រងគ្រោះដោយការរញ្ជួយដីនេះ ដែលនៅជាប់ព្រំដែននឹងប្រទេសអ៊ីរ៉ង់ ហើយខ្លះទៀតបានកើតឡើងនៅជាប់ព្រំដែនជាមួយប្រទេសប៉ាគីស្ថាន ផងដែរ។

មន្ត្រីនាយកដ្ឋានសុខាភិបាលម្នាក់នៅទីក្រុងហេរ៉ាត ដែលប្រាប់អត្តសញ្ញាណខ្លួនឯងថា ជាវេជ្ជបណ្ឌិតដាណឺម៉ាក (Dr. Danish) បាននិយាយថា អ្នកស្លាប់ជាង២០០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយចំនួន និងមូលដ្ឋានយោធាដោយអ្នកស្លាប់ភាគច្រើនគឺជាស្ត្រី និងកុមារ។ គ្រែជាច្រើនត្រូវបានរៀបចំដាក់នៅខាងក្រៅមន្ទីរពេទ្យធំមួយនៅក្នុងទីក្រុងហេរ៉ាត ដើម្បីទទួលជនរងគ្រោះជាច្រើន។

លោក ស៊ូហែល សាហ៊ីន (Suhail Shaheen) ប្រធានការិយាល័យនយោបាយនៃក្រុមតាលីបង់ប្រចាំប្រទេសកាតា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថា អាហារ ទឹកផឹក ថ្នាំពេទ្យ សម្លៀកបំពាក់ និងតង់ជាច្រើនត្រូវការជាបន្ទាន់សម្រាប់ការជួយសង្គ្រោះ និងសម្រាលទុក្ខលំបាក។

ចំនួនអ្នកស្លាប់ជារឿយៗតែងតែមានការកើនឡើងនៅពេលដែលមន្ត្រីពាក់ព័ន្ធទទួលបានព័ត៌មាន ឬរបាយការណ៍ថែមទៀតពីតំបន់ដាច់ស្រយាលនៃប្រទេសដែលរងគ្រោះដោយសង្គ្រាមជាច្រើនទសវត្សរ៍មកនេះ ដែលបង្កការលំបាកសម្រាប់ប្រតិបត្តិការជួយសង្គ្រោះពលរដ្ឋក្នុងការរញ្ជួយដីនេះ។

ប្រព័ន្ធថែទាំសុខាភិបាលរបស់អាហ្វហ្គានីស្ថាន ដែលពឹងផ្អែកស្ទើរតែទាំងស្រុងលើជំនួយបរទេសបានប្រឈមមុខនឹងការកាត់ផ្តាច់ជំនួយក្នុងរយៈពេល២ឆ្នាំមកនេះ ចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាច ខណៈដែលជំនួយអន្តរជាតិជាច្រើនដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចត្រូវបានបញ្ឈប់៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ក្រុមសកម្មប្រយុទ្ធ ហេស្សប៊ូឡា បើកការបាញ់ប្រហារលើអ៊ីស្រាអែល

ក្រោយមានការបាញ់ប្រហារមិនធ្លាប់មានទៅលើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍ ក្រុមឧន្ទាមដ៏មានឥទ្ធិពលមួយក្នុងប្រទេសលីប…

អាស៊ាន តាមដានសង្គ្រាមនៅអ៊ីស្រាអែល ខណៈប្រទេសខ្លះត្រៀមយន្តហោះដឹកពលរដ្ឋខ្លួន

បណ្តាប្រទេសអាស៊ាន កំពុងតាមដានសភាពការណ៍វិវត្តន៍នៃសង្រ្គាមរវាងអ៊ីស្រាអែល-ហាម៉ាស់ យ៉ាងយកចិត្តទុកដាក់ ដែលមកដល់ពេលនេះបានអ្នកស្លាប់បាត់បង់ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