ដ្បិតការនាំចេញផលិតផលកសិកម្ម នៅត្រីមាសទី១ មានកំណើនក៏ពិតមែន ប៉ុន្ដែ ការនាំចេញផលិតផលខ្លះ ក៏បានជួបបញ្ហាប្រឈមជាច្រើនដែរ តួយ៉ាង ផ្លែស្វាយស្រស់ និងគ្រាប់ស្វាយចន្ទី ជាដើម។ តួយ៉ាង បើតាមការអះអាងរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ហាដឹកជញ្ជូន និងការប្រកួតប្រជែងតម្លៃ លើទីផ្សារអន្តរជាតិ គឺជាបញ្ហាប្រឈមខ្លាំងដែលធ្វើឲ្យការនាំចេញផ្លែស្វាយស្រស់ និងគ្រាប់ស្វាយចន្ទី ឆ្នាំនេះថយចុះ។
របាយការណ៍ដែលបង្ហាញដោយរដ្ឋមន្ត្រីកសិកម្ម បានកត់សម្គាល់ឃើញថា ក្នុងចំណោមកសិផលសំខាន់ៗដែលកម្ពុជានាំចេញ ភាគច្រើនសុទ្ធតែមានកំណើនលើកលែងតែ ផ្លែស្វាយស្រស់ និងគ្រាប់ស្វាយចន្ទី មិនទាន់កែច្នៃ ដែលជួបបញ្ហាក្នុងការនាំចេញ ពិសេសបញ្ហាទីផ្សារតែម្ដង។
ឆ្លើយតបនឹងចម្ងល់របស់ប្រជាពលរដ្ឋពីបញ្ហាទីផ្សារស្វាយស្រស់ និងស្វាយចន្ទី តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហាញពីឧបសគ្គមួយចំនួន ដែលធ្វើឲ្យការនាំចេញផលិតផលទាំងនេះមានការថយចុះ។
បើតាមឯកឧត្តម វេង សាខុន ការដឹកជញ្ជូនផលិតផលកសិកម្ម ឆ្លងដែនរវាង ប្រទេសវៀតណាម និងចិន បានជួបឧបសគ្គ ដោយសារតែការរីករាលដាលជាសកលនៃជងឺកូវីដ១៩ ដោយភាគីមានការត្រួតពិនិត្យយ៉ាងតឹងតែង ។ ជាមួយនឹង ការប្រកួតប្រជែងតម្លៃ នៅលើទីផ្សារប្រទេសចិន ដោយវិស័យឯកជនពិនិត្យឃើញថា មិនទទួលបានប្រាក់ចំណេញ ទាក់ទងទៅនឹងតម្លៃនៃការធ្វើប្រព្រឹត្តកម្ម វេចខ្ចប់ និងដឹកជញ្ជូន មានតម្លៃខ្ពស់ ទាំងនៅកម្ពុជា និងតម្លៃដឹកជញ្ជូនចេញពីកម្ពុជា ទៅកាន់កំពុងផែនៃប្រទេសចិន។ នេះបើតាមរដ្ឋមន្ត្រីកសិកម្ម ឯកឧត្តម វេង សាខុន។
មិនខុសគ្នាប៉ុន្មានពីរដ្ឋមន្ត្រីកសិកម្មនោះទេ ឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនួញក្នុងវិស័យនាំចេញផ្លែស្វាយស្រស់ និងប្រធានប្រឹក្សាភិបាលនៃសហព័ន្ធស្រូវ អង្ករ កម្ពុជា ក៏បានគូសបញ្ជាក់ដែរថា ដំណើរការនៃការនាំចេញកសិផល នៅឆ្នាំ២០២២នេះ ហាក់មិនសូវមានការប្រែប្រួលប៉ុន្មានទេ ហើយបញ្ហាប្រឈមក្នុងវិស័យនេះ គឺថ្លៃដឹកជញ្ជូនខ្ពស់ និងខ្វះទូរកុងតឺន័រ។ ដោយឡែក ដំណើរការនាំចេញផ្លែស្វាយស្រស់វិញ កំពុងជួបបញ្ហាប្រឈមយ៉ាងខ្លាំង ដោយសារវិធានការរឹតត្បឹតនៅប្រទេសចិន ក៏ដូចជា បញ្ហាឆ្លងដែនរវាងវៀតណាម និងចិន។ បើតាមឧកញ៉ា