ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងនាពេលថ្មីៗនេះថា ការចូលរួមរបស់ផ្នែកឯកជន លើការវិនិយោគលើ វិស័យវារីវប្បកម្ម គឺពិតជាមានសារសំខាន់ណាស់ក្នុងការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលដើម្បីបង្កើនបរិមាណផ្គត់ផ្គង់ក្នុងស្រុក និងធានាបានទាំងបរិមាណ គុណភាព និងតម្លៃឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារដែលកំពុងមានកំណើនកាត់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឲ្យផ្នែកឯកជន ខិតខំបង្កើនការចិញ្ចឹមកន្ធាយឲ្យបានកាន់តែច្រើនផងដែរ ខណៈកន្ធាយ គឺជាសត្វងាយចិញ្ចឹម និងមានតម្លៃទីផ្សារខ្ពស់។ ឯកឧត្តមបន្ថែមថា ការពង្រីកផ្ទៃដីចិញ្ចឹមកន្ធាយនាពេលអនាគត វានឹងចូលរួមចំណែកបង្កើនផលិតផលកន្ធាយសម្រាប់ទីផ្សារក្នុងស្រុក និងទិសដៅនាំចេញនាពេលអនាគត។
ម្ចាស់សិដ្ឋានចិញ្ចឹមកន្ធាយវិហារសួគ៍ លោក ហេង ម៉ាទីណេ ស្ថិតស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានចាប់អាជីពចិញ្ចឹមកន្ធាយតាំងពីឆ្នាំ២០០៣ ហើយបច្ចុប្បន្នក្នុងកសិដ្ឋានលោកមានកន្ធាយ រហូត ៥ម៉ឺនក្បាល ដោយមិនរាប់បញ្ចូលជាមួយដៃគូចិញ្ចឹមនៅតាមបណ្តាខេត្តផងនោះ។
លោក ម៉ាទីណេបញ្ជាក់ថា បើទោះបីជាទីផ្សារសត្វកន្ធាយ កំពុងមានតម្រូវការទីផ្សារខ្ពស់ ប៉ុន្តែការចិញ្ចឹមនាពេលនេះបែរជាធ្លាក់ចុះទៅវិញ ដោយសារតែមានការនាំចូលយ៉ាងច្រើនពីប្រទេសជិតខាង ពិសេសប្រទេសវៀតណាម។ លោកបន្តថា តម្លៃកន្ធាយនាំចូលមានទាបជាកន្ធាយក្នុងស្រុក បានធ្វើឲ្យបរិមាណនៃការចិញ្ចឹមក្នុងស្រុក ធ្លាក់ចុះជាង ៥០ភាគរយនៅក្នុងរយៈពេលប្រហែល ២ឆ្នាំចុងក្រោយនេះ។
បើតាមលោក ម៉ាទីណេ ជាមធ្យមកន្ធាយដែលយកទៅលក់នៅលើទីផ្សារ គឺមានអាយុ ១ឆ្នាំ ដោយមានទម្ងន់ ១គីឡូក្រាម និងមានតម្លៃ ១០ដុល្លារ។ សម្រាប់គន្ធាយតូចៗ ដែលមានទម្ងន់ក្រោម ១គីឡូក្រាម អាចមានតម្លៃចន្លោះពី ៧-៨ដុល្លារតែប៉ុណ្ណោះ។
លោកម៉ាទីណេ បានប្រាប់ឲ្យដឹងទៀតថា ក្នុងនាមជាអ្នកចិញ្ចឹម លោកពិតជាចង់ឲ្យរដ្ឋាភិបាល ព្រមទាំងប្រជាកសិករទាំងអស់រួមគ្នាក្នុងការពង្រឹង និងពង្រីកផលិតក្នុងស្រុកឲ្យបានកាន់តែខ្លាំង ដើម្បីបង្កើតឱកាសការងារថ្មីៗ សម្រាប់ប្រជាកសិករ បង្កើនប្រាក់ចំណូល និងកាត់បន្ថយការយកប្រាក់ទៅចំណាយលើផលិតផលបរទេសផងដែរ។ លោកបន្តថា បើតាមការប៉ាន់ស្មាន នៅកម្ពុជាក្នុង១ថ្ងៃមានតម្រូវការកន្ធាយមិនក្រោម ៤តោននោះទេ ក្នុងនោះ ប្រហែល ៦០ភាគរយត្រូវបាននាំចូលមកពីប្រទេសវៀតណាម៕