ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា មេដឹកនាំអាហ្វ្រិកខាងត្បូង និងសមភាគីចិន បានជជែកគ្នាតាមទូរស័ព្ទកាលពីថ្ងៃសុក្រ ទី០៩ មិថុនា។ យោងតាមសេចក្តីថ្លែងការណ៍របស់ភាគីអាហ្វ្រិកខាងត្បូង ប្រធានាធិបតី រ៉ាម៉ាហ្វូសា បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថា លោកបានកត់ត្រាផែនការសន្តិភាពដែលស្នើឡើងដោយប្រទេសចិន ហើយបានបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្តួចផ្តើមទាំងឡាយក្នុងគោលបំណងដោះស្រាយជម្លោះដោយសន្តិវិធី។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា «ប្រធានាធិបតីស៊ី ជីនពីង បានសរសើរគំនិតផ្តួចផ្តើមរបស់ទ្វីបអាហ្រ្វិក ហើយបានទទួលស្គាល់ពីផលប៉ះពាល់នៃជម្លោះលើជីវិតមនុស្ស និងលើសន្តិសុខស្បៀងនៅអាហ្វ្រិកផងដែរ។ ប៉ុន្តែសេចក្ដីថ្លែងការណ៍នោះមិនបានបញ្ជាក់អំពីចំណុចនានាដែលមាននៅក្នុងគំនិតផ្ដួចផ្ដើមរបស់មេដឹកនាំអាហ្វ្រិក ដើម្បីដោះស្រាយជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែនទេ។
មែនទែនទៅ សំណើផែនការសន្តិភាពដែលមានកន្លងមកដើម្បីបញ្ចប់សង្រ្គាម ត្រូវបានផ្តួចផ្តើមឡើងជាបន្តបន្ទាប់ដោយប្រទេសធំៗ និងមានឥទ្ធិពលមួយចំនួនតូច ប៉ុន្តែវាហាក់ដូចជាមិនមានប្រសិទ្ធភាពជាក់ស្តែងនោះឡើយ។ ជាមួយគ្នានោះដែរ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ធ្លាប់បាននិយាយម្តងហើយម្តងទៀតថា អ៊ុយក្រែនព្រមទទួលយកផែនការសន្តិភាពគ្រប់ទម្រង់ទាំងអស់ ដែលស្នើឡើងដោយប្រទេសនៅលើពិភពលោក ល្គឹកណាកងទ័ពរុស្ស៊ីដកចេញពីទឹកដីអ៊ុយក្រែនសិន។
កាលពីថ្ងៃទី១៦ ខែឧសភា លោករ៉ាម៉ាហ្វូសា បានប្រកាសពីផែនការសន្តិភាពអាហ្វ្រិក ដែលព័ត៌មានលម្អិតយ៉ាងណានោះមិនត្រូវបានបង្ហាញជាសាធារណៈឡើយ។ ផែនការសន្តិភាពនោះមានការគាំទ្រពីមេដឹកនាំប្រទេសសេណេហ្គាល់ អ៊ូហ្គង់ដា អេហ្ស៊ីប សាធារណរដ្ឋកុងហ្គោ និងប្រទេសហ្សំប៊ីដែរ។
ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃសុក្រនោះ មេដឹកនាំអាហ្វ្រិកខាងត្បូង និងមេដឹកនាំចិន ក៏បានពិភាក្សាគ្នាអំពីកិច្ចប្រជុំកំពូល BRICS ដែលអាហ្រ្វិកខាងត្បូងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះដែរ។ ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពុងមានជំហរមិនច្បាស់លាស់ជុំវិញថា តើនឹងអនុញ្ញាតឱ្យមេដឹកនាំរុស្ស៊ីចូលរួមកិច្ចប្រជុំឬយ៉ាងណា ខណៈលោក ពូទីន កំពុងជាប់ឈ្មោះក្នុងដីកាចាប់ខ្លួនរបស់តុលាឧក្រិដ្ឋកម្មអន្តរជាតិ ហើយអាហ្វ្រិកខាងត្បូងដែលជាសមាជិកនៃតុលាការអន្តរជាតិមួយនេះដែរ មានកតាព្វកិច្ចអនុវត្តដីការបស់តុលាការ៕