ហ៊ុន ឡាក់ មិនមែនតែផ្លែស្វាយរបស់កសិករ នោះទេ សូម្បីផ្លែស្វាយស្រស់នៅតាមចម្ការធំៗ មួយចំនួន ក៏កំពុងជួបបញ្ហាប្រឈមទីផ្សារដែរ ទាំងតម្លៃផ្លែស្វាយខ្ចប់ និងផ្លែស្វាយខៀវ។ បើតាមឧកញ៉ា ហ៊ុន ឡាក់ សព្វថ្ងៃ ផ្លែស្វាយស្រស់ហាក់មិនសូវមានអ្នកទិញនោះទេ សូម្បីផ្លែស្វាយខ្ចប់ ក៏ដោយ បានធ្លាក់ថ្លៃរហូតមកនៅត្រឹមប្រមាណ ៥០០រៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ខណៈតម្លៃផ្លែស្វាយខ្ចប់នេះ ធ្លាប់ត្រូវបានរំពឹងថា នឹងមានតម្លៃ រហូត២ ០០០រៀល ក្នុងមួយគីឡូក្រាម នាឆ្នាំនេះ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា នៅតែបង្ហាញពីការព្រួយបារម្ភ ចំពោះបញ្ហានានា ដែលកើតមានក្នុងវិស័យកសិកម្ម ពិសេសក្នុងផលិតកម្មស្វាយចន្ទី តែម្ដង។ បើតាមលោក អួន ស៊ីឡុត បច្ចុប្បន្ន ផលិតកម្មស្វាយចន្ទី កំពុងជួបបញ្ហាប្រឈមខ្លាំង ជាមួយអាកាសធាតុ ថែមទាំង បញ្ហាប្រឈមមួយចំនួនទៀត រួមមាន ថ្លៃជី និងថ្នាំកសិកម្ម កើនឡើង គួបផ្សំថ្លៃដើមផលិតខ្ពស់ ជាដើម។ បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា សព្វថ្ងៃ គ្រាប់ស្វាយចន្ទីបានធ្លាក់មកនៅចន្លោះ ២ ៥០០រៀល ដល់ ៣ ៥០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ជុំវិញបញ្ហានេះ ខាងសមាគមស្វាយចន្ទីកម្ពុជា បាននិងកំពុងស្វែងរកទីផ្សារបន្ថែមជូនកសិករ តែអ្វីដែលសមាគមមានការព្រួយបារម្ភកាន់តែខ្លាំងនោះ គឺកសិករមិនទាន់មានលទ្ធភាពរក្សាទុកដាក់ និងហាលគ្រាប់ស្វាយចន្ទី ទៅតាមលក្ខណៈបច្ចេកទេសនៅឡើយ ព្រោះសមាគមកំពុងខ្វះខាតឃ្លាំងស្ដុកគ្រាប់ស្វាយចន្ទី។
សូមបញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជា ទទួលបានចំណូលសរុបជាង១ពាន់២រយលានដុល្លារ ពីការនាំចេញកសិផលសំខាន់ៗ ទៅកាន់ទិសដៅ ៥៧ប្រទេស ក្នុងបរិមាណសរុប ជាង៣លានតោន ដែលមានការកើនឡើង១១% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញស្រូវ ក្នុងបរិមាណជាង១លានតោន គិតជាទឹកប្រាក់ប្រមាណ ២៤៨លានដុល្លារ។ រីឯ ការនាំចេញអង្ករ មានប្រមាណ១៧ម៉ឺនតោន គិតជាទឹកប្រាក់ប្រមាណ ១៤៥លានដុល្លារ។ ចំណែកឯ ការនាំចេញកសិផលក្រៅពីស្រូវ និងអង្ករ មានជាង២លានតោន ដែលមានទឹកប្រាក់ប្រមាណ ៨៧៣លានដុល្លារ។ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ៕