នៅក្នុងជំនួបជាមួយនឹង លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ីបន្តផ្ដល់ការគាំទ្រនូវគម្រោងអភិវឌ្ឍន៍ក្នុងវិស័យកសិកម្មបន្ដបន្ថែមទៀត ជាពិសេសលើការដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងរបាំងបច្ចេកទេសសម្រាប់ការ នាំចេញ ការគាំទ្រផ្នែកឥណទានដល់វិស័យឯកជនក្នុងការបោះទុនវិនិយោគបន្ថែមលើការវេចខ្ចប់ កែច្នៃនិងឃ្លាំងស្តុក និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់មន្រ្តីលើការស្រាវជ្រាវ និងអភិវឌ្ឍ ផ្នែកការពារដំណាំ និងគុណភាពផលិតផលកសិកម្មជាដើម។
លោកស្រី Sunniya នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ផងថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា នៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ទៅដល់សេដ្ឋកិច្ចជាតិ។ ជាក់ស្ដែងបើទោះជាស្ថិតនៅក្នុងបរិបទនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយក៏វិស័យនេះនៅតែមានភាពធន់ និងរក្សាបានកំណើន។ ផលិតកម្មកសិកម្មក៏ដូចជាការនាំចេញផលិតផលកសិកម្មនៅតែរក្សាបាននូវកំណើន ក៏បានចូលរួមសម្រាលនូវផលប៉ះពាល់ ដែលបណ្ដាលមកពីជំងឺកូវីដ១៩ផងដែរ។
លោកស្រីបានបន្ថែមថា វិស័យកសិកម្មកម្ពុជាមានសក្ដានុពលដែលជាដៃគូអភិវឌ្ឍន៍អាចនិងបន្តការគាំទ្របន្ថែម ជាពិសេសការពង្រឹងខ្សែចង្វាក់តម្លៃកសិកម្ម ការកែច្នៃផលិតកម្ម ដែលជួយបង្កើនចំណូលដល់កសិករ និងកំណើនសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា រយៈពេល ៩ខែ ក្នុងឆ្នាំ២០២១ ការនាំចេញផលិតផលកសិកម្មកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានកើនឡើងជាង៨៨% បើប្រៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញកសិផល នៅរយៈពេល ៩ខែ ឆ្នាំ២០២១ មានបរិមាណជិត ៦លានតោន ខណៈឆ្នាំ២០២០ ការនាំចេញកសិផល មានត្រឹមតែ ៣លានតោនប៉ុណ្ណោះ៕
អត្ថបទ៖ ហួន ស្រីនីត