ថ្លែងនៅក្នុងកម្មវីធីចុះពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយប្រជាកសិករស្ថិតនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី ២១ ខែកក្កដានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា វិស័យកសិកម្មបច្ចុប្បន្នមិនត្រឹមគ្រាន់តែជាសក្តានុពលប៉ុណ្ណោះទេ តែវាជាឱកាសព្រមគ្នាដែលនៅក្នុងវិបត្តិកូវីដ-១៩ នេះ។ សម្តេច បន្ថែមថា ពិភពលោកគេអាចកាត់បន្ថយការជិះយន្តហោះ,ការធ្វើដំណើរកំសាន្តផ្សេងៗ, ទិញសម្លៀកបំពាក់ ឬទិញរថយន្ត តែគេមិនអាចផ្អាកទិញស្បៀងអាហារបាននោះឡើយ។ ដូច្នេះប្រទេសដែលមានការផលិតស្បៀងអាហារ គឺជាប្រទេសដែលត្រូវប៉ាន់ជាងគេ ដែលជាក់ស្តែងកម្ពុជាពេលនេះគឺត្រូវប្រែក្លាយវិបត្តិនេះឲ្យទៅជាឱកាសវិញដោយត្រូវពង្រីកទីផ្សារនាំចេញនូវប្រភេទស្បៀងទាំងឡាយ មិនមែនគ្រាន់តែអង្ករនោះឡើយ។ ហើយទន្ទឹមនឹងនេះកម្ពុជាក៏ត្រូវតែបង្កើនសមត្ថភាពផលិតនូវអ្វីដែលប្រជាជនយើងត្រូវការ និងពិភពលោកត្រូវការ។
សម្តេច ហ៊ុន សែន បានអះអាងថា បានបន្ថែមទៀតថា កម្ពុជានៅតែបន្តការខិតខំជំរុញផលិតកម្មកសិកម្មឲ្យដើរស្របគ្នាទៅគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម។ ជាមួយគ្នានេះ វិស័យស្រូវអង្ករបានដើរស្របគ្នាផងដែរជាមួយដំណើរការនៃគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥ និង២០២៥ ដែលផ្តោតអាទិភាពទាក់ទាញឧស្សាហកម្មក្រៅប្រទេសមកធ្វើការកែច្នៃវត្ថុធាតុដើមដែលមានស្រាប់ ពិសេសគឺវត្ថុធាតុដើមក្នុងវិស័យកសិកម្ម។
លើសពីនេះទៅទៀត សម្តេច ហ៊ុន សែនបានគូសបញ្ជាក់ថា តាមការស្នើសុំទាំងឡាយដែលបានកត់ត្រាក្នុងកំណត់ហេតុនាពេលកន្លងមកជាមួយប្រទេសចិន កូរ៉េ ជប៉ុន អូស្រ្តាលី ជាដើមនោះ គឺមិនបានស្នើសុំអ្វីក្រៅអំពីតែសុំឲ្យប្រទេសទាំងនោះជួយមកអភិវឌ្ឍន៍លើវិស័យកសិកម្ម និងជួយសម្រាប់បញ្ហាសេដ្ឋកិច្ចតែប៉ុណ្ណោះ។
បើតាមនាយករដ្ឋមន្ត្រីកម្ពុជា គិតមកដល់ពេលនេះកម្ពុជាសល់អង្ករប្រមាណ ៤លានតោន ដែលមិនត្រឹមតែជាអ្នកផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ខ្លួនឯងប៉ុណ្ណោះទេ តែក៏ជាអ្នកផ្គត់ផ្គង់ស្បៀងទៅកាន់ប្រទេសក្រៅតំបន់ផងដែរ។ យ៉ាងណាមិញ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០ នេះទិន្នផលស្រូវដែលប្រមូលបានជាង៤ទៅ៥ខេត្ត រួមមានខេត្តស្វាយរៀង ព្រៃវេង កណ្តាល តាកែវ កំពត គឺត្រូវបាននាំចេញស្រូវរហូតជាង ១លានតោន៕