ក្រុមហ៊ុន Evergrande បានឲ្យដឹងទៀតថា ដោយសារតែកន្លងមកធនាគារ សេងជីង ជាធនាគារដែលបានផ្តល់ប្រាក់កម្ចីដ៏សំខាន់ជាងគេមួយដល់ Evergrande យកទៅអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ហេតុនេះហើយវាទាមទារឲ្យ Evergrande ត្រូវលក់ចេញភាគហ៊ុនដែលខ្លួនមាន ក្នុងធនាគារមួយនេះប្រមាណ ១ពាន់៥រយលានដុល្លារអាមេរិក ដើម្បីយកសាច់ប្រាក់មកទូទាត់សងបំណុល ដែលបច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យដ៏ធំបំផុតលំដាប់ទី២របស់ចិនមួយនេះ មានជំពាក់បំណុលដល់ទៅជាង ៣០០ពាន់លានដុល្លារអាមេរិកឯណោះ។
យ៉ាងណាក៏ដោយចុះ ការលក់ភាគហ៊ុនដែលកាន់កាប់ដោយក្រុមហ៊ុន Evergrande នៅក្នុងធនាគារសេងជីងនេះ គឺសម្រាប់តែសងបំណុលដល់ធនាគារមួយនេះផ្ទាល់តែម្តង ដោយមិនអាចបង្វែរសាច់ប្រាក់ទៅសងម្ចាស់បំណុលផ្សេងទៀតបាននោះទេ។ តើមកពីហេតុអ្វី0x017d7
នេះក៏ដោយសារតែ Evergrande កាលពីសប្តាហ៍មុនបានខកខានទូទាត់ការប្រាក់សម្រាប់បណ្ណបំណុលរបស់ខ្លួនតាមកាលកំណត់ម្តងរួចមកហើយ។ ហេតុនេះ Evergrande ត្រូវសងម្ចាស់បំណុលតាមដំណាក់កាល ដែលបានកំណត់ សម្រាប់ករណីដែលខកខាន ក្រុមហ៊ុនចិនខាងលើត្រូវរកដំណោះស្រាយដោយខ្លួនឯង។
ដោយឡែក បន្ទាប់ពីបានលេចឭដំណឹងដែលថា Evergrande ត្រូវលក់ចំណែកភាគហ៊ុន ដើម្បីសងបំណុលធនាគារ Shengjing ភាគហ៊ុនរបស់ Evergrande នៅលើផ្សារជួញដូរភាគហ៊ុនក៏បានហក់ឡើងដល់ទៅ ១៥% វិញនៅថ្ងៃពុធនេះ។
គួរជម្រាបដែរថា ភាគហ៊ុនជាង ១ពាន់៧រយលានភាគហ៊ុន ដែលស្មើនឹងប្រមាណ ២០% នៃភាគហ៊ុនសរុបធនាគារ Shengjing នឹងត្រូវលក់ក្នុងតម្លៃប្រមាណ ៨៨សេន ពោលគឺមិនដល់១ដុល្លារនោះទេនៅមួយភាគហ៊ុន។ ភាគហ៊ុនទាំងនេះ នឹងត្រូវលក់ទៅឱ្យក្រុមហ៊ុន Shenyang Shengjing Finance Investment Group Co Ltd ដែលជាសហគ្រាសគ្រប់គ្រងដោយរដ្ឋចិន ធ្វើការលើការគ្រប់គ្រងមូលធននិងទ្រព្យសម្បត្តិ។
យ៉ាងណាមិញ ក្រោយលក់ភាគហ៊ុននេះរួច ក៏ Evergrandeនៅបន្តមានចំណែកភាគហ៊ុនក្នុងធនាគារ Shengjing ប្រមាណជិត១៥%ទៀត ខណៈសហគ្រាសរដ្ឋ Shenyang Shengjing ក៏នឹងមានចំណែកភាគហ៊ុននៅក្នុងធនាគារ Shengjing ប្រមាណ២០%ផងដែរ។
សូមជម្រាបថា វិបត្តិហិរញ្ញវត្ថុរបស់ Evergrande កំពុងធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ឈឺក្បាលវិលមុខយ៉ាងខ្លាំង ដោយសារតែភាពមិនច្បាស់លាស់នៃជោគវាសនារបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំនៅប្រទេសចិនមួយនេះ។ ទោះបី មិនបង្ហាញជាសាធារណៈថា ខ្លួនកំពុងជួយជ្រោមជ្រែង និងបញ្ចៀស Evergrande ពីការដួលរលំក៏ដោយ ប៉ុន្តែ គេមើលឃើញថា រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ចេញវិធានការណ៍ដោយប្រយោល ដើម្បីជួយក្រុមហ៊ុននេះ តាមរយៈការបញ្ចេញសាច់ប្រាក់ ដោយធនាគារកណ្តាល ជួយទប់ចរន្តហិរញ្ញវត្ថុ និងជាក់ស្តែងចុងក្រោយ តាមរយៈការទិញយកភាគហ៊ុនរបស់ Evergrande ដោយសហគ្រាសរដ្ឋជាដើម៕