អ្នកស្រី គង់ ស៊ីណាង ម្ចាស់ហាងមាសពេជ្រ គង់ ស៊ីណាង នៅរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ហាងឆេងតម្លៃមាសនៅពេលបច្ចុប្បន្នមានការប្រែប្រួលច្រើន បើធៀបនឹងកាលពីខែមុន ខណៈតម្លៃមាសនៅហាងរបស់អ្នកស្រី បានធ្លាក់ចុះជាង ២០០ ទៅ ៣០០ដុល្លារក្នុងមួយតម្លឹង បើប្រៀបធៀបកាលពីខែមុន ខណៈតាំងពីដើមខែមិថុនាមក ហាងឆេងតម្លៃមាសបានបន្តធ្លាក់ចុះជាបន្តបន្ទាប់ រហូតមកទល់មួយសប្តាហ៍ចុងក្រោយនេះមាសមានតម្លៃចុះថេរ ដោយមាសមួយតម្លៃលក់ចេញក្នុងតម្លៃ២ពាន់១រយ១០ដុល្លារ ខណៈកាលពីខែមុន តម្លៃមាស១តម្លឹងលក់ចេញ២ពាន់៣រយ៥០ដុល្លារ ទៅ ២ពាន់៤រយដុល្លារឯណោះក្នុង១តម្លឹង។
អ្នកស្រី គង់ ស៊ីណាង បានបញ្ជាក់ឲ្យដឹងដែរថា នៅរយៈពេលចុងក្រោយបន្ទាប់ពីហាងឆេងតម្លៃមាសធ្លាក់ចុះនេះ ហាងមាសរបស់អ្នកស្រី ទទួលបានអតិថិជនច្រើនជាងមុន ដែលកាលពីមាសមិនទាន់ធ្លាក់ថ្លៃខ្លាំង មានអតិថិជនមកទិញមាសត្រឹម៥០%ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីមាសធ្លាក់ថ្លៃ មានអតិថិជនកើនឡើងរហូតដល់៨០%ឯណោះ ខណៈអ្នកយកមាសមកលក់វិញ គឺមានតិចតួចប៉ុណ្ណោះ។
ពាក់ព័ន្ធការធ្លាក់ចុះតម្លៃមាសនេះដែរ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីងឃែភីថលបានអះអាងថា ការធ្លាក់ចុះតម្លៃមាសនៅកម្ពុជាក៏ដូចជាលើពិភពលោកនេះ គឺបណ្តាលមកពីតម្លៃលុយដុល្លាររបស់អាមេរិកឡើងថ្លៃ គួបផ្សំការរំពឹងកើនឡើង នៃសេដ្ឋកិច្ចសកលនាពេលខាងមុខ ក្រោយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកលបច្ចុប្បន្នស្ថិតក្នុងភាពគ្រប់គ្រងបាន។ កត្តាដែលធ្វើតម្លៃលុយដុល្លារអាមេរិកមានការឡើងថ្លៃគឺបន្ទាប់ពីធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់ដើម្បីរក្សាតម្លៃលុយរបស់ខ្លួន និងទប់ស្កាត់អតិផរណាក្នុងប្រទេស ដែលកំពុងមានការកើនឡើង។ អ្នកជំនាញរូបនេះជឿជាក់ថា តម្លៃមាសនៅលើទីផ្សារសកលនឹងបន្តធ្លាក់ចុះបន្ថែមមួយកម្រិតទៀត ដរាបណាធនាគារកណ្តាលរបស់អាមេរិកនៅតែបន្តដំឡើងអត្រាការប្រាក់ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចពីការកើនឡើងអតិផរណា។
សូមបញ្ជាក់ថា បើមើលទៅលើតម្លៃហាងឆេងមាសពិភពលោកគិតត្រឹមល្ងាចថ្ងៃទី ១១ខែកក្កដានេះ តម្លៃមាសមានតម្លៃប្រហែល ១.៧៤០ដុល្លារក្នុងមួយអោន ឬស្មើនឹងជាង៨ជីមាស៕